​កីឡា​តេ​ក្វាន់​ដូ WT(World Taekwondo) ជាបណ្ដោះអាសន្ន គ្មាន​ជម្រើស​ណា​​ល្អ​ជាងការ​ហ្វឹកហាត់​តាម​ប្រព័ន្ធ​អន​ឡាញ​ន៍​នោះទេ

ចែករំលែក៖

ភ្នំពេញ៖ ខណៈដែល​ពិភពលោក​ទាំងមូល​កំពុង​តែ​ខ្វាយខ្វល់​ ក្នុង​ស្ថានភាព​ទប់ស្កាត់​ការ​រីក​រាលដាល ​នៃ​ជំងឺ​កូ​វីដ-​១៩​នោះ ជាបណ្ដោះអាសន្ន សម្រាប់​កីឡា​តេ​ក្វាន់​ដូ WT(World Taekwondo) បាន​ជ្រើសរើស​យក​ការ​ហ្វឹកហាត់​តាម​ប្រព័ន្ធ​អន​ឡាញ​ន៍​ ។

លោក ឆ​យ យ៉ុង​សុក​(Choi Yong Sok)​ដែល​ជា​គ្រូ​ជម្រើស​ជាតិ​ធំ​របស់​កម្ពុជា បាន​បញ្ជាក់​ថា យើង​គ្មាន​ជម្រើស​ណា​ដែល​ល្អ​ជាង​នេះ​ទេ ។ ចង់​ ឬ​មិន​ចង់ ​យើង​ត្រូវតែ​បង្ខំចិត្ត​ជ្រើសរើស​វិធី​នេះ​ដើម្បី​ហ្វឹកហាត់ ​។ ព្រោះបច្ចុប្បនេះសូម្បីតែ​សាលា​មធ្យមសិក្សា ​ក៏​សិក្សា​តាម​ប្រព័ន្ធ​អន​ឡា​ញន៍​ដែរ ​។​

លោក ឆ​យ យ៉ុង​សុក​ បន្តថា ជំងឺ​កូ​វីដ-១៩ វា​រាតត្បាត​ពេញ​ពិភពលោក​ធ្វើ​ឲ្យ​សកម្មភាព​កីឡា​ទូទាំង​ពិភពលោក​ត្រូវ​ផ្អាក ឬ លើក​ពេលវេលា​ប្រកួត ​តែ​បើ​វា​រាតត្បាត​តែ​ផ្នែក​ខ្លះ ​នៃ​ពិភពលោក​វិញ​នោះ ​ប្រទេស​ដែល​មិន​រងគ្រោះ​គេ​នៅតែ​ធ្វើ​សកម្មភាព​កីឡា ​រីឯ​ប្រទេស​ដែល​រងគ្រោះ​នឹង​ត្រូវ​ផ្អាក​គ្រប់​សកម្មភាព​សង្គម​ទាំងអស់ ។

ការបង្ហាត់​ពី​ចម្ងាយ ការបញ្ជា​ពី​ចម្ងាយ ការ​កែលម្អ​កំហុស​ឆ្គង​ពី​ចម្ងាយ វា​ជា​រឿង​លំបាក​ណាស់។​ចំពោះ​កីឡា​ឈុត​ធំ​ដែលមាន​ខ្សែក្រវាត់​ខ្ពស់ៗ​វា​មិនសូវ​ជា​ចោទ​ជា​បញ្ហា​នោះទេ​ តែ​សម្រាប់​កីឡា​ថ្នាល​ដែលជា​កីឡាករ​កីឡា​ការិនី​ក្មេងៗ​ការប្រើ​ប្រព័ន្ធ​អន​ឡា​ញន៍​ ដើម្បី​ផ្ដល់​នូវ​អ្វីៗ​ដែល​ថ្មី​ដល់​ពួកគេ​ពិតជា​លំបាក។​

ចំពោះ​ការហ្វឹកហាត់​ទៀតសោត ទាំង​កីឡាករ កីឡាការិនី​ ត្រូវតែមាន​ភាព​ស្មោះត្រង់​ជាមួយ​គ្រូ​បង្វឹក ត្រូវតែមាន​ឆន្ទៈ​ជា​អត្ត​ព​លិ​កពិតៗ កុំ​ហាត់​អាង​តែ​គ្មាន​គ្រូ​នៅ​ក្បែរ បែរជា​ហាត់​បន្តិចៗ​ ហើយ​សម្រាក ឬ​ហាត់​មិន​អស់ពី​កម្លាំងកាយ​ចិត្ត​ នោះ​គុណ​ផល​(Performance)​របស់​ពួកគេ​ នឹង​ធ្លាក់​ចុះ ​ពិបាក​ស្ដារ​ឡើង​វិញ​ហើយ។

លោក​ឆ​យ យ៉ុង​សុក​ បាន​បន្តថា ឆ្នាំនេះ ​កម្មវិធី​នានា​នៅក្រៅ​ប្រទេស​មិនមាន​ឡើយ ​គឺ​មានតែ​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ ដែល​ត្រូវ​លើក​ពេល​ទៅ​ឆ្នាំក្រោយ​ទៅហើយនោះ។ ​គ្រូបង្វឹក​រូប​នេះ​បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ចំពោះ​កីឡាករ កីឡា​ការិនី ដែល​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ថា ពួកគេ​ពិត​ជា​ហ្វឹកហាត់​តាម​ការណែនាំ​របស់​គ្រូ​ ព្រមទាំង​ហ្វឹកហាត់​គ្រប់​ម៉ោង​ដែល​គ្រូ​បាន​ដាក់​ឲ្យ។

បច្ចុប្បន្ន កីឡាករ​ កីឡាការិនី​តេ​ក្វាន់​ដូ​ជម្រើសជាតិ ​សម្រាប់​ថ្នាល​ មាន​ជាង​១០​រូប និង ឈុត​ធំ​ជាង​១០​រូប​ដែរ។​ វា​មិនមែនជា​រឿង​សាមញ្ញ​នោះ​ទេ នៅពេលដែល​យើង​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡា​ញន៍ ដើម្បី​តាមដាន​ការ​ហ្វឹកហាត់​របស់​ពួកគេ​នោះ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print