នៅក្នុងសន្និសិទកាសែតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ត្រូវនឹងថ្ងៃចន្ទ…….. លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា មិនមានករណីឆ្លងជំងឺកូវីដ១៩ហើយក៏ពុំមានករណីជាសះស្បើយដែរខណៈអ្នកជំងឺកូវីដ១៩បានជាសះស្បើយសរុបចំនួន១២០នាក់។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាលនៅតែបន្តទទូចអំពាវនាវអោយប្រជាពលរដ្ឋខិតខំយកចិត្តទុកថែរក្សាអនាម័យអោយខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាលជាពិសេសក្រសួងសុខាភិបាល។បើទោះបីនៅកម្ពុជាមានសញ្ញាវិជ្ជមានយ៉ាងណាក៏ដោយក៏នៅលើពិភពលោកមិនឃើញមានការថមថយនោះទេអំពីបញ្ហាជំងឺកូវិត១៩នេះ។
គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,១៧៩,៨៥៨ករណីហើយ។ក្នុងនោះអ្នកស្លាប់ចំនួន ២៨៣,៨៥០នាក់ និងជាសះស្បើយឡើងវិញ ១,៤៩០,៥៣៥នាក់។យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៣៦៧,៣៩៧នាក់ ស្លាប់ចំនួន ៨០,៧៧៤នាក់ និងជាសះស្បើយចំនួន ២៥៦,២៨២នាក់។
រីឯនៅប្រទេសជប៉ុនគ្រែ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងទីក្រុងតូក្យូ គឺកំពុងប្រឈមការខ្វះ ខណៈប្រមាណជាង ៩០% នៃគ្រែសរុបទាំងអស់ បានពេញដោយអ្នកជំងឺ។ នេះជាការអះអាងពីក្រសួងសុខាភិបាលជប៉ុន។គ្រែសម្រាប់ព្យាបាលកូវីដ ១៩ សរុប ១ ៨៣២នាក់ ក្នុងចំណោមគ្រែសរុប ២០០០កន្លែង ស្មើនឹង ៩១,៦% ត្រូវ គេប្រើព្យាបាលអ្នកជំងឺ នាំឲ្យទីក្រុងសេដ្ឋកិច្ច នយោបាយ និងទេសចរណ៍ដ៏សំខាន់របស់ជប៉ុនមួយនេះ កំពុងប្រឈមខ្វះខាតគ្រែសម្រាប់ ទទួលអ្នកជំងឺថ្មីៗ ជំរុញរដ្ឋាភិបាលក្រុងតូក្យូ កំពុងពង្រីកគ្រែព្យាបាលប្រមាណ ៤ពាន់បន្ថែមទៀត ដើម្បីត្រៀមការឆ្លងរាតត្បាតករណីថ្មី អាចផ្ទុះឡើងគ្រប់ពេល។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters មន្ត្រី ក្រសួងសុខាភិបាលជប៉ុន លើកឡើងថា ករណីផ្ទុះរាតត្បាតជំងឺកូវីដ ១៩ នឹងអាចកើតមានគ្រប់ពេលវេលា វាចាំបាច់ណាស់ ត្រូវត្រៀមគ្រែសម្រាកព្យាបាលឲ្យបានរួចរាល់ ដើម្បីឆ្លើយទៅនឹងចំនួនអ្នកឆ្លងកើនឡើងយ៉ាងគំហុគក្នុងទីក្រុង។យោងតាមទូរទស្សន៍រដ្ឋជប៉ុន NHK គិត ត្រឹមអាទិត្យកន្លងទៅ ពលរដ្ឋជប៉ុនយ៉ាងហោចណាស់ ១៦ ០០០នាក់ បានឆ្លងជំងឺកូវីដ ១៩ ក្នុងនោះប្រមាណ ៥ ០០០នាក់ជាពលរដ្ឋក្នុងទីក្រុងតូក្យូ។
ងាកមកមើលតំបន់អាស៊ីយើងនិយាយអោយចំប្រទេស សិង្ហបុរី ប្រទេសនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៨៧៦ករណីបន្ថែមទៀត ដែលប្រការនេះបាននាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ២៣,៣៣៦ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០។បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី ភាគច្រើននៃករណីឆ្លងថ្មីទាំងនេះ គឺជាពលករកាន់ប័ណ្ណការងាររយៈពេលវែង ដែលកំពុងរស់នៅតាមអគារស្នាក់នៅ សម្រាប់ពលករបរទេសក្នុងប្រទេសដីកោះតូចមួយនេះ ហើយក្នុងនោះមានតែ ០៣ករណីប៉ុណ្ណោះ ដែលជាប្រជាជនសិង្ហបុរីផ្ទាល់ ឬក៏ជាអ្នកមានទីលំនៅអចិន្ត្រៃយ៍។ ក្នុងចំណោមករណីឆ្លងសរុបទាំងអស់ចំនួន ២៣,៣៣៦ករណីខាងលើនេះ មានអ្នកជំងឺចំនួន ២០នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ២,២៩៦នាក់បានជាសះស្បើយឡើងវិញ។ សិង្ហបុរីនៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុត ក្នុងចំណោមប្រទេសអាស៊ានទាំ ១០ ប៉ុន្តែសម្រាប់ករណីស្លាប់វិញ គឺស្ថិតក្នុងកម្រិតទាប.។
