កីឡា ៖ នៅក្នុងសន្និសីទសារ ព័ត៌មានមួយកាលពីរសៀលថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២០នៅពហុកីឡដ្ឋានជាតិអូឡាំពិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសបញ្ឈប់សកម្មភាពការងារបាល់ទាត់អស់មួយជីវិតនូវមន្រ្តី៤រូបដែលបានប្រព្រឹត្តអំពើពុករលួុយក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ រំលោភទំនុកចិត្តនិងក្រមសិលធម៌ច្រើនឆ្នាំមកហើយ គឺតាំងពីខែមីនាឆ្នាំ២០១៣មកដល់បច្ចុប្បន្ន។
តាមលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជាប្រកាសឲ្យដឹងថា មន្រ្តី៤រូបនោះរួមមាន
១-លោក ម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ធបាល់ទាត់កម្ពុជា
២-លោក ទុយ វិច្ឆិកា ប្រធានការិយាល័យ អាជ្ញាកណ្តាល
៣-លោក ឆាំង ពិសិដ្ឋ ប្រធានការិយាល័យប្រកួត និង៤-
លោក គល់ សុភារម្យ ប្រធានការិយាល័យ រដ្ឋបាល។
លោកអគ្គលេខាបញ្ជាក់បន្ថែមថាអ្នកទាំង៤រូបនេះត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដោយសារបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់នៅកម្ពុជាហើយក្នុងនោះ លោក ម៉ៃ តុលា ត្រូវបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើពុករលួយទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមានរបស់កម្ពុជា ខណ:មន្រ្តី៤រូបនេះបានឃុបឃិតគ្នាកេងប្រវ័ញ្ចលុយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាយ៉ាងច្រើនមានរហូត ដល់ជិត៦ម៉ឺនដុល្លារសម្រាប់តែលោក ម៉ៃ តុលា តែម្នាក់ក្នុងអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដែលជាប្រាក់ឧបត្ថម្ភរបស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ៕
ដោយ÷ប្រាថ្នា