ភ្នំពេញ៖ ការផ្ញើប្រាក់ចេញនៅទូទាំងសាកលលោកត្រូវបានរំពឹងទុកថានឹងធ្លាក់ចុះយ៉ាងខ្លាំងចំនួនប្រមាណជា២០ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដោយសារតែវិបត្តិ បណ្តាមកពីការរាលដាលជំងឺកូវីដ១៩ និងការបិទសកម្មភាពសេដ្ឋកិច្ចសឹងតែគ្រប់ផ្នែកទាំងអស់។មូលហេតុនាំឱ្យមានការធ្លាក់ចុះក្នុងសភាពយ៉ាងគំហុកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីកន្លងទៅនេះ គឺ មួយភាគធំមកពីការធ្លាក់ចុះនៃចំនួនប្រាក់បៀវត្សរ៍និងការងាររបស់ពលករចំណាកស្រុក ដែលសុទ្ធតែជាក្រុមមនុស្សងាយបាត់បង់ការងារនិងប្រាក់បៀវត្សរ៍មុនគេនៅក្នុងបណ្តាប្រទេសដែលពួកគេកំពុងធ្វើការកាលណាមានវិបត្តិសេដ្ឋ- កិច្ចកើតឡើង។
លំហូរការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យម(LMICs) ត្រូវ បានព្យាករណ៍ទុកថានឹងស្រុតចុះប្រហែល១៩,៧ភាគរយគឺសមមូលនឹង៤៤៥ប៊ី លាន ដុល្លារអាមេរិកដែលជាការបាត់បង់នូវប្រភពហិរញ្ញវត្ថុចិញ្ចឹមជីវិតដ៏សំខាន់មួយ សម្រាប់ គ្រួសារងាយរងគ្រោះ។
ការសិក្សានានាបានបង្ហាញថា ការផ្ញើប្រាក់ចេញរបស់ពលករចំណាកស្រុកបាន ជួយសម្រាលភាពក្រីក្រនៅតាមប្រទេសមានចំណូលទាបនិងមធ្យម,ធ្វើឱ្យអាហារូបត្ថម្ភមានភាពប្រសើរឡើង,រួមចំណែកបង្កើនការចំណាយទៅលើវិស័យអប់រំ និង ជួយកាត់បន្ថយពលកម្មកុមារនៅតាមគ្រួសារទីទ័លក្រ។ប៉ុន្តែកាលណាចំនួនប្រាក់ផ្ញើចេញធ្លាក់ចុះវានឹងជះផលមិនល្អទៅលើលទ្ធភាពចាយវាយរបស់គ្រួសារនានាទៅលើផ្នែកទាំងនេះដោយសារតែគេចាំបាច់ត្រូវបង្វែរធនធានហិរញ្ញវត្ថុកាន់តែច្រើនទៅដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារនិងសេចក្តីត្រូវការបន្ទាន់នៅក្នុងជីវភាពរស់នៅជាមុនសិន។
លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានធនាគារពិភពលោកមានប្រសាសន៍ថា៖ «ការផ្ញើប្រាក់មកពីក្រៅជាប្រភពចំណូលដ៏សំខាន់សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ឱនភាពសេដ្ឋកិច្ចដែលកំពុងកើតឡើងដោយសារជំងឺកូវីដ១៩នេះបង្កការប៉ះទង្គិចយ៉ាងដំណំលើលទ្ធភាពរបស់ពលករក្នុងការផ្ញើលុយទៅផ្ទះ អាស្រ័យហេតុនេះវាកាន់តែសំខាន់ថែមទៀតដែលយើងត្រូវខិតខំធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចនៃប្រទេសជឿនលឿនឆាប់ងើបឡើងវិញ»។
