ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវឲ្យពលរដ្ឋបង្កើនការថែរក្សាសុខភាពតាមគោលការណ៍របស់ក្រសួងសុខាភិបាល បើទោះបីនៅសល់អ្នកជំងឺកូវីដ-១៩តែម្នាក់ក៏ដោយ ដើម្បីការពារការចម្លងថ្មីនៃជំងឺកូវីដ-១៩ពីមនុស្សមា្នក់ទៅ មនុស្សម្នាក់ទៀត ឬទៅសហគមន៍។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសទទួលសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ជាច្រើន ពីអង្គការការីតាសកម្ពុជានាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាលា រាជធានីភ្នំពេញ សម្រាប់បែងចែកទៅតាមសង្កាត់និងមូលដ្ឋាន ដើម្បីបង្កើនការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អំណោយម៉ាស់ អាល់កុល និងខិត្តប័ណ្ណអប់រំពីការថែរក្សាអនាម័យជាច្រើនរបស់អង្គការការីតាសកម្ពុជានេះនឹងត្រូវចាត់ចែងបន្តជូនដល់អាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ នៅមូលដ្ឋាន ខណៈដែលជំងឺនេះបាននិងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជារបស់យើងក៏បាននិងកំពុងប្រឈមដែរនោះ។
លោក ឃួង ស្រេង បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះ អង្គការការីតាសកម្ពុជា ដែលបានចូលរួមចំណែក ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ នេះ។
លោក ឃួង ស្រេង បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩នេះដោយត្រូវការពារខ្លួនឱ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេកនិងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ ពិសេស លាងដៃ ពាក់ម៉ាស់ការពារ ជៀសឱ្យបានការជួបជុំប្រមូលផ្តុំគ្នាជាដើម ដើម្បីទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ទៀត និងទៅសហគមន៍។
លោកគឹម រតនៈ នាយកប្រតិបត្តិអង្គការការីតាសកម្ពុជាបានថ្លែងថា ការផ្តល់អំណោយជាសម្ភារមាន ម៉ាស់ សាប៊ូ អាល់កុល និងខិត្តប័ណ្ណផ្សព្វផ្សាយដល់រដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ គឺដើម្បីចូលរួម ចំណែកជាមួយអាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ-១៩ ដែលធានាបានសុខភាពសុវត្ថិភាព ប្រជា ពលរដ្ឋ ៕ដោយ៖សំរិត