ខេត្តសៀមរាប៖ ការធ្វើកំណាយរកឃើញចម្លាក់អណ្ដើកធំមួយនៅខាងក្រោមប្រាសាទកណ្ដាលស្រះស្រង់ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ខណៈដែលក្រុមការងារបុរាណវិទូនៃអាជ្ញាធរអប្សរាកំពុងធ្វើកំណាយនៅការដ្ឋានជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់នោះ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹង ថា ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកធំមួយក្នុងពេលកំណាយស្រាវជ្រាវនៅទីនោះ។
សូមជម្រាបថា ក្នុងពេលដំណើរការការដ្ឋានជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ខាងលើនេះ ក្រុមការងារបានរកឃើញវត្ថុបុរាណជាច្រើន ជាក់ស្ដែងនាពេលថ្មីៗនេះ គេបានរកឃើញវត្ថុបុរាណចំនួន ៣ ប្រភេទ រួមមានជាអាទិ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន ២ ដែលមួយនៅមានរូបរាងពេញលេញ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង ព្រមទាំងបំណែកខ្វាតពណ៌ស ឬគ្រីស្តាល់ជាច្រើនគ្រាប់ និងបំណែកចម្លាក់ក្បាលនាគធំមួយ ដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ៕