ការប្រែក្រឡាស់១៨០ អង្សា របស់អង្គការសុខភាពពិភពលោក WHO ដែលធ្លាប់គំាទ្រចិននោះពេលនេះបែរជាងាកមកស្រាវជ្រាវចិនទៅវិញពាក់ព័ន្ធនឹងកូវីដ-១៩ ដោយសារតែគំនាបរបស់អាមេរិក ។ កន្លងមកWHO មានគោលជំហរកណ្តាលហើយបញ្ជាក់ថា វីរុសកូវីដ-១៩ កើតចេញពីធម្មជាតិ។ ប៉ុន្តែដោយសារតែ មន្ត្រីបុគ្គលិក របស់អង្គការនេះភាគច្រើនបានងាកមកគាំទ្រអាមេរិកវិញនោះ ធ្វើឲ្យប្រធានអង្គការ WHO ក៏មិនអាច ធ្វើអ្វីបានក្រៅពីនៅស្ងៀមនោះដែរ។
យោងតាមគេហទំព័រ Creaders នៅថ្ងៃទី ៧ខែឧសភា បានផ្សាយថា អង្គការសុខភាពពិភពលោកបានពិភាក្សាជាមួយចិនដើម្បីបញ្ជូនក្រុមឯកទេសទៅកាន់ទីនោះ ប៉ុន្តែឯកអគ្គរដ្ឋទូតចិនលោក Chen Xu ប្រចាំនៅទីស្នាក់ការក្នុងទីក្រុងហ្សឺណែវបានបញ្ជាក់ថា ចិននឹងមិនអនុញ្ញាតឲ្យចូលទៅស្រាវជ្រាវ ប្រភពនៃវីរុសឡើយ ប្រសិនបើមនុស្សជាតិមិនទាន់យកឈ្នះលើកូវីដ-១៩នោះទេ។
លោក Chen Xu បន្តទៀតថា ចិនមិនបានហាមប្រាមចូលទៅស្រាវជ្រាវនោះឡើយ ប៉ុន្តែអាទិភាពចម្បងរបស់ចិនគឺទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ មួយវិញទៀត គឺទប់ទល់ជាមួយអាមេរិក ដែលចេះតែទម្លាក់កំហុសទៅឲ្យចិនដើម្បីផលប្រយោជន៍នយោបាយ។
ស្ថានភាពខាងលើ នឹងធ្វើឲ្យទំនាក់ទំនង អាមេរិកនិងចិនកាន់តែតានតឹងខ្លាំងឡើងថែមទៀត ។ កត្តាទាំងនោះហើយបានជាអ្នកឯកទេសបានលើកឡើងថា សង្គ្រាមត្រជាក់ថ្មីរវាងអាមេរិក និងចិន បានចាប់ផ្តើមហើយ ហើយសង្គ្រាមនេះមិនមែនជាការប្រកួតប្រជែងអាវុធនោះឡើយ គឺជាការប្រកួតប្រជែងសេដ្ឋកិច្ច និង ឥទ្ធិពល នៅលើឆាកអន្តរជាតិ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើសង្គ្រាមត្រជាក់នេះកើតចេញជារូបរាងហើយអាមេរិកបរាជ័យនោះ មហាអំណាចទីមួយរបស់អាមេរិក ប្រឈមនឹងការបាត់បង់ដូចគ្នា ៕
ដោយ៖ ធី រីណា