កម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត ចុះរុះរើក្បូនឈើលួចដឹកទំនិញឆ្លងដែនខុសច្បាប់នៅចំណុចច្រកស្ទឹងបត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀល ថ្ងៃអាទិត្យ ១១​រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២០ កម្លាំងយោធាផ្នែក
សឹករងក្រុងប៉ោយប៉ែត ក្រោមការដឹកបញ្ជាផ្ទាល់ពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការចុះរុះរើក្បូនធ្វើពីឈើបណ្តែតទឹកដឹកទំនិញឆ្លងដែនខុសច្បាប់មួយកន្លែង ក្នុងភូមិសាស្ត្រ ខាងត្បូងផ្លូវជាតិលេខ៥ ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោក ង៉ោ ម៉េងជ្រួន បានឲ្យដឹងថា យោងតាមអនុសាសន៍របស់ ប្រមុខថ្នាក់នាំជាពិសេស បទបញ្ជារបស់ សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យទប់ស្កាត់ពលករឆ្លងដែន ទំនិញឆ្លងដែនគ្រប់ច្រករបៀងទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺcovid-19ខណៈដែលប្រទេសថៃក៏បានទប់ស្កាត់ដូចប្រទេសកម្ពុជាដែរនោះ
គណៈកម្មការរបស់លោកបានធ្វើសកម្មភាពជារៀងរាល់យប់ថ្ងៃ នៅតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ ប្រវែង១៧៦គីឡូម៉ែត្រ។ នៅរសៀលថ្ងៃ១៧ ឧសភា នេះដោយឃើញមានភាពមិនប្រក្រតី នៅចំណុចប៉ុស្តិ៍ស្ទឹងបត់នេះ មានទាំងក្បូននិងមានការសង់រោងថ្មីលោកក៏បានសហការជាមួយកម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត ដើម្បីធ្វើការរើក្បូននិងរោងនោះចេញ ។
លោកអភិបាលរងបន្តទៀត ក្បូនដែលគេធ្វើដើម្បីឆ្លងដឹកទំនិញខុសច្បាប់ទាំងនោះកម្លាំងយោធាបានប្រទះឃើញនៅចំណុច
ក្រោមគុម្ពឫស្សីមួយកន្លែងដោយលោកមិនទាន់ហ៊ានសន្និដ្ឋានថាជារបស់កម្លាំងខាងណាដែលធ្វើសកម្មភាពនៅឡើយទេ គ្រាន់តែរុះរើយកវត្ថុតាងទាំងនោះមករក្សាទុកជាបណ្តោះអាសន្នសិន។
ពាក់ព័ន្ធនឹងករណីនេះដែរ លោក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងតាមបណ្តាទំនាក់ទំនង what’s app ថា ដោយសារចំណុចនោះតែងមានបទល្មើសឆ្លងដែនខ្លះៗ ទើបកូនចៅរបស់លោក រាយការណ៍មកសុំសង់រោង ដើម្បីសង្កេតមើលនិងដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ។
លោកមេបញ្ជាការបន្តទៀតថា ចំពោះក្បូនឆ្លងដែនគឺមានការឆ្លើយដាក់គ្នាដោយម្ខាងឆ្លើយថារបស់នគរបាល ហើយម្ខាងទៀតឆ្លើយថា ជារបស់ទាហាន ហើយករណីនេះលោកហ៊ានធានាអះអាងថា កូនចៅរបស់លោក ដែលឈរជើងនៅតំបន់ភូមិសាស្ត្រនោះ គ្មានការពាក់ព័ន្ធដាច់ខាត ចំពោះបទល្មើសឆ្លងដែនខុសច្បាប់ ដោយមិន ពាក់ព័ន្ធចំពោះក្បូននោះឡើយ ហើយរោងដែលទើបនិងសង់ លោកក៏បានបញ្ជារើចេញឲ្យអស់ហើយដែរ៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print