ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃ គណៈអភិបាលខណ្ឌចំការមន ជំរុញឲ្យប្រជាពលរដ្ឋគិតគូរយកចិត្តទុកដាក់ថែរក្សា សុខភាព កុំមានការធ្វេសប្រហែសឲ្យសោះ បើទោះបីជាមួយរយៈចុងក្រោយនេះ ក្រសួងរកមិនឃើញករណីអ្នកឆ្លងថ្មី ក៏ដោយ យើងត្រូវបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការបង្កានិងទប់ស្កាត់ការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មីកូវីដ១៩ ។
ការជំរុញនេះ ធ្វើឡើងខណៈលោក អភិបាលខណ្ឌចំការមនអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ផ្សព្វផ្សាយ បិទខិតបណ្ណពីការបង្ការជម្ងឺឆ្លងកូវិដ១៩ ជូនប្រជាពលរដ្ឋមានទីលំនៅតាមបណ្តោយប្រឡាយលូបឹងត្របែក ស្ថិតក្នុងភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២០នេះ ។
លោក ថេង សុថុល ក្នុងពិធីសំណេះសំណាលនោះ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវតែបន្តយកចិត្តទុកដាក់ ថែរក្សាសុខភាព កុំមើលស្រាលចំពោះស្ថានភាពនៃជម្ងឺឆ្លងជាដាច់ខាត បើទោះបីជារយៈកាលចុងក្រោយនេះ ក្រសួងសុខាភិបាលមិនមានរកឃើញអ្នកជម្ងឺឆ្លងថ្មីក៏ដោយ ហើយត្រូវស្តាប់ការចាក់ផ្សព្វផ្សាយតាម មេក្រូ នៅក្នុងភូមិសង្កាត់នាសព្វថ្ងៃនេះ ត្រូវថែរក្សាអនាម័យ និងបរិស្ថានកន្លែងស្នាក់នៅត្រូវប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបស្អាត ជាពិសេសអនាម័យចំពោះកុមារតូចៗផងដែរ។
លោកអភិបាលខណ្ឌ ក៏បានបន្ថែមទៀតថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ នូវវីរុស(COVID-19) នេះសូមឲ្យប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើ ការដឹកនាំនិងធ្វើទៅតាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សេចក្តីណែនាំ របស់ក្រសួងសុខាភិបាលពីវិធានការក្នុងការការពារនៃការឆ្លង មេរោគកូវីដ ១៩នេះ ។
សូមជម្រាបថា ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៦ ឧសភានេះបានចេញ សេចក្តីប្រកាសថា អ្នកជម្ងឺកូវិដ១៩ ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជម្ងឺទី១២២ បានជាសះស្បើយ ដែលធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសគ្មានអ្នកជំងឺកូវិដ១៩ ទៀតទេ ។
គួរបញ្ជាក់ថា ក្នុងឪកាសចុះសំណេះសំណាល លោក ថេង សុថុល ក៏បាននាំយកអំណោយបន្តិចបន្តួចសម្រាប់ ជូនប្រជាពលរដ្ឋប្រមាណ៦០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ៥គីឡូក្រាម ឃីតមួយកញ្ចប់តូចផងដែរ ៕ដោយ៖ស រស្មី