ខេត្តកណ្តាល៖ លោក នៅ ប៊ុនណា ត្រូវដល់អាយុចូលនិវត្តន៍សំរាកពីការងារ តាំងពីនៅជានាយផ្នែកព្រហ្មទណ្ឌ ប៉ុន្តែគាត់ព្យាយាម ដ៏ក្រាញននៀលបន្តធ្វើការ បាន១ឆ្នាំទៀត និងឈានដល់ឡើងតំណែងជា អធិការរង នគរបាលស្រុកស្អាង ទទួលផែនគ្រឿងញៀន ហើយជិត២សប្តាហ៍នេះ គាត់ឡើងស័ក្តិជា វរសេនីយ៍ទោ បន្ថែមមួយកាំទៀត។
សូមបញ្ជាក់ថា៖ លោកវរសេនីយ៍ទោ នៅ ប៊ុនណា អធិការរង នគរបាលស្រុកស្អាង កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៦៤ គាត់ដល់ពេលចូលនិវត្តន៍សំរាកពីការងារ ក្នុងនោះ កាលពីខែ កុម្ភៈ ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាននាយកដ្ឋាន បុគ្គលិក បានជម្រាបមក លោកស្នងការនគរបាលខេត្តកណ្តាល ស្តីពីការជូនដំណឹងអោយមន្ត្រីនគរបាលជាតិចំនួន ៣០នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បំពេញសំណុំបែបបទចូលនិវត្តន៍សំរាកពីការងារ ក្នុងនោះគិតកើតក្នុងឆ្នាំ១៩៦៥ ហើយលោកវរសេនីយ៍ទោ នៅ ប៊ុនណា មានឈ្មោះក្នុង ៣០នាក់នោះ ដែលកើតនៅឆ្នាំ១៩៦៤ ទៀតផង។
បច្ចុប្បន្ន លោកវរសេនីយ៍ទោ នៅ ប៊ុនណា អធិការរង ស្រុកស្អាង កំពុងអួតប្រាប់កូនចៅថាគាត់ មានអ្នកជួយពន្យារកំណើតឱ្យបានរហូតដល់ ២ឆ្នាំទៀត។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន អត្តលេខ ០២៤៤៤ ស្នងការរងទទួលផែនចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវចូលនិវត្តន៍ ចំនួន ៣ខែមកហើយ តែលោកស្នងការរង កំពុងរត់ការដើម្បីបានកាន់តំណែងជាស្នងការរង ១ឆ្នាំទៀត ។
ជុំវិញការប្រឹងពន្យារកំណើត ពីលោកវរសេនីយ៍ទោ នៅ ប៊ុនណា អធិការរង នគរបាលស្រុកស្អាង និងលោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរង ខេត្តកណ្តាល ពិតជាការរិៈគន់យ៉ាងខ្លាំងពីមន្ត្រីនគរបាលខេត្តកណ្តាល ចាត់ទុកថាពួកគាត់បានបំពានយ៉ាងធ្ងន់ធ្ងរ នូវ ច្បាប់ស្តីពី របបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ របស់មន្ត្រីនគរបាលជាតិ ដែលប្រកាសអោយប្រើប្រាស់ដោយ ក្រឹត្យលេខ ១០ក្រ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៩៣ ។
ម្យ៉ាងទៀតឈ្មោះពួកគាត់ត្រូវស្នងការនគរបាលខេត្ត បានបញ្ជូនទៅនាយកដ្ឋានបុគ្គលិក អស់ហើយ ដែលត្រូវចូលនិវត្តន៍សំរាកពីការងារ។
មន្ត្រីរិៈគន់ថា៖ ម្នាក់ៗបើនៅតែក្រាញនឹងតំណែងមិនព្រមចូលនិវត្តន៍ទេ ចុះបញ្ញាវ័ន្តក្មេងៗ ក្រោយៗដែលជាធនធានមនុស្សនោះ គាត់មានឱកាសណា បញ្ចេញសមត្ថភាព ចំណេះដឹងជួយសង្គមជាតិ។
ពាក់ព័ន្ធករណីនេះ អង្គភាព «នគរដ្រេហ្គន» មិនអាចទាក់ទងបានទេពីលោកវរសេនីយ៍ទោ នៅ ប៊ុនណា អធិការរង នគរបាលស្រុកស្អាង និងលោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរង ខេត្តកណ្តាល នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ៖ សុខ ខេមរា