ផ្ទុយពីនេះបណ្តាប្រទេសជិតខាងកម្ពុជាយើងដូចជា វៀតណាម ឡាវ ថៃ ស្ថានភាពជំងឺកូវិត១៩ហាក់ដូចជានៅទ្រឹង។ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថាចំនួនអ្នកឆ្លងសរុបរបស់ប្រទេសនេះមាន២៨៨ នាក់ តែជាសះវិញបាន២៤១ នាក់ ៤៧នាក់ ទៀត បានធ្វើតេស្តិ៍ពីរដងនិងរង់ចាំបញ្ជាក់ថាជាសះពិតមែន។ប្រទេសវៀតណាមមានប្រជាជនជាង ១១.០០០ នាក់ដែលនៅដាច់ដោយឡែកពីគ្នារាប់បញ្ចូលទាំងអ្នកដែលទើបនឹងបានវិលត្រឡប់មកពីបរទេសនិងអ្នកដែលបានទាក់ទងជាមួយជនភៀសខ្លួន។ ក្នុងចំណោមនោះ ១៨០ ត្រូវបានដាក់ដាច់ដោយឡែកនៅមន្ទីរពេទ្យ ៦០០០នាក់កំពុងស្នាក់នៅជំរុំកណ្តាលដើម្បីតាមដាន។ប្រទេសវៀតណាមបាននាំយកពលរដ្ឋ ២៧៦ នាក់មកពីប្រទេសកាណាដាដែលជាចំណុចក្តៅ Covid19ធំជាងគេទីបីនៅទ្វីបអាមេរិកបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីលតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះរីរុសកូវីត១៩ ខណៈប្រទេសមួយនេះ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ចំនួនអ្នកឆ្លង បានកើនឡើងក្នុងតួរលេខខ្ពស់រហូតដល់៣៤ករណីថ្មី នេះបើតាមសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង។បើតាមប្រភពបានបញ្ជាក់ថា មូលហេតុនៃការណ៍រីករាលដាលវីរុសកូវីត១៩ ខ្លាំងបែបនេះ គឺមកពីករណីនៃការឆ្លងជាចង្កោមនៅក្នុងបណ្តាក្លិបកំសាន្តមួយចំនួននៃទីក្រុងសេអូល ដែលនៅតែបន្តបើកដំណើរការយ៉ាងគឃ្លើន។ ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរក្រុងសេអ៊ូលបានបញ្ជាឲ្យបិទក្លិបកម្សាន្ត និងរង្គសាលទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលជាចង្កោមនោះ។សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ កូរ៉េខាងត្បូង មានអ្នកឆ្លងកូវីត១៩ ទូទាំងប្រទេសកើនដល់ចំនួន ១០,៨៧៤នាក់ ក្នុងនោះអ្នកជំងឺស្លាប់ចំនួន២៥៦នាក់ និងអ្នកជាសះស្បើយចំនួន៩,៦១០នាក់។
នៅកម្ពុជាប្រជាពលរដ្ឋយើងហាក់ដូចជាកំពុងភ្លេចខ្លួនខ្លះៗហើយអំពីបញ្ហាជំងឺកូវីត១៩នេះ។ ជាថ្មីម្តងទៀតក្រសួងសុខាភិបាលលករដ្ឋមន្ត្រីម៉ម ប៊ុនហេង នៅតែសម្តែងការព្រួយបារម្ភអំពីការដែលអាចផ្ទុះឡើងសាជាថ្មីអំពីជំងឺនេះដូច្នេះហើយទើបលោកអំពាវនាវម្តងហើយម្តងទៀតអោយប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនដើម្បីជៀសអោយផុតអំពីជំងឺកូវិត១៩នេះ។ ជាមួយគ្នានេះដែរ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏នៅតែអំពាវនាវអោយប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពអោយល្អប្រសើរ៕
ដោយ៖ ហេង សូរិយា