ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយបង្កឡើងដោយសារតែ ផ្ទុះសេខ្សែភ្លើង បណ្ដាលឲ្យឆាបឆេះឃ្លាំងស្តុកអេតចាយ មួយកន្លែងដែលមានទំហំដី ១០ម៉ែត្រ គុណនឹង ២០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះទៅជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្រុមទី៣ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សឿង ពិសិដ្ឋ អាយុ ៣៤ឆ្នាំ (ទីតាំងជួលដីគេ) ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ប្រភពដដែលបន្តថា ភ្លាមៗនោះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកំលាំងចុះទៅជួយធ្វើអន្តរាគមន៍ ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ៧ គ្រឿង មានដូចជា ៖ ១. រថយន្តពន្លត់អគ្គីភ័យ របស់ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចំនួន ៣គ្រឿង , ២. រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ចំនួន ៣គ្រឿង , ៣. រថយន្តពន្លត់អគ្គីភ័យ របស់ ក្រុមហ៊ុនឯកជន ចំនួន ១គ្រឿង ។
ដោយឡែកលោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា អគ្គីភ័យនេះបានគ្រប់គ្រង ១០០% នៅវេលាម៉ោង ៣ និង៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែរ និង មិនបណ្តាលឲ្យមនុស្សរងរបួស ឬស្លាប់នោះទេ ៕ដោយ៖ ស តារា