លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បញ្ចេញកណ្តាប់ដៃដែក ឃាត់ខ្លួនលោកផ្កាយពីរ ប្រើគ្រឿងចក្រឈូសឆាយ រំលោបដីព្រៃរដ្ឋរាប់សិបហិកតា

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ដោយមានបទបញ្ជាផ្ទាល់ពីលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាឲ្យកម្លាំងចម្រុះ ចុះធ្វើការបង្ក្រាបនៅលើទីតាំងគ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន នៅត្រង់ចំណុចភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។

យោងតាមកំណុតហេតុសមត្ថកិច្ចបានឲ្យដឹងថា ៖ ក្នុងការចុះបង្ក្រាបទីតាំងយកគ្រឿងចក្រឈូសឆាយដីព្រៃបំរុងទុករបស់រដ្ឋជាអចិន្ត្រៃយ៍នៅត្រង់ចំណុចខាងលើ បានបង្ក្រាបនិងចាប់យកបានវត្ថុតាងរួមមាន ទី១ អេស្កាវ៉ាទ័រចំនួន១គ្រឿងម៉ាក់ ខេត (CAT .04) , ទី២ ត្រាក់ទ័រចំនួន១គ្រឿង (Belarus80)របស់សូវៀត , ទី៣ អាប៊ុលឡាលឺរធុនតូចចំនួន១គ្រឿង ។

បន្ទាប់មកក្រុមការងារបានសាកសួរព័ត៌មាន ពីម្ចាស់ទីតាំងគ្រឿងចក្រខាងលើ ឈ្មោះ ចាន់ សំអាត ដែលមានមុខងារជាយោធាឋានន្តរស័ក្តិផ្កាយពីរ បានឲ្យដឹងថា ដីដែលធ្វើសកម្មភាពនោះមានក្បាលដីទទឹង៣០០ម៉ែត្រ បណ្តោយ១៦០០ម៉ែត្រ លិខិតកាន់កាប់ដីរបស់គាត់ទទួលស្គាល់ដោយអាជ្ញាធរឃុំអន្លង់ជ្រៃ មានផ្ទៃដីសរុបទំហំ៤៨ហិកតា។
កំណត់ហេតុរបស់សមត្ថកិច្ចខាងលើបានបញ្ជាក់ថា បន្ទាប់ពីបានស្តាប់ការបំភ្លឺរបស់ម្ចាស់គ្រឿងចក្រទាំង៣រួចមក ក្រុមការងារបានសម្រេចចុះធ្វើការត្រួតពិនិត្យ ទៅលើទីតាំងការឈូសឆាយជាក់ស្តែង ឃើញមានផ្ទៃដីឈូសឆាយរួចរាល់ចំនួនប្រមាណជាង៣៦ហិកតា និងផ្ទៃដីព្រៃមិនបានកាប់រាននិងឈូសឆាយមានចំនួនប្រមាណជា៣២ហិកតា បំរ៉ុងឈូសឆាយបន្ត។

ពាក់ព័ន្ធករណីខាងលើលោក អ៊ូត ស៉ីវត្ថា ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា៖ ករណីនេះជនសង្ស័យពាក់ព័ន្ធឈូសឆាយដីព្រៃខាងលើ ស្ថិតនៅស្នងការដ្ឋាននគបាលខេត្តនៅឡើយ កំពុងសួរនាំនឹងស្នើសុំយោបល់ទៅលោកអភិបាលនៃគណ:បញ្ចការឯកភាពខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី។

ជុំវិញរឿងនេះលោកម៉ែន គុង អ្នកនាំពាក្យសាលាខេត្ត បានឲ្យដឹងនៅថ្ងៃទី២៥ ខែមេសា ក្នុងករណីខាងលើនេះ លោកមិនអាចឆ្លើយបញ្ជាក់ប្រាប់បានទេ ព្រោះរឿងនេះវាឋិតក្នុងដៃសមត្ថកិច្ចជំនាញគេនៅឡើយ។

ចំណែកមធ្យោបាយដែលបានប្រព្រឹត្តបទល្មើសខាងលើ ត្រូវបានរក្សាទុកនៅទីតាំងកើតហេតុដដែល ដោយមានកម្លាំងអធិការដ្ឋានស្រុកថាឡាបរិវ៉ាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់ជ្រៃយាមកាម នឹងថែរក្សាជាបណ្តោះអាសន្ន ។ ចំណែកម្ចាស់ដីដែលមានតួរនាទីជាយោធា ឋាន:ផ្កាយពីរត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ រួចកសាងសុំណុំរឿងបន្តនៅតាមនិតិវិធីនៃច្បាប់ ។

សូមបញ្ជាក់ថា: ប្រជាពលរដ្ឋក្នុងស្រុកថាឡាបរិវ៉ាត់ ទាំងមូលពួកគាត់មានការត្រេកអរជាខ្លាំង នូវចំណាត់ការរបស់លោកអភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង ទៅលើមន្ត្រីមានបុណ្យស័ក្តិធំរូបនេះ ក៏ដូចមន្ត្រីគ្រាក់ៗបន្តទៀត ដែលមានលុយ មានអំណាច កំពុងតែរុករានទន្ទ្រានដីព្រៃរដ្ឋ យកមកធ្វើជាកម្មសិទ្ធិ ដើម្បីឲ្យដីព្រៃរដ្ឋ ព្រៃសហគមន៍ ព្រៃសម្បទានសេដ្ឋកិច្ចរដ្ឋ ដែលសេសសល់នេះ ឲ្យគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយៗទៀត នេះជាយុទ្ធសាស្ត្រដ៏ល្អ គួរឲ្យស្ញប់ស្ញែងក្រៃលែង ដែលលោកអភិបាលខេត្តយើង បង្ក្រាបលោកផ្កាយពីរ នេះទាន់ពេល បង្ក្រាបមួយ ព្រមានដប់ ដល់បុគ្គលមួយចំនួនផ្សេងទៀត មានលុយ មានអំណាចកុំឲ្យចេះតែហ៊ាន៕

...

ដោយ!មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print