លោក ម៉ាល់ប៉ាស់ ពោលបន្ថែមទៀតថា៖ «ប្រាក់ផ្ញើពីក្រៅជួយដល់ក្រុមគ្រួសារក្នុងការចាយវាយលើស្បៀងអាហារ,លើការថែទាំសុខភាព,និងលើសេចក្តីត្រូវការចាំបាច់ជាមូលដ្ឋានផ្សេងៗ។ ក្នុងខណៈដែលក្រុមធនាគារពិភពលោកអនុវត្តវិធានការរហ័ស និងមានទ្រង់ទ្រាយទូលំទូលាយមួយដើម្បីជួយដល់ប្រទេសដែលជួបការលំបាកយើងកំពុងតែព្យាយាមរក្សាបណ្តាញផ្ទេរប្រាក់ចេញឱ្យនៅដំណើរការដដែលនិងជួយសហគមន៍ក្រីក្រឱ្យមានលទ្ធភាពទទួលបានរាល់តម្រូវការចាំបាច់បំផុតទាំងនេះ សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ»។
ក្នុងន័យនេះ ធនាគារពិភពលោកកំពុងតែជួយដល់ប្រទេសដែលជាសមាជិករបស់ខ្លួន នៅក្នុងការតាមដានទៅលើរំហូរប្រាក់ផ្ញើចេញតាមរយៈបណ្តាញនានា, ទៅលើថ្លៃចំណាយនិងភាពងាយស្រួលក្នុងការផ្ញើលុយទៅស្រុកនិងទៅលើបទប្បញ្ញត្តិសម្រាប់ការពារសុចរិតភាពហិរញ្ញវត្ថុដែលមានឥទ្ធិពលទៅលើរំហូររបស់ប្រាក់ផ្ទេរ។ ក្រុមធនាគារពិភពលោកកំពុងធ្វើសហការគ្នាជាមួយក្រុមប្រទេសG20និងជាមួយសហគមន៍អន្តរ ជាតិ ដើម្បីកាត់បន្ថយថ្លៃចំណាយលើការផ្ទេរប្រាក់ និងជួយបង្កើនបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ជាប្រយោជន៍ដល់ជនក្រីក្រ។
លំហូរការផ្ញើប្រាក់ចេញត្រូវបានរំពឹងទុកថានឹងស្រុតចុះនៅគ្រប់តំបន់ទាំងអស់ ដែលមានវត្តមានប្រតិបត្តិការរបស់ក្រុមធនាគារពិភពលោក ពិសេសនៅក្នុងតំបន់អឺរ៉ុបនិងអាស៊ីកណ្តាល (២៧,៥ភាគរយ),តំបន់សាប់សាហារ៉ាក្នុងទ្វីបអាហ្វ្រ៊ិក (២៣,១ភាគរយ), តំបន់អាស៊ីខាងត្បូង(២២,១ភាគរយ),តំបន់មជ្ឈិមបូព៌ានិងអាហ្វ្រ៊ិកខាងជើង(១៩,៦ភាគរយ), តំបន់អាមេរិកឡាទីននិងការ៉ាអ៊ីប (១៩,៣ភាគរយ), និងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក (១៣ភាគរយ)។
ការធ្លាក់ចុះនូវលំហូរការផ្ញើប្រាក់ចេញនៅក្នុងឆ្នាំ២០២០យ៉ាងគំហុកនេះកើតឡើងបន្ទាប់ពីប្រទេសមានចំណូលទាបនិងមធ្យមទទួលបានប្រាក់ផ្ទេរពីក្រៅមានចំនួនរហូតដល់ទៅ៥៥៤ប៊ីលានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩ដែលជាកំណត់ត្រាខ្ពស់មួយ។ ទន្ទឹមនឹងការធ្លាក់ចុះកាន់តែខ្លាំងរបស់វាលំហូរនៃការផ្ញើប្រាក់ចេញត្រូវបានរំពឹងទុកថានឹងកាន់តែមានសារៈសំខាន់ខ្លាំងថែមទៀត ក្នុងន័យជាប្រភពហិរញ្ញប្បទានមកពីក្រៅសម្រាប់បណ្តាប្រទេសមានចំណូលទាបនិងមធ្យមពិសេសក្នុងពេលដែលការវិនិយោគផ្ទាល់ពីបរទេសនឹងមានការធ្លាក់ចុះក្នុងបរិមាណកាន់តែធំ (ជាង ៣៥ភាគរយ)។
