ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បានបញ្ជាអោយមន្ត្រីជំនាញអោយធ្វើការទប់ស្កាត់ និងហាមឃាត់ដល់ម្ចាស់ទីតាំងដីមួយកន្លែង ដែលស្ថិតនៅក្នុងភូមិស្ពានថ្ម ផ្លូវជាតិលេខ៥ នៅក្នុងភូមិស្វាយទង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ កុំអោយចាក់ដីបំពេញក្នុងដីស្រែ ដោយពុំមានលិខិតអនុញ្ញាត្តត្រឹមត្រូវ ដែលប៉ះពាល់ដល់ផ្លូវទឹកសម្រាប់ហូរតាមស្ពានមួយនេះ ។
អភិបាលស្រុករលាប្អៀរ លោក សោម វឺន បាននិយាយអោយដឹងថា ដីស្រែនេះជាម្ចាស់របស់ប្រធានមន្ទីរម្នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង ដោយអនុញ្ញាតសុំមិនបញ្ចេញឈ្មោះនោះទេ ហើយដីនេះស្ថិតនៅជាប់នឹងផ្នល់ជាតិលេខ៥ ជាប់គល់ស្ពានស្វាយទងនេះ។ ដីដែលចាក់នេះធ្វើឡើងក្នុងគោលបំណងលុបដីស្រែនឹងចាក់អោយស្មើនឹងថ្នល់ជាតិ ដែលអាចចាក់ជាច្រើនឡានដើម្បីរៀបចំធ្វើភូមិដ្ឋាន ។ ប៉ុន្តែការចាក់ដីនេះគ្មានច្បាប់អនុញ្ញាត្តនោះទេ ដូច្នេះអាជ្ញាធរស្រុកត្រូវតែ ធ្វើការទប់ស្កាត់ជាមុនសិន ព្រោះថា ការចាក់ដីនៅក្បែគល់ស្ពានបែបនេះ វាអាចបង្កនូវផលប៉ះពាល់ដល់ចរន្តទឹកហូរក្រោមស្ពាន ដែលអាចបង្កខូចខាតដល់គ្រឹះស្ពានក៍ថាបាន ។
លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១៣ ខែមករានេះ លោកបា មានឡានដឹកដីជាច្រើនគ្រឿងបានត្រៀមដឹកដីយកចូលទៅចាក់នៅទីនោះដោយឃើញសា្ថនភាពបែបនេះ លោកបានបញ្ជាសមត្ថកិច្ចជំនាញអោយសួរនាំពាក់ព័ន្ធនឹងច្បាប់ទម្លាប់ ហើយត្រូវបានមេការដែលមកចាក់ដីនៅទីនោះបា្រប់ថា អត់មានទេ តែម្ចាស់ដីដែលជាប្រធានមន្ទីរនោះបានសុំអនុញ្ញាតពីចៅហ្វាយ ខេត្តរួចហើយ ទើបពួកគេមកចាក់ ។
លោកអភិបាលស្រុកលើកឡើងដែរថា ការសម្រេចបែបណារបស់ខេត្ត លោកមិនជំទាស់នោះទេ ប៉ុន្តែគឺត្រូវមានឯកសារត្រឹមត្រូវ ព្រោះជាការទទួលខុសត្រូវមួយ ។ ប៉ុន្តែនាពេលនេះអត់មានអីសោះ ហើយប្រាប់ថា ខេត្តអនុញ្ញាត្ត ដូច្នេះលោកត្រូវតែធ្វើការឃាត់សិន ។
ប្រជាពលរដ្ឋបានលើកឡើងថា ចំណុចដែលចាក់ដីលុបនេះ មុននឹងពិនិត្យសម្រេច មន្ត្រីជំនាញខេត្ត ឬ អាជ្ញាធរខេត្ត ត្រូវតែពិនិត្យអោយបានលិ្អតល្អន់ អំពីផលប៉ះពាល់ដល់ទៅលើស្ពានមួយដែលឆ្លងកាត់ផ្លូវជាតិលេខ៥ ដែលអាចធ្វើអោយស្ទះចរន្តទឹកហូរ ដែលជាការទទួលខុសត្រូវធំបំផុត ៕
ដោយ៖ ចន្ថា