ក្រសួងពាណិជ្ជកម្មធ្វើសេចក្ដីបំភ្លឺស្ដីពីការបង្ហោះរូបភាព និងវីដេអូរៀបរាប់អំពីការបង្ខំចិត្តចាក់ចោលផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩

ចែករំលែក៖

ភ្នំពេញ៖ លេខាធិការដ្ឋានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមធ្វើការបំភ្លឺជម្រាបជូនប្រិយមិត្តហ្វេសប៊ុក និងសាធារណៈជនទូទៅមេត្តាជ្រាបថា បន្ទាប់ពីបានឃើញរូបភាព និងវីដេអូរៀបរាប់អំពីការបង្ខំចិត្តត្រូវចាក់ចោលផលិតផលកសិកម្មជាផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩ រួចមក ក្រុមការងារក្រសួងពាណិជ្ជកម្មបានចុះទៅធ្វើការស្រាវជ្រាវដោយចិត្តទុកដាក់ចំពោះករណីនេះ ក្នុងគោលបំណងស្វែងរកការពិត និងចាត់វិធានការជាក់លាក់ដើម្បីជួយដល់កសិកររងគ្រោះ។

ជាក់ស្ដែង បន្ទាប់ពីបានចុះដល់ទីតាំង និងពិនិត្យស្វាយដែលបានចាក់ចោលនេះ ព្រមទាំងសាកសួរដល់ភាគីពាក់ព័ន្ធ ក្រុមការងារបានរកឃើញថា ទីតាំងកើតហេតុស្ថិតនៅចំការស្វាយភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយស្វាយទាំងនោះ ជាស្វាយដែលខូចដោយសារទុំក្នុងកញ្ចប់ មានបរិមាណប្រហែលជាពីរតោន ដែលត្រូវតែចាក់ចោលដោយសារអ្នកទិញ មិនអាចទទួលទិញបាន ព្រោះមានបញ្ហាទាក់ទងនឹងគុណភាព។ ប្រិយមិត្ត និងសាធារណៈជនក៏អាចសំគាល់មើលជាក់ស្តែងក្នុងរូបភាពដែលបង្ហាញរូបស្វាយទុំជោរពណ៌លឿង ដែលពុំអាចនឹងទុកឱកាសអោយដឹកជញ្ជូនទៅលក់ឯណាទៀតបាន សូម្បីតែយកទៅរោងចក្រធ្វើតំណាប់ស្វាយ កុំថាឡើយនាំចេញទៅបរទេសដែលត្រូវការរយៈពេលសំរាប់ដឹកជញ្ជូន ដូច្នេះទាមទារផ្លែស្វាយដែលមានគុណភាពតាមតម្រូវការទីផ្សារ។

ក្រសួងសូមឆ្លៀតឱកាសនេះជម្រាបជូនថា បច្ចុប្បន្ននេះ ទោះជាស្ថិតក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩ ក៏ដោយ ក៏កសិផលកម្ពុជានៅតែមានទីផ្សារទាំងសម្រាប់ការនាំចេញ និងទីផ្សារក្នុងស្រុក អោយតែទំនិញទាំងនោះមានគុណភាពស្របតាមតម្រូវការទីផ្សារ ពិសេសផ្លែស្វាយ។ ផ្លែស្វាយដែលមានគុណភាពល្អ រោងចក្រផលិតដំណាប់ស្វាយទទួលប្រមូលទិញក្នុងតម្លៃពី ៥០០រៀល ទៅ ៥៥០រៀលក្នុងមួយគីឡូក្រាម ចំណែកផ្លែស្វាយដែលខ្ចប់ក្នុងកញ្ចប់សំរាប់នាំចេញគឺ បានថ្លៃដល់ ៩០០រៀលក្នុងមួយគីឡូក្រាម។ ដូច្នេះ អោយតែស្វាយមានគុណភាពល្អ ពុំខ្វះទីផ្សារឡើយ។

បច្ចុប្បន្ន នៅខេត្តកំពង់ស្ពឺ ពុំមានសល់ស្វាយក្នុងចំការច្រើនទេ ឈ្មួញកណ្ដាលដឹកស្វាយតាំងពីខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រះវិហារ ដើម្បីយកមកលក់ឱ្យឃ្លាំងធំៗនៅកំពង់ស្ពឺ សំរាប់នាំចេញ និងបំរើតម្រូវការរោងចក្រកែច្នៃក្នុងស្រុក។ ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធកំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ស្វះស្វែងបើកច្រកទីផ្សារសម្រាប់ការនាំចេញកសិផលកម្ពុជាឱ្យកាន់តែបានច្រើនថែមទៀតទៅកាន់ទីផ្សារពិភពលោក។

អាស្រ័យហេតុនេះ ក្រសួងសូមអំពាវនាវយ៉ាងទទូច សូមប្រិយមិត្តហ្វេសប៊ុក មេត្តាពិចារណា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងដាក់បង្ហោះនូវរូបភាព ឫ ខ្លឹមសារណាមួយដែលជះឥទ្ធិពលអវិជ្ជមានដល់ការប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលដែលបច្ចុប្បន្ននេះកំពុងអនុវត្តគោលនយោបាយលើកស្ទួយវិស័យកសិកម្ម និងគាំទ្រ លើកទឹកចិត្តដល់ការនាំចេញកសិផល។

សូមមេត្តារួមគ្នាលប់បំបាត់ព័ត៌មានមិនពិត (Fake News) ដែលមានចរិតបំពុលសង្គម ហើយធ្វើឱ្យរាំងស្ទះដល់ការរីកចំរើននៃសង្គមជាតិយើង។ “ការពិតទើបនាំមកនូវការគាំទ្រ និងការកោតសរសើរ ចំណែកព័ត៌មានក្រឡៃ មិនពិត នឹងនាំមកនូវទុក្ខទោសដល់ខ្លូន!”។
សូមអរគុណ!

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print