ម្ចាស់មេដាយមាសកីឡាជិះស្គីលើទឹកកកល្បឿនលឿន នៅអូឡាំពិកសញ្ជាតិកូរ៉េខាងត្បូង កីឡាករ Lim Hyo-jun ត្រូវបានផ្តន្ទាទោសពីបទបៀតបៀនផ្លូវភេទលើកីឡាករម្នាក់ ដោយទាញខោរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសរបស់តុលាការក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
កីឡាករវ័យ២៣ឆ្នាំ Lim Hyo-jun បានឈ្នះមេដាយមាសក្នុងប្រភេទកីឡាជិះស្គីលើទឹកកកចម្ងាយ១៥០០ ម៉ែត្រ នៃព្រឹត្តិការណ៍កីឡា រដូវរងារកាលពីឆ្នាំ២០១៨ នៅ Pyeongchang ហើយក៏បានឈ្នះមេដាយសំរឹទ្ធ ក្នុងចម្ងាយ ៥០០ ម៉ែត្រផងដែរ ។ ប៉ុន្តែកាលពីឆ្នាំ២០១៩ កីឡាកររូបនេះត្រូវបានចោទប្រកាន់ ពីបទបង្ខំឲ្យទាញសម្លៀកបំពាក់ជនរងគ្រោះនៅចំពោះមុខមិត្តរួមក្រុម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិ ក៏ត្រូវបានហាមឃាត់មិនឲ្យប្រកួតប្រជែងអស់រយៈពេលមួយឆ្នាំ។
អ្នកនាំពាក្យតុលាការក្រុងសេអ៊ូលបានឲ្យដឹងថា កីឡាកររូបនេះត្រូវបានពិន័យជាប្រាក់ចំនួន៣លានវ៉ុន (ប្រមាណ២៥០០ដុល្លារ) ហើយព្រះរាជអាជ្ញាបានស្នើសុំកាត់ទោសឲ្យជាប់ពន្ធនាគារ។
ប្រទេសកូរ៉េខាងត្បូងស្ថិតនៅក្នុងតារាងចំណាត់ថ្នាក់មេដាយទាំង១០នៅអូឡាំពិករដូវក្តៅ និងរដូវរងា ហើយមសនការប្រកួតប្រជែងខ្លាំងស្ទើរតែទូទាំងប្រទេសសម្រាប់សហគមន៍កីឡារបស់ខ្លួន។ ប៉ុន្តែការរំលោភបំពាន លើរាងកាយ និងពាក្យសម្ដី គឺមានច្រើនណាស់ ។
សហគមន៍ជិះស្គីល្បឿនលឿន របស់ប្រទេសកូរ៉េ បានប្រឈមមុខនឹងរឿងអាស្រូវរំលោភបំពានធ្ងន់ធ្ងរ ជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីឆ្នាំ២០១៩ម្ចាស់មេដាយមាសអូឡាំពិកកីឡាការិនី Shim Suk-hee ត្រូវបានអតីតគ្រូបង្វឹករបស់នាងបៀតបៀនផ្លូវភេទ និងរំលោភលើរូបនាងជាច្រើនដងផងដែរ ៕