ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកំលាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនក្រុងឃាត់ខ្លួនស្ត្រី២នាក់ជាបន្តបន្ទាប់ដោយមានដីកាពីរផ្សេងគ្នា ១.ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៥៧ ចុះថ្ងៃទី៦ សីហា ឆ្នាំ២០១៥ ចេញដោយលោក លី លីបម៉េង ចៅក្រមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ ២.ដោយតាមអំណាចដីការលេខ ៥៥០ ចុះថ្ងៃ៤ ខែកញ្ញា ឆ្នាំ២០១៥ ដោយចោទពីបទចែកចាយគ្រឿងញៀន ។
ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅក្នុងបុរីមហាសម្បត្តិ ផ្លូវរថភ្លើង ភូមិបឹងសាឡាង សង្កាត់-ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា កម្លាំងជំនាញ ព្រហ្មទណ្ឌខណ្ឌ និងប៉ុស្តិ៍នគរបាលឬស្សីកែវ រួមសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនក្រុង បានបើកការស្រាវជ្រាវ លើមុខសញ្ញាមានដីកាចាប់ខ្លួនចំនួន០២ ពីបទចែកចាយគ្រឿងញៀន។
ក្រោយកម្លាំងរបស់យើងក៏បានរៀបចំផែនការ អនុវត្តន៍នូវវិធានការជំនាញ លុះមកដល់ម៉ោងខាងលើ ស្រាប់តែឃើញស្ត្រីម្នាក់ឈ្មោះ មិន ស្រីដា ភេទស្រីអាយុ៣៣ឆ្នាំ ជាមុខសញ្ញាត្រូវចាប់ខ្លួនតាមដីកា រស់ចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងយើងក៏បានបើក កិច្ចប្រតិបត្តិការណ៏អនុវត្តន៍ចាប់ខ្លួនតែម្តង ។
ចំណែកស្ត្រីម្នាក់ទៀតឈ្មោះ ញឹមសុខឃឿន អាយុ៣៨ឆ្នាំរស់ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ ក៏ត្រូវបានចាប់ខ្លួននៅវេលាម៉ោង៣:៣០នាទីរសៀសថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ដែរ ហើយការឃាត់ខ្លួននេះនៅចំណុចលំនៅដ្ឋានកើតហេតុរបស់ស្ត្រីខាងលើតែម្តង។
ស្ត្រីទាំង២ត្រូវបានសមត្ថកិច្ចទៅការិយាល័យប្រឆាំងគ្រឿនញៀនក្រុងសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