ខេត្តប៉ៃលិន ៖ ក្រោយពីនាយិកាក្រុមហ៊ុនម៉ូតូមួយកន្លែង យីហោ «ក្រុមហ៊ុន អប់ប៉ា ត្រេឌីង ឯ.ក» ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ២៦៤ ផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានអាក់ខោនហ្វេសប៊ុក (Kunthea Lim) បានផ្ញើម៉ូតូ១គ្រឿងពីរាជធានីភ្នំពេញទៅខេត្តប៉ៃលិន កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ រហូតដល់វេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី០៩ ខែឧសភា នេះ ភ្នាក់ងារសារព័ត៌មានម្នាក់ប្រចាំការ នៅប៉ៃលិនជាតំណាងឱ្យម្ចាស់ក្រុមហ៊ុនខាងលើដែលបានផ្ញើម៉ូតូ១គ្រឿងយកមកប្រគល់ឲ្យនិងមានមួកសុវត្ថិភាពចំនួនពីរ ជូនដល់ក្រុមគ្រួសារពលរដ្ឋក្រីក្រម្នាក់ ដែលបានដុតម៉ូតូចាស់របស់ខ្លួនចោលនៅមុខ
នគរបាលចរាចរណ៍ កាលពីថ្ងៃទី០១ ខែឧសភាឆ្នាំ២០២០ព្រោះខឹងនគរបាលផាកពិន័យជាង១០ម៉ឺនរៀល ខណ:ពេល
ដែលរូបគាត់ប្រញាប់ឌុបកូនយកទៅមន្ទីរ
ពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីដេររបួសក្បាលដែលមែកឈើបាក់ធ្លាក់ចំពីលើក្បាលកូនគាត់, រួចមកគាត់សុំនគរបាល ចរាចរណ៍បង់លុយត្រឹមតែ២ម៉ឺនរៀល គាត់ទុក៨ម៉ឺនរៀលបង់ថ្លៃពេទ្យនិងថ្លៃចាក់ថ្នាំ,ទុកទិញបាយទិញនំឲ្យកូនហូប។ បន្ទាប់រួបគាត់ និយាយជាមួយសមត្ថកិច្ចមិនត្រូវគ្នាធ្វើឱ្យគាត់ខឹងក៏ដុតម៉ូតូចោលតែម្តង ។
ប្រភពព័ត៌មានបានឱ្យដឹងថា បុរសដែលទទួលបានម៉ូតូពីក្រុមហ៊ុនខាងលើ មាន ឈ្មោះ ដួង វិឆ័យ ភេទប្រុស អាយុ៣៣ឆ្នាំ ប្រពន្ធ ឈ្មោះ ថាប់ ឡាត់ អាយុ២៥ឆ្នាំមានកូនក្នុងបន្ទុកចំនួន៣នាក់ ប្រុស២ ស្រី១ រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានជីវភាពក្រីក្រ ។
លោកដួង វិឆ័យដែលទទួលបានម៉ូតូ១
គ្រឿងបានឱ្យដឹងថា លោកនិងក្រុមគ្រួសារពិតជាមានការត្រេកអរយ៉ាងខ្លាំង មិនដឹងរកអ្វីមកប្រៀបផ្ទឹមបាននោះទេ ហើយក៏សូមលើកម្រាមដៃ១០សំពះ ថ្លែងអំណរគុណដល់នាយិកាក្រុមហ៊ុនម៉ូតូ ឱ្យទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃប្រកបរបររកទទួលទានឱ្យបានជោគជ័យគ្រប់ពេលវេលា ជាពិសេសសូមឱ្យនាយិកាក្រុមហ៊ុនម៉ូតូជួបតែមនុស្សល្អ ។
ចំណែក លោក ង៉ែត ទូច ជាឪពុកក្មេក និង ជាមេភូមិទួលខ្ពស់ ក៏បានថ្លែងអំណរគុណ ដល់ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ដែលបានជួយធ្វើអន្តរាគមន៍ និងលើកលែងទោសឱ្យកូនប្រសារបស់គាត់ដែលល្មើសនឹងច្បាប់ចរាចរណ៍ហើយបែរជាដុតម៉ូតូផ្គើននឹងសមត្ថកិច្ចនគរបាលចរាចរណ៍ទៀត។ លោកក៏ថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនម៉ូតូនិងអរគុណដល់ក្រុមហ៊ុនតាមភ្នាក់ងារសារព័ត៍មាននៅខេត្តប៉ៃលិន
ដែលបានជួយចុះផ្សាយព័ត៌មាន ដើម្បីឱ្យមហាជនឃើញនិងដឹងឮកុំឱ្យយកតម្រាប់តាមកូនប្រសារបស់គាត់ ព្រោះកំហឹងនាំឱ្យខាត នាំឱ្យខូច និងនាំឱ្យខុសផងដែរ ។
លោកបញ្ជាក់ថា កូនៗរបស់ពួកគាត់ ពិតជាក្រីក្រប្រាកដមែន សូម្បីតែផ្ទះដែលត្រូវខ្យល់កន្ត្រាក់បក់ប៉ើងដំបូលកាលពី ប៉ុន្មានថ្ងៃមុន ក៏អត់មានប្រាក់ទិញស័ង្កសីប្តូរជួសជុលនៅឡើយទេហើយបច្ចុប្បន្នកូនៗរបស់គាត់ អត់មានការងារធ្វើទៀត ដោយធ្វើស្រែបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិតប៉ុណ្ណោះ ។ លើសពីនេះ គាត់ក៏បានណែនាំកូនៗ របស់គាត់ ឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ទៀត ព្រោះបានម៉ូតូថ្មី១គ្រឿង មានគ្រប់លក្ខណ:អស់ហើយ គឺមានមួក កញ្ចក់ ស្លាកលេខ កាតគ្រី ដូច្នេះបើសិនជាខុសនឹងច្បាប់ចរាចរណ៍នៅថ្ងៃណាមួយ ត្រូវតែដោះស្រាយតាមសន្តិវិធី ព្រោះគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាព ខ្លួនឯង និងអ្នកដទៃ ។
សូមបញ្ជាក់ថា ម៉ូតូចាស់ ដែលនគរបាលចរាចរណ៍ ស្រុកសាលាក្រៅ ផាកករណីអត់មួក និងកញ្ចក់កាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ម៉ូតូដែលដុតឆេះនោះមិនទាន់បានយកចេញពីកន្លែងអធិការដ្ឋានគរបាលស្រុកសាលាក្រៅនៅឡើយទេទាល់តែរកប្រាក់ចំនួន១២០.០០០រៀលបង់ថ្លៃផាករួចទើបអាចយកចេញបាន នេះបើតាមសម្តីរបស់ម្ចាស់ម៉ូតូខាងលើ ៕ ស សារ៉េត