ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program) វគ្គផ្តាច់ព្រ័ត្រលើកទី៥ សម្រាប់សិស្សLevel3 Level6 Level9 និង Level12 ពីថ្ងៃទី១៣ ដល់ ១៥ មករា ឆ្នាំ ២០១៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានបេក្ខជន ចំនួន៥៣នាក់ មកពី១៥សាខា និងមានអ្នកចូលរួម ចំនួន ២.០១៥នាក់ ក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ។
តាមរបាយការណ៍លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប បានអោយដឹងថា៖ សាលា ប៊ែលធី អន្តរជាតិ បានបង្កើតកម្មវិធីសិក្សាបន្ថែម ៥សំខាន់ៗ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស រួមមានៈ ១-កម្មវិធីបង្កើនចំណេះដឹង ទូទៅ ២-កម្មវិធីទស្សនកិច្ចសិក្សា ៣-កម្មវិធិសិក្សាតាមទូរទស្សន៍ ៤-កម្មវិធីប្រឡងសំណេរ និង ៥-កម្មវិធីពង្រឹងស្មារតី ហើយ កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ជាផ្នែកមួយនៅក្នុងកម្មវិធីពង្រឹងស្មារតី ដែលសាលា បានរៀបចំធ្វើក្នុង១ឆ្នាំ ២ដង នៅរៀងរាល់ខែ មករា និងកក្កដា ។ ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសនេះ ធ្វើឡើងជា២ដំណាក់កាល គឺៈ
១-កម្រិតសាខា(Campus Level): ត្រូវរៀបចំការប្រកួតប្រជែង ចាប់ពី Level3 ដល់Level12 រួចបញ្ជូនបេក្ខជន ជ័យលាភីលេខ១ មកចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ។
២- កម្រិតប៊ែលធី (BELTEI Level): គឺជាវគ្គផ្តាច់ព្រ័ត្រត្រូវប្រារព្ធធ្វើនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ តាមLevel នីមួយៗ។ ហើយរង្វាន់ដែលត្រូវទទួលបាន គឺៈ
លេខ១: ទទួលបាន មេដាយមាស១ លិខិតសរសើរ និងទឹកប្រាក់ 300$ ព្រមទាំងអាហារូបករណ៍សិក្សាថ្នាក់ ភាសាអង់គ្លេសទូទៅ១០០% ចំនួន៣វគ្គ ដោយឡែកLevel12 ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ៤ឆ្នាំ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
លេខ២: ទទួលបានមេដាយប្រាក់១ លិខិតសរសើរ និងទឹកប្រាក់ 200$ ព្រមទាំងអាហារូបករណ៍សិក្សាថ្នាក់ ភាសាអង់គ្លេសទូទៅ១០០% ចំនួន២វគ្គ ដោយឡែកLevel12 ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ២ឆ្នាំ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
លេខ៣: ទទួលបានមេដាយសំរិទ្ធ១ លិខិតសរសើរ និងទឹកប្រាក់ 100$ ព្រមទាំងអាហារូបករណ៍សិក្សាថ្នាក់ ភាសាអង់គ្លេសទូទៅ១០០% ចំនួន១វគ្គ ដោយឡែកLevel12 ត្រូវបាន១០០%សិក្សាថ្នាក់មហាវិទ្យាល័យ រយៈពេល ១ឆ្នាំ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ហើយបេក្ខជនជ័យលាភីលេខ១ ដល់លេខ៥ Level 3, 6, 9 &12 ត្រូវបានទៅទស្សនានៅប្រាសាទអង្គរវត្ត៣ថ្ងៃ ២យប់ ។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានកោតសរសើរដល់បេក្ខជនទាំងអស់ ជាពិសេសក្មួយៗជ័យលាភី ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងតាំងពីសាខារបស់ខ្លួន រហូតដល់វគ្គផ្តាច់ព្រ័ត្រនាពេលនេះ។ ឯកឧត្តម បានបន្ថែមទៀតថា កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាព ផ្នែកភាសាអង់គ្លេសទូទៅ ឲ្យកាន់តែប្រសើរឡើងថែមទៀត និងដើម្បីឲ្យ ក្មួយៗទាំងអស់ ទទួលបានចំណេះដឹងថ្មីដូចជាៈ ១-យល់ដឹងពីរបៀបនិយាយទៅកាន់ដៃគូសន្ទនា ២-បង្កើនទំលាប់និយាយ ៣-បង្កើនទំនុកចិត្ត ក្នុងការនិយាយនៅទីសាធារណៈ មិនខ្មាស់អៀន ៤-ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ៥-បង្កើនចំណេះដឹងទូទៅ និងការស្រាវជ្រាវ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬ IELTS)ឲ្យបានពិន្ទុយ៉ាងតិច6.0ឡើងទៅ សម្រាប់ ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍ ប្រទេសជាតិទៅថ្ងៃអនាគត។
ជាទីបញ្ចប់លោក និងលោកស្រី ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី Level 3 Level 6 Level 9 និងLevel 12 ចំនួន១២នាក់ ផងដែរ ៕
ដោយ៖ សរស្មី