ក្នុងឆ្នាំ២០១៩ លំហូរនៃការផ្ញើប្រាក់ពីប្រទេសនានាទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យម មានបរិមាណធំជាងបរិមាណនៃការវិនិយោគផ្ទាល់ពីបរទេស ដែលជាចំណុចគោលយ៉ាងសំខាន់មួយសម្រាប់ប្រើក្នុងការតាមដានរំហូរធនធានទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
សម្រាប់ឆ្នាំ២០២១ធនាគាពិភពលោកធ្វើការប៉ាន់ប្រមាណថា៖ការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យមនឹងងើបមុខឡើងវិញដោយវានឹងកើនប្រហែល៥,៦ភាគរយគឺមានចំនួនប្រហែល ៤៧០ប៊ីលានដុល្លារអាមេរិក។ ចក្ខុវិស័យសម្រាប់ការផ្ញើប្រាក់ចេញនឹងនៅតែមានភាពមិនប្រាកដប្រជាដរាបណាដែលជំងឺកូវីដ១៩នៅតែបន្តជះការប៉ះទង្គិចទៅលើចក្ខុវិស័យសម្រាប់កំណើនសេដ្ឋកិច្ចទូទាំងសាកលលោក និងទៅលើវិធានការទាំងឡាយសម្រាប់ទប់ស្កាត់ការរាលដាលរបស់ជំងឺនេះ។ កន្លងមក ការផ្ញើប្រាក់ចេញនៅតាមប្រទេសមានលំនាំផ្ទុយពីវដ្តធម្មតា គឺពេលណាមានវិបត្តិនិងការលំបាកកាន់តែខ្លាំងនៅឯផ្ទះពលករផ្ញើលុយទៅផ្ទះកាន់តែច្រើនដែរ។ផ្ទុយទៅវិញលើកនេះការរាលដាលរបស់ជំងឺនេះបានបង្កការប៉ះទង្គិចទៅលើប្រទេសទាំងអស់នៅលើពិភពលោកដោយបង្កើតឱ្យមានភាពមិនប្រាកដប្រជាកាន់តែច្រើនឡើងៗ។
លោកមីខាល់ រូតកូវស្គី នាយកផ្នែកគាំពារសង្គមនិងការអនុវត្តការងារសាកលនៅធនាគារពិភពលោក មានប្រសាសន៍ថា៖«ពេលនេះប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាពពិតជាមានសារៈសំខាន់ណាស់ដើម្បីការពារជនទីទ័លក្រនិងជនងាយរងគ្រោះក្នុងពេលមានវិបត្តិនេះទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានសេដ្ឋកិច្ចជឿនលឿន។នៅតាមប្រទេសជាម្ចាស់ស្រុកអន្តរាគមន៍ផ្នែកគាំពារសង្គម គួរតែជួយគាំទ្រដល់ពលករចំណាកស្រុកផងដែរ»។
នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២០នេះ នៅទូទាំងសាកលលោក ការផ្ញើប្រាក់២០០ដុល្លារ ចេញទៅកាន់ប្រទេសមួយទៀតត្រូវចំណាយថ្លៃជាមធ្យម៦,៨ភាគរយ នៃចំនួនទឹកប្រាក់នោះថែមទៀតដែលទាបជាងតែបន្តិចទេប្រៀបទៅនឹងឆ្នាំកន្លងទៅ។តំបន់អនុសាហារ៉ាអាហ្វ្រ៊ិកនៅតែមានថ្លៃចំណាយនេះខ្ពស់ជាងគេគឺជិត៩ភាគរយក្នុងពេលដែលពលករចំណាកស្រុកក្នុងរង្វង់តំបន់សាប់សាហារ៉ាអាហ្វ្រ៊ិក មានចំនួនដល់ទៅជាងពីរភាគបី នៃការធ្វើចំណាកស្រុកអន្តរជាតិពីតំបន់ទាំងមូល។
លោក ឌីលីប រ៉ាថា អ្នកសរសេរអត្ថបទសង្ខេបនិងជាប្រធានផ្នែក KNOMAD និយាយថា៖ «ជំនួយចាំបាច់សម្រាប់ទ្រទ្រង់ជីវភាពរបស់ពលករចំណាកស្រុកនិងក្រុមគ្រួសាររបស់គេគឺការដាក់ចេញវិធានការឱ្យបានឆាប់ៗសម្រាប់សម្រួលដល់ការផ្ញើប្រាក់ចេញនិងការទទួលប្រាក់។ វិធានការទាំងនោះរួមមានការចាត់ទុកសេវាផ្ញើប្រាក់ចេញថាជាសេវាមានសារៈសំខាន់ស្នូលនិងធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់ពលករចំណាកស្រុកប្រើប្រាស់បាន។»
និន្នាការនៃការផ្ញើប្រាក់ចេញតាមតំបន់
នៅក្នុងឆ្នាំ២០១៩លំហូរនៃការផ្ញើប្រាក់ចេញទៅកាន់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកកើនបានប្រហែល ២,៦ភាគរយ ឬ ចំនួន១៤៧ប៊ីលានដុល្លារអាមេរិកប៉ុន្តែវាទាបជាងប្រហែល៤,៣ភាគរយប្រៀបធៀបទៅនឹងអត្រាកំណើននៅក្នុងឆ្នាំ២០១៨។ក្នុងឆ្នាំ២០២០នេះលំហូរការផ្ញើប្រាក់ចេញត្រូវបានរំពឹងទុកថានឹងធ្លាក់ចុះ១៣ភាគរយ។ ការថយចុះនេះត្រូវបានរំពឹងទុកថាបណ្តាលមកពីការថមថយរំហូរប្រាក់ផ្ញើចេញពីសហរដ្ឋអាមេរិក ដែលជាប្រភពធំជាងគេនៃការផ្ញើប្រាក់មកចូលតំបន់នេះ។ ប្រទេសមួយចំនួនដែលពឹងផ្អែកលើប្រាក់ផ្ញើមកពីក្រៅប្រទេសតួយ៉ាងប្រទេសបណ្តាកោះប៉ាស៊ីហ្វ៊ិកនឹងមានគ្រួសារច្រើនជួបហានិភ័យដោយសារការធ្លាក់ចុះនៃចំណូលប្រាក់ផ្ញើមកពីក្រៅនៅក្នុងកំឡុងពេលនេះ។ ក្នុងឆ្នាំ២០២១ គេរំពឹងទុកថាតំបន់នេះនឹងទទួលបានកំណើនងើបមកវិញដល់ទៅ៧,៥ភាគរយ។
ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ៖ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០ ថ្លៃចំណាយលើសេវាផ្ញើប្រាក់២០០ដុល្លារអាមេរិកទៅកាន់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកធ្លាក់មកនៅអត្រាត្រឹម៧,១៣ភាគរយប្រៀបធៀបទៅនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ២០១៩។ទូទាំងតំបន់មានប្រទេសច្រករបៀងប្រាំ ដែលមានថ្លៃចំណាយទាបបំផុតជាមធ្យមត្រឹមតែ២,៦ភាគរយទេប៉ុន្តែក៏មានច្រករបៀងប្រាំផ្សេងទៀតដែលមានថ្លៃចំណាយលើសេវានេះខ្ពស់ជាមធ្យមរហូតដល់ទៅ ១៥,៤ភាគរយ គិតត្រឹមឆមាសទី៤ ឆ្នាំ២០១៩។
