ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅតុលាការខណៈដែលពួកគេធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់ដែលកំពុង់និយាយរួចគេចខ្លួនបាន២ថ្ងៃជាប់អន្ទាក់អាវុធហត្ថក្រុងប៉ោយប៉ែត។
ប្រភពបានឲ្យដឹងថាក្រោយទទួលដំណឹងថាចោរបានឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់នៅវេលាម៉ោង១០យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅក្នុងចំណុចបរិវេនកាសីុណូផ្កាយ៥ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនសង្ស័យទាំង២នោះទី១/ឈ្មោះ សុក តួ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី២/ឈ្មោះ ពៅ សម្បត្តិ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិប្រាកដស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទបានបញ្ជាក់ទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះឈ្មោះ ឈុន ស៊ាងឡេង អាយុ២២ឆ្នាំរស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងនិយាយទូរស័ព្ទដៃនោះម៉ាកសាំសុងG2 ពណ៌ស ជាមួយសង្សារបស់ខ្លួននៅក្នុងចំណុចកើតហេតុខាងលើស្រាប់តែពេលនោះលេចមុខជនសង្ស័យទាំង២បានធ្វើសកម្មភាពឆក់ពីស្ត្រីរងគ្រោះរួចរត់គេចខ្លួនបាត់តែម្តង ស្ត្រីរងគ្រោះក្រោយពីត្រូវចោរឆក់ទូរស័ព្ទបាត់ក៏ទៅដាក់ពាក្យប្តឹងនៅកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានបញ្ជាក់ទៀតថាក្រោយពេលបានទទួលពាក្យបណ្តឹងហើយលោកក៏បានចាត់ឲ្យ លោកវរៈសេនីយ៍ ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅម៉ោង៩ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ក្នុងចំណុចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។
នៅមុខអាវុធហត្ថជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាខ្លួនដាច់យ៉ៃពេករកលុយចូលខារ៉ាអូខេមិនបានទើបដាច់ចិត្តឆក់ទូរស័ព្ទគេយ៉ាងដូច្នេះ។ ជនសង្ស័យទាំង២នាក់ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា