លោក តាន់ ផាន់ណារ៉ា ឯកភាព​​ចំពោះ​កង្វល់​​ពលរដ្ឋ ​ក្នុងការដោះដូរ​​ទីតាំង​ទីសត្ដឃាត ​នៅ​បឹង​ក្រពើ​ កំពុង​​បង្ក​ផល​ប៉ះពាល់ ​និង​ជះ​ក្លិនស្អុយ

ចែករំលែក៖

ភ្នំពេញ៖ យោងទៅតាមតថភាពជាក់ស្តែង ឃើញថា ប្រជាពលរដ្ឋជាច្រើន រងគ្រោះធ្ងន់ធ្ងរ ពីផលប៉ៈពាល់បរិស្ថាន សម្រាប់ការរស់នៅប្រចាំ នូវបញ្ហាសុខភាព ជះដោយក្លិន ឆ្អេះ ឆ្អាប ស្អុយ ហុយ រំពងសម្លេង ចេញពីកុងសុីកាប់ជ្រូក ដ៏ធំនៅបឹងក្រពើ នោះ ឈានដល់ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឯកភាព​​ចំពោះ​កង្វល់​​ពលរដ្ឋ ​ក្នុងការដោះដូរ​​ទីតាំង​ទីសត្ដឃាត ​នៅ​បឹង​ក្រពើ​ ទៅតំបន់ផ្សេងពីកន្លែងពួកគាត់រស់នៅ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋ​ជាច្រើន បាន​សម្ដែង​ការ​ថ្នាំង​ថ្នាក់​ចំពោះ​ម្ចាស់​អាជីវកម្ម​ទី​សត្តឃាត​ដ៏​ធំ​មួ​យ​កន្លែង​នៅ បឹងក្រពើ​ ​ហៅ​ថា (កុងស៊ី​កាប់​ជ្រូក​) ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ​លើ​បញ្ហា​អនាម័យ​បរិស្ថាន​ ជា​ពិសេស​ជះ​ក្លិនស្អុយ​កំពុង​សាយភាយ​ពេញបន្ទុក។
ជុំវិញបញ្ហា​នេះ កាលព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា​ ឆ្នាំ​២០២០ ម្សិលមិញ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌមានជ័យ​ ​និយាយក្នុងល័ក្ខខ័ណ្ឌសុំ​មិន​បញ្ចេញ​ឈ្មោះ ខណៈខ្លាចអំណាចម្ចាស់កុងសុីកាប់ជ្រូក បាន​​​ប្រាប់​ក្រុម​​អ្នក​ព័ត៌​មានថា ​៖ ការ​រស់នៅ​ជុំវិញ​ទី​តាំង​ទីសត្តឃាត​ កំពុង​រង​ផល​ប៉ះពាល់​​បរិស្ថាន ​និង​ជះ​​ក្លិនស្អុយ​អាសោច​ ពួកគាត់ងាយគ្រោះដល់សុខភាព។ ដូច្នេះ ​ស្នើ​ដល់​​​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ​ក៏​ដូច​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ​សុំ​ឲ្យ​ទី​សត្ដឃាត​មួយ​កន្លែង​នេះ ​ទៅ​បង្កើត​ឲ្យ​ឆ្ងាយ​ពី​ទី​ប្រជុំជន ​ឫ ​អាច​ទៅ​បង្កើត​នៅ​ជាយក្រុង​ ​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ ដល់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ក្រុម​កម្មករ​ជាដើម​ ដែលកំពុងរស់នៅដ៏ច្រើនកុះករ។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ​លោក តាន់ ផាន់ណារ៉ា​ តាន់ ផាន់ណារ៉ា ប្រតិ​​ភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក ​នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិត​កម្មសត្វ ​បាន​​ឲ្យដឹង​នៅរសៀលថ្ងៃទី​០៧ ខែឧសភានេះ​ថា៖ លោកឯកភាព ចំពោះ​កង្វល់​​របស់​ប្រជា​ពលរដ្ឋ ​​​​ហើយ​បញ្ហា​ហ្នឹង​ យើង​​ក៏ធ្លាប់​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ទីសត្ដឃាត​ ​ឲ្យ​រក​កន្លែង​ផ្សេង​ផងដែរ​ តែ​ខាង ​ម្ចាស់​ទីសត្ដឃាត សុំ​ពេល​វេលា ​ដោយ​មិនបាន​បញ្ជាក់​ពេល​វេលាច្បាស់លាស់​នោះឡើយ​ ។​
លោកបាន​បញ្ជាក់​ទៀត​ថា៖ បច្ចុប្បន្នយើង​ ក៏​កំពុងតែ​ធ្វើ​ការ​ងារ​ហ្នឹង​ជាមួយ​ម្ចាស់​ទីសត្ដឃាត​ផងដែរ ​។
គួរបញ្ជាក់ថា កុងស៊ី​កាប់​ជ្រូក​មួយ​នេះ ​មានអាយុកាល រាប់​សិបឆ្នាំ​មកហើយ ​​​ចាប់​តាំងពី​តំបន់​នោះ ​មិនទាន់​មានការ​អភិវឌ្ឍន៍​មក​ម្ល៉េះ ​និង​មិនសូវ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ តែ​បច្ចុប្បន្ន​​ប្រទេស​មានការ​អភិវឌ្ឍ​ជា​បន្ដ​បន្ទាប់​ និង​រោង​ចក្រ​កើត​ឡើង​ ព្រោងព្រាត​​ ធ្វើឲ្យ​កំណើន​មនុស្ស​នៅ​តំបន់​រស់​នៅ​យ៉ាងច្រើនកុះករ​ ។ ចំណែក​ទីសត្ដឃាត ​ ​ឫហៅ​ថា​កុងស៊ី​កាប់​ជ្រូក​ ​​​ជា​របស់​ក្រុមហ៊ុន ​«ដានីដេង​ »​ ​ស្ថិត​នៅកែង ស្តុបលូ៥ ម្ដុំបឹងក្រពើ ​ផ្លូវវេងស្រេង ​​ក្នុងមួយថ្ងៃៗ ​កាប់​ជ្រូក​ចំនួន​២ដង ​ក្នុង​ចន្លោះ​ម៉ោង ៤ទៅ​៥ ល្ងាច-ព្រឹក​ ​រថយន្ដ​ធំៗ​តទ្រុង​ដឹក​ជញ្ជូន​ជ្រូក​ក្នុងមួយថ្ងៃៗ​ រាប់​រយ​ក្បាល ​បង្ក​ការ​ស្ទះ​ចរាចរណ៍ ​​​​​ជះ​ក្លិន​ស្អុយ​អាចម៍​ជ្រូក​រាប់​ខែ ​រាប់​ឆ្នាំ​មក​ហើយ​ ប្រជាពលរដ្ឋ​ស្ទើរតែ​ទ្រាំ​លែង​បាន​ទៅ​​ហើយ ។ ​ជាមួយ ​នឹង​បញ្ហា​នេះ​ ​អង្គភាព «នគរដ្រេហ្គន» មិន​អាច​សុំ​ការ​​ការ​ពន្យល់​បក​ស្រាយ​​​ពី​ម្ចាស់​ក្រុមហ៊ុន ​ដានីដេង​ បាននៅ​ឡើយ​ទេ ​ជុំវិញ​បាតុភាព​រស់នៅ​​របស់​​ពលរដ្ឋ​ក្នុង​តំបន់​នោះ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ដោយគ្មានលេខទូរស័ព្ទ។
សូមរម្លឹកថា៖ ថ្មីៗនេះ ខាងអគ្គ​នាយកដ្ឋាន​សុខភាព​សត្វ​ និងផលិតកម្មសត្វ របស់​ក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះ​ចាប់​ឡាន​​​ដឹក​ជ្រូក​«ក្រុម​ហ៊ុនដានីដេង»​ នាំ​ចូល​ពី​ថៃ ​​​រំលោភ​លើ​ច្បាប់​ដឹកជ​ញ្ជូន​ ។ មន្ត្រី​ជំនាញ​បានបញ្ជាក់ថា៖ ​ចុះចាប់​​​​រថយន្ដ​​ដឹក​ជញ្ជូន​សត្វ​ជ្រូក​ ​នាំ​ចូល​ពី​ប្រទេស​ថៃ​របស់​លោក ខូវ ហេង នៃ​«ក្រុមហ៊ុនដានីដេង» ​តាម​​ច្រកអន្តរជាតិ​អូរស្មាច់ ​ក្នុង​សង្កាត់អូរស្មាច់ ​ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ ​សង្ស័យ​មាន​ភាព​ខុសប្រក្រតី​ ​ និង​មិន​គោរព​តាមច្បាប់​ដឹកញ្ជូន​ ។
ប្រតិបត្តិការនេះ ធ្វើឡើង ​នៅ​វេលាម៉ោង ៥ និង ៤៣នាទីល្ងាច ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ ​២០២០ នៅ​លើផ្លូវជាតិលេខ៦៦ ​ត្រង់ចំណុចបង្គោលគីឡូលេខ១២១ ស្ថិត​នៅឃុំអន្លង់វែង ​ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ​ដោយ​កម្លាំង​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ ​និង​ផលិត​កម្ម​សត្វ​របស់​ក្រសួង​៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print