ក្នុងឆ្នាំ២០១៩ ការផ្ញើប្រាក់ចេញទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប និងអាស៊ីកណ្តាល នៅមានសភាពស្វាហាប់នៅឡើយ គឺកើនបានជិត៦ភាគរយដល់ទៅ ៦៥ប៊ីលានដុល្លារអាមេរិក។ប្រទេសអ៊ុយក្រែននៅតែជាអ្នកទទួលបានចំណែកធំជាងបង្អស់នៃប្រាក់ផ្ញើនៅក្នុងតំបន់គឺរហូតជិតដល់ទៅ១៦ប៊ីលានដុល្លារដែលជាកំណត់ត្រាមួយខ្ពស់។ទន្ទឹមគ្នានេះបណ្តាប្រទេសដូចជាសាធារណរដ្ឋគៀរហ្គីស,តាហ្ស៊ីគីស្ថាន,និងអ៊ុសប៊ែកគីស្ថាន ដែលសេដ្ឋកិច្ចមិនសូវពឹងផ្អែកលើការផ្ញើប្រាក់មកពីក្រៅបានទទួលផលពីការស្ទុះងើបនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសរុស្ស៊ី។នៅក្នុងឆ្នាំ២០២០ទំហំនៃការផ្ញើប្រាក់មកពីក្រៅត្រូវបានរំពឹងទុកថានឹងធ្លាក់ជិត២៨ភាគរយដោយសារកត្តាគួបផ្សំគ្នានៃផលប៉ះទង្គិចពីសំណាក់ការរាលដាលជំងឺកូរ៉ូណា និងការធ្លាក់ចុះថ្លៃប្រេង។
ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ៖ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០ ថ្លៃចំណាយលើសេវាផ្ញើប្រាក់២០០ដុល្លារអាមេរិកទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុបនិងអាស៊ីកណ្តាល ស្រុតចុះបន្តិចមកនៅត្រឹមអត្រា ៦,៤៨ភាគរយ ពី ៦,៦៧ភាគរយនៅក្នុងឆ្នាំកន្លងទៅ។ថ្លៃសេវានេះនៅតាមច្រករបៀងទូទាំងតំបន់មានអត្រាខុសគ្នាច្រើនជាពិសេសការផ្ញើប្រាក់ចេញពីប្រទេសតួរគីទៅកាន់ប្រទេសប៊ុលហ្គារីត្រូវបង់ថ្លៃសេវាខ្ពស់ ក្នុងពេលដែលថ្លៃសេវានេះមានទាបទៅវិញនៅក្នុងការផ្ញើចេញពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាហ៊្សែបៃហ្សង់។
ក្នុងឆ្នាំ២០១៩លំហូរនៃការផ្ញើប្រាក់ចេញទៅកាន់តំបន់អាមេរិកឡាទីននិងការ៉ាអ៊ីប កើនបាន ៧,៣ភាគរយ ដល់ទៅ ៩៥ប៊ីលានដុល្លារអាមេរិក។ កំណើននៃការរំហូរចូលប្រាក់ផ្ញើនេះមានកម្រិតខុសៗគ្នានៅតាមប្រទេសក្នុងតំបន់។ ប្រទេសប្រេស៊ីល, ហ្កាតេម៉ាឡា និង ហុងឌូរ៉ាស់ទទួលបានកំណើនប្រាក់ផ្ញើពីក្រៅដល់ទៅជាង១២ភាគរយក្នុងឆ្នាំ២០១៩។ប្រទេសកូឡុំប៊ី, អេក្វាឌ័រ, នីការ៉ាហ្កា និងប៉ាណាម៉ាទទួលបានកំណើនជាង ៦ភាគរយ តែផ្ទុយទៅវិញ នៅប្រទេសបូលីវី និងប្រទេសប៉ារ៉ាហ្កាយ កំណើននៃការផ្ញើប្រាក់ពីក្រៅធ្លាក់ចុះជិត ៣,៨ភាគរយ និង២,២ភាគរយរៀងៗខ្លួន។ក្នុងឆ្នាំ២០២០លំហូរប្រាក់ផ្ញើចេញទៅកាន់តំបន់ត្រូវបានប៉ាន់ស្មានថានឹងធ្លាក់ចុះជិត១៩,៣ភាគរយ។
ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ៖ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០ ការផ្ញើប្រាក់ចេញ២០០ដុល្លារត្រូវបង់ថ្លៃចំណាយលើសេវាជាមធ្យម៥,៩៧ភាគរយ។ក្នុងកំឡុងមានវិបត្តិកូវីដ១៩នេះថ្លៃសេវាលើការផ្ញើប្រាក់ចេញទៅកាន់តំបន់អាចនឹងឡើងថែមទៀត ដោយសារតែបញ្ហាប្រឈមជាច្រើនដែលប្រតិបត្តិកររកស៊ីក្នុងផ្នែកនេះកំពុងជួបប្រទះនៅក្នុងប្រតិបត្តិការរបស់ខ្លួន(ដូចជាការបិទការិយាល័យនិងសាខាភ្នាក់ងារ,ការលំបាកខ្សត់សាច់ប្រាក់, អត្រាប្តូរប្រាក់, បញ្ហាសន្តិសុខជាដើម) និងបញ្ហាអនុលោមភាពតាមបទប្បញ្ញត្តិរបស់ស្ថាប័ន AML/CFT។
ក្នុងឆ្នាំ២០២០ ការផ្ញើប្រាក់ទៅកាន់តំបន់មជ្ឈិមបូព៌ានិងអាហ្វ្រ៊ិកខាងជើងត្រូវបានព្យាករណ៍ទុកថានឹងធ្លាក់ចុះជិត១៩,៦ភាគរយគឺ៤៧ប៊ីលានដុល្លារអាមេរិកក្រោយពីកើនបាន២,៦ភាគរយ ក្នុងឆ្នាំ២០១៩កន្លងមក។ការធ្លាក់ចុះនេះគឺបណ្តាលមកពីស្ថានភាពសេដ្ឋកិច្ចស្រុតចុះនៅទូទាំងពិភពលោកនិងផលប៉ះទង្គិចពីការធ្លាក់ថ្លៃប្រេងក្នុងចំណោមប្រទេសសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រអារ៉ាប់(GCC)។ការផ្ញើប្រាក់ចេញពីតំបន់ចាយរូបិយវត្ថុអឺរ៉ូ ក៏អាចនឹងរងផលប៉ះពាល់ថែមទៀតពីស្ថានភាពថមថយសេដ្ឋកិច្ចដែលតំបន់នេះធ្លាប់មានរួចមកហើយមុនមានវិបត្តិកូវីដ១៩និងការធ្លាក់ចុះតម្លៃរូបិយវត្ថុអឺរ៉ូធៀបទៅនឹងលុយដុល្លារអាមេរិក។នៅក្នុងឆ្នាំ២០២១ការផ្ញើប្រាក់ទៅកាន់តំបន់នេះត្រូវបានរំពឹងទុកថានឹងងើបឡើងវិញ តែក្នុងសម្ទុះយឺតប្រហែល ១,៦ភាគរយ ដោយសារតែកំណើនសេដ្ឋកិច្ចក្នុងតំបន់ប្រាក់អឺរ៉ូនៅមានសភាពមធ្យម និងដោយសាររំហូរសាច់ប្រាក់ខ្សោយចេញពីចំណោមប្រទេសសមាជិក GCC។
ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ៖ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ២០០ដុល្លារ ទៅកាន់តំបន់នេះគឺមានអត្រា៧ភាគរយដែលជារួមឥតមានការប្រែប្រួលខុសពីឆ្នាំមុនទេ។ថ្លៃចំណាយលើសេវានេះមានភាពខុសៗគ្នាខ្លាំងនៅតាមច្រករបៀងប្រទេសទាំងនេះ។ថ្លៃចំណាយលើសេវាក្នុងការផ្ញើប្រាក់ចេញពីប្រទេសមានសអេហ្ស៊ីប និងហ្ស៊កដង់ ត្រូវចំណាយសេវាក្នុងអត្រាពី៣ទៅ៥ភាគរយ នៅតាមច្រករបៀងខ្លះ។ ច្រករបៀងរវាងប្រទេសអារ៉ាប៊ី សាអូឌីតនិងប្រទេសស៊ីរី ឃើញថាមានការធ្លាក់ចុះយ៉ាងខ្លាំងនូវថ្លៃសេវាផ្ញើប្រាក់ ដោយសារតែសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីហាក់ដូចជាមានសភាពស្ងប់ជាងមុនបន្តិច។
ក្នុងឆ្នាំ២០២០ ការផ្ញើប្រាក់ទៅកាន់តំបន់អាស៊ីខាងត្បូង ត្រូវបានព្យាករណ៍ថានឹងស្រុតចុះជិត២២ភាគរយដល់ទៅ១០៩ប៊ីលានដុល្លារអាមេរិកក្រោយពីតំបន់នេះទទួលបានកំណើននៃការផ្ញើប្រាក់៦,១ភាគរយក្នុងឆ្នាំ២០១៩។ការធ្លាក់ចុះសន្ទុះនៃការផ្ញើប្រាក់ទៅកាន់តំបន់អាស៊ីខាងត្បូងក្នុងឆ្នាំ២០២០នេះគឺបណ្តាលមកពីកត្តានៃការធ្លាក់ចុះសេដ្ឋកិច្ដោយសារតែការផ្ទុះជំងឺកូវីដ១៩និងការធ្លាក់ចុះថ្លៃប្រេង។ការធ្លាក់ចុះសេដ្ឋកិច្ចនេះទំនងជានឹងជះឥទ្ធិពលអវិជ្ជមានផ្ទាល់ទៅលើលទ្ធភាពការហូរសាច់ប្រាក់ផ្ញើចេញពីសហរដ្ឋអាមេរិក,ពីចក្រភពអង់គ្លេសនិងពីសហភាពអឺរ៉ុបទៅកាន់តំបន់អាស៊ីខាងត្បូង។ ការធ្លាក់ចុះថ្លៃប្រេងនឹងប៉ះពាល់ទៅលើការហូរចេញប្រាក់ផ្ញើពីប្រទេសសមាជិក GCC និងពីប្រទេសម៉ាឡេស៊ី។
ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ៖តំបន់អាស៊ីខាងត្បូងមានថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញទាបជាងគេធៀបទៅនឹងតំបន់ផ្សេងទៀតគឺក្នុងអត្រាត្រឹម៤,៩៥ភាគរយ ប៉ុណ្ណោះ។ ប្រទេសមួយចំនួនក្នុងតំបន់នេះមានអត្រាទាបជាង៣ភាគរយដែលជាគោលដៅមួយរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។អត្រាទាបនេះប្រហែលបណ្តាលមកពីសាច់ប្រាក់ផ្ញើចេញមានទំហំធំ,ទីផ្សារមានភាពប្រកួតប្រជែងខ្លាំងនិងការអភិវឌ្ឍរបស់បច្ចេកវិទ្យាដែរ។ប៉ុន្តែប្រទេសច្រករបៀងមួយចំនួនក្នុងតំបន់នេះមានថ្លៃសេវាក្នុងអត្រាខ្ពស់រហូតដល់ទៅជាង១០ភាគរយដោយសារតែសាច់ប្រាក់ផ្ញើចេញមានបរិមាណតិច, ទីផ្សារខ្វះការប្រកួតប្រជែងនិងការបារម្ភមួយចំនួនពាក់ព័ន្ធបទប្បញ្ញត្តិសម្រាប់ការផ្ញើប្រាក់ចេញ។បទប្បញ្ញត្តិធនាគារពាក់ព័ន្ធទៅនឹងAML/CFTបានបង្កើនសណ្ឋានហានិភ័យរបស់អ្នកផ្តល់សេវាផ្ញើប្រាក់ហើយតាមរយៈនេះវាក៏ធ្វើឱ្យថ្លៃចំណាយលើសេវាកើនទៅតាមនោះដែរសម្រាប់ប្រទេសដែលចាំទទួលប្រាក់ផ្ញើមួយចំនួនដូចជាប្រទេសអាហ្វហ្កានីស្ថាន និងសម្រាប់ប្រទេសដែលផ្ញើប្រាក់ចេញ ដូចជាប្រទេសប៉ាគីស្ថាន ជាដើម។
