ខេត្តពោធិ៍សាត់៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំ និងបញ្ជាផ្ទាល់ដល់ស្ថាប័នសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងករណីឃាតកម្មលើកុមារី អាយុ ៧ឆ្នាំ រហូតឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ ១នាក់ ដើម្បីយកមកបន្តនីតិវិធី ខណៈដែលគេសង្ស័យអាចជាករណីប្លន់យកខ្សែ.កផ្លាទីន នេះបើតាមការបញ្ជាក់ពីលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរាំងទិល នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នេះ តាមរយៈទូរសព្ទ ប៉ុន្តែព្រឹកថ្ងៃដដែលនេះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្រៅរដ្ឋាភិបាល បន្តកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវ ធ្វើកោសល្យវិច័យបន្ថែម ។
គួររំលឹកថា កាលពីរសៀលម្សិលមិញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ក្រោយប្រជាពលរដ្ឋទៅបត់ជើងខាងក្រោយភូមិចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប្រទះឃើញសពកុមារីម្នាក់ដៃចងព័ទមកក្រោយ ជើងក៏ជាប់ចំណង ចំណែកក្បាលច្រកការុងយ៉ាងឃោឃៅព្រៃផ្សៃជាទីបំផុត ។
កុមារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រ៉ង ស្រីពេជ្រ អាយុ ៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារម្ដាយជាស្រ្តីមេម៉ាយឈ្មោះ ចាប់ រ៉ាឌីន អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ឪពុក(ស្លាប់) បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ៕ ដោយៈ បុឹម ពិន