ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកកោះធំស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀនទ្រុងទ្រាយធំឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកកចំនួន៩កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះឈ្មោះ ម៉េង ម៉ាញ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុក ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ម៉េង ម៉ាញ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ គី វ៉ង ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទី៣-ឈ្មោះ រ៉េត សុភា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ទាំង៣នាក់នេះមានទីលំនៅជាមួយគ្នាក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ទី៤-ឈ្មោះ ណៃ ចាន់ណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅក្នុងភូមិកាប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ទី៥-ឈ្មោះ ហុង បូរី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ និងទី៦-ឈ្មោះ ផាន់ បូរិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ មានទីលំនៅក្នុងភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ។
លោកអធិការបានបន្តថា វត្ថុតាងដែលត្រូវបានដកហូតមាន ថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកចំនួន៩កញ្ចប់ (ធំ២/តូច៧) ,ទូរស័ព្ទដៃ៤គ្រឿង ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។
លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន ក្នុងនាមលោកជាអធិការនគរបាលស្រុកកោះធំបានខិតខំប្រឹងប្រែងដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវក្តាប់មុខសញ្ញានៅតាមមូលដ្ឋានបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីក្តាប់បានមុខសញ្ញានៅក្នុងមូលដ្ឋានឃុំសំពៅពូន លោកបានដឹកនាំកម្លាំងនគរបាលយុត្តិធម៌ស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ចុះឡោមព័ទ្ធផ្ទះមុខសញ្ញានៅភូមិកំពង់ថ្កុល ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ៦នាក់ និងវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