ក្នុងឆ្នាំ២០១៩ ការផ្ញើប្រាក់ទៅកាន់តំបន់សាប់សាហារ៉ាអាហ្វ្រ៊ិក មានការធ្លាក់ចុះ ០,៥ភាគរយ ដោយមកនៅមានចំនួនត្រឹម ៤៨ប៊ីលានដុល្លារអាមេរិក។ ដោយសារតែវិបត្តិដែលបង្កឡើដោយជំងឺកូវីដ១៩លំហូររបស់ប្រាក់ផ្ញើចេញទៅកាន់តំបន់នេះត្រូវបានរំពឹងទុកថានឹងធ្លាក់ចុះជិត ២៣,១ភាគរយ ជាសាច់ប្រាក់មកនៅត្រឹម ៣៧ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ តែវានឹងរំពឹងថានឹងងើបកើនមកវិញបាន ៤ភាគរយ ក្នុងឆ្នាំ២០២១។ការធ្លាក់ចុះនេះអាចបណ្តាលមកពីកត្តាគួបផ្សំគ្នាច្រើនពិសេសការផ្ទុះជំងឺកូរ៉ូណានេះនៅតាមប្រទេសគោលដៅមួយចំនួនដែលពលករចំណាកស្រុកអាហ្វ្រ៊ិកកំពុងស្នាក់អាស្រ័យនៅ រួមមានតំបន់សហភាពអឺរ៉ុប, សហរដ្ឋអាមេរិក,មជ្ឈិមបូព៌ា និងចិន។ នៅក្នុងតំបន់និងប្រទេសទាំងនេះដែលជាសេដ្ឋកិច្ចគ្រាក់ៗមានពលករមកពីតំបន់សាប់សាហារ៉ាអាហ្វ្រ៊ិកនិងតំបន់នានាក្នុងចំណែកមួយធំ និងជាប្រភពជិតស្មើមួយភាគបួននៃទំហំប្រាក់ផ្ញើសរុបទៅកាន់សាប់សាហារ៉ាអាហ្វ្រ៊ិក។ ក្រៅពីផលប៉ះទង្គិចដោយសារការរាលដាលជំងឺនេះ ប្រទេសជាច្រើននៅក្នុងតំបន់អាហ្វ្រ៊ិកខាងកើត កំពុងត្រូវរងការវាយប្រហាររបស់ហ្វូងសត្វកណ្តូបទៅលើដំណាំដាំដុះ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាជននៅក្នុងតំបន់នេះ។
ថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញ៖ ក្នុងត្រីមាសទីមួយ ឆ្នាំ២០២០ ថ្លៃចំណាយលើសេវាផ្ញើប្រាក់ ២០០ដុល្លារទៅកាន់តំបន់នេះ មានអត្រាជាមធ្យម៨,៩ភាគរយ ដែលជាការស្រុតចុះបន្តិចប្រៀបធៀបទៅនឹងអត្រាថ្លៃមធ្យម ៩,២៥ភាគរយក្នុងឆ្នាំកន្លងទៅ។ តំបន់អាហ្វ្រ៊ិកខាងត្បូងត្រូវបានគេសង្កេតឃើញថាជាច្រករបៀងដែលមានអត្រាថ្លៃសេវាខ្ពស់ជាងគេ គឺខ្ពស់រហូតដល់ទៅ ២០ភាគរយ ក៏មានដែរ។ តែផ្ទុយទៅវិញ នៅច្រករបៀងដែលមិនសូវថ្លៃនោះអត្រាថ្លៃចំណាយលើសេវាផ្ញើប្រាក់ចេញមានជាមធ្យមមិនដល់៣,៦ភាគរយផង៕
ដោយ៖ ហេង សូរិយា