ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវយ៉ាងទទូចដល់អ្នកបញ្ជាទិញទាំងអស់ មេត្តាទូទាត់ប្រាក់ឲ្យបានលឿន ដើម្បីឲ្យរោងចក្រមានលទ្ធភាពបើកប្រាក់ឈ្នួលដល់កម្មករ ចៀសវាងការព្យួរការងារដែលធ្វើឲ្យប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់។
យោងតាមលិខិតអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ដែលទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរពីកម្ពុជារបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលចេញផ្សាយ កាលពីថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា «ខណៈផលិតផលកំពុងត្រូវបានធ្វើការនាំចេញ រោងចក្រត្រូវតែទទួលបានការទូទាត់នូវអ្វីដែលត្រូវបានជំពាក់ ហើយការផ្ដល់អ្វីតិចជាងនេះ គឺមិនត្រឹមត្រូវលក្ខខណ្ឌទូទាត់ប្រាក់។ លក្ខខណ្ឌទូទាត់ប្រាក់អាចពិភាក្សាគ្នាបាន ប៉ុន្តែការមិនទូទាត់ គឺមិនអាចទទួលយកបានទេ ហេតុដូច្នេះ យើងសូមអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ មេត្តាទូទាត់បំណុលរបស់ខ្លួន។
សមាគមរោងចក្រកាត់ដេរបានបន្តថា «យើងយល់អំពីការលំបាកដែលអ្នកបញ្ជាទិញកំពុងប្រឈម ប៉ុន្តែយើងពិតជាអំពាវនាវយ៉ាងខ្លាំងទៅអ្នកបញ្ជាទិញទាំងអស់ មេត្តាគោរពតាមលក្ខខណ្ឌទូទាត់ប្រាក់សម្រាប់ទំនិញដែលបានទទួល រួចហើយ និងដែលកំពុងដឹកទៅឲ្យអ្នកបញ្ជាទិញ ព្រោះថារោងចក្រនៅកម្ពុជា កំពុងរងគ្រោះរួចហើយពីការលុបចោលការបញ្ជាទិញជាច្រើន និងការគ្មានបញ្ជាទិញថ្មីៗ ហើយមិនអាចរកទ្រាំទ្រនឹងការមិនទូទាត់ប្រាក់នោះទេ»។
បើតាមសមាគមរោងចក្រកាត់ដេរ ចាប់តាំងពីការអំពាវនាវរបស់សមាគមទៅអ្នកបញ្ជាទិញទាំងអស់កាលពី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០២ សមាគម ទទួលបានការប្ដេជ្ញាចិត្តពីអ្នកបញ្ជាទិញមួយចំនួនដែលសមាគម និងប្រជាជនកម្ពុជា មានការដឹងគុណ ប៉ុន្តែស្ថានភាពចាប់តាំងពីពេលនោះ កាន់តែអាក្រក់ជាសកល និងជាពិសេសក្នុងប្រទេសកម្ពុជា។
សមាគមរោងចក្រកាត់ដេរបានបញ្ជាក់ថា «គិតត្រឹមពេលនេះ សរសេរលិខិតនេះ មានរោងចក្រចំនួន ១៨០ បានព្យួរប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន៦០បន្ថែមទៀត នឹងឈានទៅរកការព្យួរផងដែរ ដែលកំពុងប៉ះពាល់ដោយដល់កម្មករជាង១៥ម៉ឺននាក់ ដែលត្រូវបានព្យួរការងារជាបណ្ដោះអាសន្នរហូតដល់ពេលនេះ ដោយមិនដឹងច្បាស់លាស់ថា នឹងបន្តការងារវិញនៅពេលណា ហើយកម្មករជិត២០ម៉ឺននាក់ នឹងត្រូវព្យួរការងារនាពេលខាងមុខឆាប់ៗនេះ។ ដែលនឹងប៉ះពាល់មិនត្រឹមតែកម្មករនោះទេ ប៉ុន្តែថែមទាំងសមាជិកគ្រួសារប្រមាណ២លាននាក់ ដែលពឹងផ្អែកលើពួកគេ»។
សមាគមរោងចក្រកាត់ដេរ បានរំលឹកដល់អ្នកបញ្ជាទិញថា កម្ពុជា ជាប្រទេសមួយក្នុងពិភពលោកដែលភ្ជាប់ពាណិជ្ជកម្មទៅនឹងស្តង់ដារ ការងារ។ នៅឆ្នាំ២០០១ យើងបានចាប់ដៃគូជាមួយអង្គការអន្តរជាតិខាងការងារ(អាយឡូ) ហើយបានចាប់ផ្ដើមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលតម្រូវឲ្យរោងចក្រនាំចេញសម្លៀកបំពាក់ទាំងអស់ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្រោមការត្រួតពិនិត្យពីអាយឡូ ដើម្បីធានាអនុលោមភាពទៅតាមច្បាប់ជាតិ និងស្តង់ដារការងារអន្តរជាតិ ហើយកម្មវិធីនេះត្រូវបានអនុវត្តរហូតរហូតមកដល់បច្ចុប្បន្ន។
សមាគមរោងចក្រកាត់ដេរបានបន្ថែមថា «យើងមានមោទនភាពចំពោះកេរ្តិ៍ដំណែលនេះ ហើយនឹងបន្តធានាថា សិទ្ធិការងារ និងសិទ្ធិសង្គមរបស់កម្មករយើង ត្រូវបានលើកកម្ពស់ ខណៈយើងបង្កើតចង្វាក់ផ្គត់ផ្គង់ចីរភាពមួយ»។
ជាចុងក្រោយ សមាគមរោងចក្រកាត់ដេរបានលើកឡើងថា «តាងនាមឲ្យរដ្ឋាភិបាលកម្ពុជា ព្រមទាំងកម្មករទាំងអស់នៅក្នុងវិស័យទាំងនេះ យើងសូមថ្លែងអំណរគុណដល់អ្នកបញ្ជាទិញទាំងអស់ចំពោះការគាំទ្រ និងទំនុកចិត្តដែលបានបង្ហាញ និងផ្ដល់ឲ្យឃើញក្នុងរយៈពេលជា២ទសវត្សរ៍កន្លងមកនេះហើយយើងទន្ទឹង រង់ចាំកិច្ចសហការច្រើនឆ្នាំបន្ថែមទៀតជាមួយអ្នកបញ្ជាទិញទាំងអស់ដោយ ស្មោះ»៕
ដោយ៖ ហេង សូរិយា