ភ្នំពេញ៖ ឧទ្ធម្ភាគចក្រកំពុងហោះហើរឆ្វែលទៅកាន់ទីតាំងដែលសង្ស័យថា ជាកន្លែងលាក់ទុកនូវឈើល្មើសច្បាប់ជាច្រើនរយម៉េត្រគូប ដែលប្រតិបត្តិក្តៅគគុកនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ជាមួយនឹងក្រុមការងារ ។
កងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថជាច្រើននាក់កំពុងឡោមព័ទ្ធទីតាំងស្តុកឈើមួយកន្លែងស្ថិតនៅតំបន់អូរគគីរ ឃុំរលួសស្រែចេស ស្រុកសំបូរ ខេត្តក្រចេះ ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ ។
កំណាត់ឈើ រួមទាំងឈើអារជាស៊ីឡាំង បានដាក់រប៉ាត់រប៉ាយលើផ្ទៃដីជិត១គីឡូម៉ែត្របួនជ្រុង ត្រូវបានម្ចាស់ឈើរត់គេចខ្លួន បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបានចុះទៅកាន់ទីនោះ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ។ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ និងខេត្តស្ទឺងត្រែង ជាច្រើននាក់បានយាមនៅទីនោះ ដើម្បីការពារមិនឲ្យមានការចល័តឈើចេញពីរង្វង់របស់សមត្ថកិច្ចឡោមព័ទ្ធ ដោយមានការបោះបង់ជាជំរំការពារ ។
ប្រភេទឈើធ្នង់ និងសុក្រំ យ៉ាងតិចជិត១ពាន់ម៉ែត្រគូបត្រូវបានរកឃើញនៅក្នុងឃ្លាំងរបស់ឧកញ៉ា លឹម ប៊ុនណា ហៅខ្នា បន្ទាប់ពីលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងលោកវ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការដឹកនាំកម្លាំង ចុះឆែកឆេរកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ។
បើតាមការបញ្ជាក់ឲ្យដឹងពីក្រុមឈ្មួញខ្លះបង្ហើបថា ឈើនៅខេត្តក្រចេះដ៏ច្រើន ហើយនាយឧត្តមសេនីយ៍សៅ សុខា កំពុងដឹកនាំកម្លាំងបង្ក្រាបដ៏ក្តៅគគុកនេះ ត្រូវបានបានគេដឹងថា ជាឈើរបស់ឧកញ៉ា វន ប៊ុនថៃ ហៅឧកញ៉ាថៃ ប្រមូលទិញពីចំណុចកោះញែក ខេត្តមណ្ឌលគីរី ក្នុងនោះមានឈ្មួញ២នាក់ នៅក្រុងក្រចេះ និងនៅស្រុកស្នល ជាអ្នកមើលការខុសត្រូវសម្រាប់ទីតាំងលាក់ឈើដ៏ច្រើនសន្ធឹកសន្ធាប់នេះ ។
សមត្ថកិច្ចកងរាជអាវុធហត្ថ បានបំពេញកាតព្វកិច្ចតាមភារកិច្ចតួនាទីប្រកបដោយភាពម៉ឹងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ក្នុងនោះកម្លាំងជំនាញកំពុងតែបន្តនីតិវិធីក្នុងការស៊ើបអង្កេតស្រាវជ្រាវរកទីតាំងលាក់ឈើខុសច្បាប់ កាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូនដើម្បីបោសសម្អាត តាមការណែនាំរបស់រាជរដ្ឋាភិបាល ៕
ដោយ៖ សុខ ខេមរា