ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងដែលមានសុទ្ធតែម៉ាស៊ីនជាច្រើនគ្រឿង និងទូបាញ់ត្រីប្រៀបដូចជាកាស៊ីណូដ៏ធំមួយកន្លែង ស្ថិតនៅលើផ្សារ សុីធីម៉ល ជាប់នឹងរបងពហុកីឡដ្ឋានអូឡាំពិក ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា កន្លងមកត្រូវបានអាជ្ញាធរខណ្ឌចុះបង្ក្រាបម្ដងរួចមកហើយតែមិនទាន់បានប៉ុន្មានផងស្រាប់តែពេលនេះ អោយបើកដំណើរការឡើងវិញជាធម្មតា។
មជ្ឈដ្ឋានមហាជន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្ហាញពីការអស់ជំនឿលើអាជ្ញាធរខណ្ឌ បង្ក្រាបប្រៀបបាន គោះទឹកបង្អើលត្រី ឬមានចេតនាចិញ្ចឹមបទល្មើស ខណៈបនល្បែងសុីសងជាប្រភពផ្តើមចេញ បង្កើតអោយមានបទល្មើស ហើយការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពមានប្រសិទ្ធភាពទេ ..! ចំណុចនេះហើយបានជាពួកគាត់ កើតជាចំងល់ថា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា ខ្សោយ ឬមេបនល្បែងខ្លាំង..? ពេលខ្លះអំពើពុករលួយ ស្រេកឃ្លានបានមកពីមុខរបរមិនស្របច្បាប់ ក៏មិនទទួលបានកិត្តិយស ប្រជាប្រិយភាពពីប្រជាពលរដ្ឋឡើយ។
សូមបញ្ជាក់ថា៖ ក្រោយពីរាជរដ្ឋាភិបាលចេញសារាចរបិទ អនឡាញ ម៉ាសុឺនអេឡិចត្រូនិក ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩មក គឺមេបនល្បែងបានបង្កើតអនឡាញ អិនធើណេត តាមរយៈបើកអិនធើណេតធម្មតា តែខាងក្នុងជាប្រភេទល្បែងសុីសងពេញបន្ទុក។
ពាក់ព័ន្ធនឹងករណីទីតាំងល្បែងស៊ីសងខាងលើនេះលោកអ៊ុន ភារម្យនាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់វាលវង់បានប្រាប់ឲ្យដឹងថា៖ គាត់បានទទួលដំណឹងថាមានលេង តែមិនទាន់មានពេលឡើងទៅត្រួតពិនិត្យផ្ទាល់ទេ។
ចំណែកលោក នេត សុីថុន អធិការនគរបាលខណ្ឌ៧មករា មិនអាចសុំធ្វើការបកស្រាយបាននោះទេដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។ ដោយឡែក លោកលីម សុភាអភិបាលនៃគណៈអភិបាលខណ្ឌ៧មករាក៏ដូចគ្នាដែរមិនអាចសុំធ្វើការបកស្រាយបានពាក់ពន្ធ័ករណីទីតាំងល្បែងស៊ីសងដ៏ធំខាងលើនេះដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
មជ្ឈដ្ឋានជាច្រើននៅក្នុងខណ្ឌ៧មករាបាននាំគ្នាលើកឡើងថាអាជ្ញាធរខណ្ឌចុះបង្ក្រាបរាល់ហ្គេមបាញ់ត្រីនិងនិងឧបករណ៍ល្បែងស៊ីសងតាមអុីនធឺណេតមិនដែលឃើញអាជ្ញាធរ រៀបចំវាយកម្ទេចរឺដុតបំផ្លាញចោលម្ដងណានោះគេ។ បញ្ហាទាំងនេះហើយ ជាមូលហេតុអាចដំណើរការបានដដែល គឺបង្ក្រាបហើយ បើកវិញ ៗ ជារឿងសាមញ្ញដែលសមត្ថកិច្ច អាជ្ញាធរខណ្ឌ ៧មករា ទុកជាវប្បធម៍រកចំណូល៕
ដោយ៖ ស សម