ខេត្តកំពង់ធំ៖ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៦ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បន្តចុះពិនិត្យលក្ខណៈបច្ចេកទេសម៉ាស៊ីនបូមទឹក និងដំណើរការការងារបូមទឹកសម្រាប់ផ្គត់ផ្គង់ស្រូវប្រាំងជូនបងប្អូនប្រជាកសិករ នៅក្នុងខេត្តកំពង់ធំ ។
ថ្លែងនៅក្នុងពេលចុះពិនិត្យការងារ លោកស្រីរដ្ឋលេខាធិការ បានប្រាប់ឱ្យដឹងថា ទន្ទឹមនឹងដំណើរការបូមទឹកយ៉ាងសកម្មសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវជូនបងប្អូនប្រជាកសិករ និងស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ លោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាឱ្យមន្ត្រីបច្ចេកទេសរបស់ក្រសួង ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយម នៅតាមបណ្តារាជធានីខេត្ត ត្រូវចុះពិនិត្យ និងធ្វើការជួសជុល ថែទាំ ម៉ាស៊ីនបូមទឹកគ្រប់ធុនដែលមាន ឱ្យបានជាប់ជាប្រចាំ ។
លោកស្រីបានបន្តថា បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែង សម្រាប់ខេត្តកំពង់ធំនេះ ម៉ាស៊ីនបូមទឹកដែលត្រូវធ្វើការជួសជុលសរុបមានចំនួន ២០ គ្រឿង ដោយមួយចំនួនយើងអាចជួសជុលនៅត្រឹមមន្ទីរបាន ឯមួយចំនួនទៀតគឺតម្រូវឱ្យយើងដឹកជញ្ជូនមកធ្វើការជួសជុលនៅក្រសួងធនធានទឹក និងឧតុនិយម ។
លោកស្រីបានបញ្ជាក់បន្ថែមថា ដោយឡែកការងារបូមទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តកំពង់ធំ គឺយើងកំពុងបន្តដំណើរការនៅលើ ១២ ទីតាំង ក្នុងក្រុងស្រុកចំនួន ០៤ រួមមាន ស្រុកសន្ទុក កំពង់ស្វាយ ប្រាសាទសំបូរ និងក្រុងស្ទឹងសែន ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម សរុបចំនួន ១៥ គ្រឿង ។ លោកស្រីបន្តថា ស្រុកសន្ទុក យើងកំពុងដំណើរការនៅលើ ០២ ទីតាំង ដោយប្រើប្រាស់ម៉ាស៊ីន ចំនួន ០២ គ្រឿង, ស្រុកកំពង់ស្វាយ ចំនួន ០៥ ទីតាំង ប្រើប្រាស់ម៉ាស៊ីន ចំនួន ០៦ គ្រឿង, ស្រុកប្រាសាទសំបូរ ចំនួន ០៣ ទីតាំង ប្រើប្រាស់ម៉ាស៊ីន ចំនួន ០៣ គ្រឿង និងក្រុងស្ទឹងសែន ចំនួន ០២ ទីតាំង ប្រើប្រាស់ម៉ាស៊ីន ចំនួន ០៤ គ្រឿង ៕
ដោយ៖ សុខ ខេមរា