ខេត្តកណ្តាល៖ មេងក្លោងជួញដូរ២នាក់ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំស្រាវជ្រាវឡោមព័ទ្ធចាប់ខ្លួនបាន កាលពីវេលាម៉ោង១៦ និង២៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅត្រង់ចំណុចចម្ការល្មុតមួយកន្លែង ស្ថិតក្នុងភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀននេះដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ ។ ជាលទ្ធផលរឹបអូសបានវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២៨កញ្ចប់(ធំ១កញ្ចប់/តូច២៧កញ្ចប់ស្មើនឹងទម្ងន់៥.២៣ក្រាម) ,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ,ទូរស័ព្ទដៃ០១គ្រឿង ,កាបូបយួរចំនួន០១ ,សម្ភារៈសម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រៀងញៀនមួយចំនួនទៀត ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀននោះទី១-ឈ្មោះ ប្រាំង ភារៈ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោចក្រកាត់ដេរ មានទីលំនៅក្នុងភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ទី២-ឈ្មោះ ឆុំ ស្រីមួយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។
លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបន្តថា ក្រុមជនសង្ស័យខាងលើនេះជាមុខសញ្ញាដែលសមត្ថកិច្ចនករបាលស្រុកកំណត់ និងតាមដានជាយូរមកហើយ ។ នៅមុនពេលឃាត់ខ្លួនជនសង្ស័យ គឺនៅវេលាម៉ោងប្រមាណ១២និង២០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ លោកបានទទួលព័ត៌មានថាក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងសម្ការៈល្មុត ស្ថិតក្នុងភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ។
លោកអធិការបានបញ្ជាក់ថា បន្ទាប់បីទទួលបានព័ត៌មានលោកបានដឹកនាំកម្លាំងនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី ចុះទៅធ្វើការឡោមព័ទ្ធទីតាំងចម្ការល្មុត រហូតឈាលដល់ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ រួមជាមួយវត្ថុតាងជាក់ស្តែងខាងលើនេះ ខណៈដែលជនសង្ស័យ៣នាក់ទៀតរត់គេចខ្លួនទាន់ពេលវេលា ។
ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌ស្រុកកោះធំបានកសាងសំណុំរឿងគ្រប់គ្រាន់អស់ហើយ ដើម្បីបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃទ១៨ ខែមករា ឆ្នាំ២០១៦ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
...
ដោយ៖ ស្អាងជ័យ