ខេត្តកណ្តាល៖ ជនប្រមឹកដើរផឹកស៊ីហើយរករឿងដេញវាយ កាប់អ្នកដទៃ ត្រូវបានលោក អាត ចន្ទ័ដារា ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួន
ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ” ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ” តាមមាត្រា២១៧ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ
ដែលប្រព្រឹត្តនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង១៣និង៣០នាទី ។
ជនរងគ្រោះឈ្មោះ ស៊ុន សុផាត ភេទប្រុស អាយុ២៨ឆ្នាំ
មុខរបរចុងភៅ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនត្រូវចោទមានឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងហើយដើរមកផ្ទះជនរងគ្រោះសុំសាកថ្មទូរស័ព្ឌ ពេលសាកថ្មទូរស័ព្ទអត់ចូល ជនសង្ស័យខឹង បានទាញផ្តាច់ខ្សែភ្លើងចោលទៅ ពេលនោះជនរងគ្រោះ បានសួរនាំក៏កើតជាទំនាស់ប្រតាយប្រតប់គ្នា ។
បន្ទាប់មកជនសង្ស័យ បានរត់ទៅផ្ទះរបស់ខ្លួនយកកាំបិតប៉័ងតោ គប់ទៅលើជនរងគ្រោះតែអត់ត្រូវ ហើយទៅយកកាំបិតផ្គាក់ មកដេញកាប់ជនរងគ្រោះទៀត តែជនរងគ្រោះបានរត់ចូលផ្ទះចាក់សោបន្ទប់ជាប់ ទើបជនសង្ស័យកាប់សសរផ្ទះ ជនរងគ្រោះបណ្តាលឲ្យបែកបាក់ជាច្រើនកន្លែង និងយកកាំភ្លើងច្នៃបាញ់គ្រាប់កង់បាញ់ចូលផ្ទះជនរងគ្រោះ បណ្តាលឲ្យធ្លុះពិតានមួយកន្លែង ។
ក្រោយកើតហេតុជនរងគ្រោះបានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឱ្យចុះជួយធ្វើអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធីតែម្តង៕
ដោយ៖ ឆ ដា