ខេត្តរតនគិរី៖ ករណីអំពើប្លន់ម្ចាស់ស្ថានីយសាំងមួយកន្លែងប្រដាប់ដោយអាវុធ និងពូថៅបានកើតឡើងនៅវេលាម៉ោង០៦និង១០នាទីព្រលប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ស្ថិតផ្លូវជាតិលេខ៧៨ ក្នុងភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង បណ្តាលឱ្យបុរសម្នាក់ជាម្ចាស់ការាស់សាំងរងរបួសធ្ងន់ និងបាត់បង់ប្រាក់សរុបជាង៣០០០$(បីពាន់ដុល្លាអាមេរិក) ។
ហេតុបានឱ្យដឹងថា ជនរងគ្រោះឈ្មោះមាស សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបគ្រូបង្រៀនសាលាបៀលប្រាយ ជាម្ចាស់ ស្ថានីយប្រេងសាំងសុវណ្ណារិទ្ធ រងរបួសធ្ងន់ ត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរបន្ទាប់ពីកើតហេតុ ។
ប្រភពពីស្ត្រីឈ្មោះឆាយរ៉ា ភ័ក្រ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរត្រូវជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា ក្នុងពេលកើតហេតុ រូបគាត់កំពុងរៀបចំទុកដាក់ឥវ៉ាន់នៅខាងក្នុង ប្តីគាត់ និងម្តាយរួមទាំងកម្មករម្នាក់ផងនោះនៅខាងមុខចាំលក់សាំង ស្រាប់តែមានមនុស្សប្រុសពីរនាក់ជិះម៉ូតូ(មិនចាំម៉ាក)ឌុបគ្នាមកឈប់ម្នាក់មានស្ពាយកាំភ្លើងវែង និងម្នាក់ទៀតកាន់ពូថៅបានស្ទុះទៅប្រតាយប្រតប់ប្តីគាត់ និងយកពូថៅ វាយសំពងទៅលើឆ្អឹងជំនី និងខ្នងបោះដៃផុតប្តីគាត់ប្រមាណ៦ទៅ៧ពូថៅ បណ្តាលឱ្យប្តីគាត់ដួលសន្លប់ក្បែរគ្រែ ចំណែកម្នាក់ទៀតស្ទុះទៅទាញរុះរើយកកាបូបលុយរួចនាំគ្នាឡើងជិះម៉ូតូទឹសដៅឆ្ពោះចូលក្រុងបានលុងបាត់ ។
មួយសន្ទុះក្រោយមកទើបមានសមត្ថកិច្ចនគបាលក្រុងសង្កាត់ និងកងរាជអាវុធហត្ថក្រុងរួមទាំងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរមកដល់ជួយអន្តរាគន៍។
ប៉ុន្តែក្រុមចោប្លន់នោះបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ សមត្ថកិច្ចមិនទាន់អាចកំណត់មុខសញ្ញាបាននៅឡើយទេភ្លាមៗនោះ។
ស្ត្រីជាប្រពន្ធជនរងគ្រោះបានប្រាប់ថា រាល់សព្វដង គាត់មិនដែលទុកលុយនៅកន្លែង(ជាប់ខ្លួន) ច្រើនទេ តែថ្ងៃនេះគាត់ត្រៀមលុយសំរាប់ទូទាត់សងឥវ៉ាន់គេ ប៉ុន្តែរវល់ពេកមិនទាន់បានយកទៅឱ្យគេផងក៏ត្រូវចោប្លន់បែបនេះតែម្តង។
សូមបញ្ជាក់ថា នៅក្នុងខេត្តរតនគិរី ពេលបច្ចុប្បន្ននេះសំបូរទៅដោយវង់ល្បែងស៊ីសងគ្រប់ប្រភេទរាប់មិនអស់ ទើបជាដើមចមនៃអំពើចោរកម្មដូចជាល្បែងសង្វៀនប្រជល់មាន់ ទូហ្គេមបង្វក់ខួរក្បាលក្មេងភ្នាល់បាល់ជាដើមច្រើនកន្លែង និងវង់បៀរគ្រប់ប្រភេទនៅតាមផ្ទះជុំវិញផ្សារក្រុងបានលុង ជាពិសេសគឺល្បែងឆ្នោត(កន្ទុយលេខ) ដែលមានមេធំៗជាច្រើនទៀតស្ទើរពេញក្រុង និងបណ្តាស្រុកទៅហើយ មិនដែលឃើញមានសមត្ថកិច្ចណាមួយហ៊ានចុះទៅបង្ក្រាបម្តងណានោះឡើយ ភាគច្រើនថែមទាំងមានខ្នងបង្អែកជាសមត្ថកិច្ចទៀតផង ។
គ្រប់វង់ល្បែងស៊ីសងទាំងនោះទំនងផ្តល់លាភសក្ការដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ហើយទើបដំណើការរលូនបែបនេះ ហើយអំពើចោរកម្មជាច្រើនលើកក្រុមចោរតែងតែគេចផុតពីសមត្ថកិច្ចមិនដែលរកមុខសញ្ញាឃើញនោះទេសម្រាប់ខេត្តរតនគិរីមួយនេះ ៕
ដោយ៖ អ៊ុច សាវុទ្ធ