ខេត្តសៀមរាប ៖ មានរឿងគួរឲ្យហួសចិត្តមួយ ដោយសារតែប្ដីប្រចណ្ឌប្រពន្ធ បានប្រើហិង្សាយកកាំបិតចាក់ប្រពន្ធឲ្យរងរបួសធ្ងន់ រួចទើបចាក់ខ្លួនឯងបណ្ដាលឲ្យស្លាប់ ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្រែជាប់វត្តត្រកៀត ក្រុមទី៤ ក្នុងភូមិគោករុន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបុរសជាប្ដីឈ្មោះ វង់ ផុស ហៅញាញ អាយុ៣២ឆ្នាំ ស្រុកកំណើតនៅ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។រីឯប្រពន្ធឈ្មោះ បោះ គឿន អាយុ២៥ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលើ។
ដោយឡែកលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងនៅព្រឹកថ្ងៃទី៥ខែ ឧសភា ឆ្នាំ២០២០ថានេះជាអំពើហិង្សាកើតចេញពីការប្រចណ្ឌ(ប្តីប្រចណ្ឌប្រពន្ធ)រហូតកើតទំនាស់ឈានដល់ភាគីប្តី បានប្រើកាំបិតចុងស្រួចដងឈើស្រោបដែក ប្រវែង៣៧ សង់ទីម៉ែត្រ ចាក់ទៅលើប្រពន្ធនិងចាក់ពោះខ្លួនឯងបណ្ដាលឲ្យស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ។
លោកថាភាគីប្តី រងរបួសមុតចូលសាច់ពោះដាច់ចេញពោះវៀនមកក្រៅ រួចរត់ទៅលោតទម្លាក់ខ្លួនក្នុងទឹកស្រះ តែត្រូវអ្នកស្រុកស្រង់បញ្ជូនទៅមន្ទីរពេទ្យ ហើយក្រោយមកបានស្លាប់ពេលរថយន្តសង្គ្រោះបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកពួកបានតែបន្តិច។ ចំណែកភាគីប្រពន្ធ ត្រូវរងរបួសធ្ងន់ មុតសាច់ពោះក្បែរក្រលៀនខាងស្ដាំ ១កន្លែង និង មុតរយះសាច់ដៃស្ដាំ ១កន្លែង កំពុងសង្គ្រោះនៅពេទ្យបង្អែកខេត្តសៀមរាបនៅឡើយ។
តាមការបំភ្លឺពីលោកមេភូមិ និងពលរដ្ឋរស់នៅជិតខាងក្បែរកន្លែងកើតហេតុបានឱ្យដឹងថាកន្លងមកប្តីប្រពន្ធមួយគូនេះតែងមានជម្លោះជាមួយគ្នាញឹកញាប់ណាស់ ដោយប្ដីតែងតែប្រចណ្ឌប្រពន្ធខ្លាំង។កាលក្នុងអំឡុង១ខែមុននេះគ្រួសារពួកគេមានជម្លោះគ្នាកើតចេញពិការប្រចណ្ឌដែរ រហូតប្តីមិនហូបបាយផ្ទះទៅហូបតែបាយវត្តត្រកៀត (ជិតផ្ទះ) និងមិនបាននិយាយស្តីរកប្រពន្ធទេ។លុះក្នុងពេលកើតហេតុភាគីប្រពន្ធកំពុងបោកខោ-អាវនៅមាត់ស្រះក្នុងបរិវេណវត្តត្រកៀត ត្រូវប្ដីដើរទៅរករឿងប្រវាយប្រតប់គ្នា ឈានដល់ការចាក់ទៅលើប្រពន្ធ និងចាក់ខ្លួនឯងតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យធ្វើកំណត់ហេតុ ដោយសហការជាមួយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រខេត្ត ពិនិត្យសាកសព តាមនីតិវិធី រួចក៏បានប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅវត្តត្រកៀតនោះតែម្តងទៅ៕
ដោយ÷ ប៊ុនរិទ្ធី