សត្វជ្រឹង គឺជាប្រភេទថនិកសត្វ ដែលស្លូត ប៉ុន្តែមនុស្សហាក់មិនចូលចិត្ត ដោយសារតែរូបរាង ជាប់ក្លិនឆ្អេះឆ្អាប

ចែករំលែក៖

ភ្នំពេញ៖ សត្វជ្រឹងនៅកម្ពុជា ត្រូវបានចែក ចេញជា០៣ប្រភេទ គឺជ្រឹងធំ ជ្រឹងមធ្យម និងជ្រឹងកោះ ហើយក៏ជាប្រភេទថនិកសត្វតែ០១ គត់ដែលអាចហោះហើរបាន ចំណែកឯចំណី អាហាររបស់វាវិញ មានដូចជា ផ្លែឈើទុំផ្កា និងលំអងផ្កា ជាដើម។ បើទោះជាជ្រឹងជាសត្វដែលមិនស៊ីសាច់ជាអាហារ និងជាសត្វស្លូត ដែលខុសពីប្រភេទប្រចៀវមួយចំនួនដែលស៊ីសាច់ជាអាហារក៏ដោយ ក៏ប៉ុន្តែរូបរាងរបស់វាធ្វើឱ្យមនុស្សមិនសូវចូលចិត្តទៅវិញ។

សូមបញ្ជាក់ថា សត្វជ្រឹងនៅប្រទេសកម្ពុជា មានស្ទើរគ្រប់ទីកន្លែង ប៉ុន្តែសម្រាប់នៅរាជធានីភ្នំពេញវិញ នៅពេលដែលយើងធ្វើដំណើរតាមផ្លូវរង្វង់មូលវត្តភ្នំផ្នែកខាងកើត យើងតែងសង្កេតឃើញសត្វជ្រឹងរាប់ពាន់ក្បាលកំពុងតោង ឬដេក នៅលើដើមឈើមួយដើមធំ ដោយក្បាលចុះក្រោម និងក្រញ៉ាំតោងមែកឈើ នៅក្នុងបរិវេណទីតាំងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជារៀងរាល់ថ្ងៃ អ្នកដែលនៅជិតនោះតែងតែលឺសម្លេងស្រែកយំចេកចាចឡើង កងរំពងរបស់ពួកវានៅលើក្នុងលំហវេហាស៍ប្រៀបបាននឹងតូរ្យតន្ត្រីម្យ៉ាងដែលតែងតែបំពេរអារម្មណ៍ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្លះវិញ គិតថាជាការរំខានទៅវិញ។ 

អ្នកមីង ស្រ៊ុន គន្ធា ដែលជាអ្នកលក់ផ្កានៅបរិវេណវត្តភ្នំប្រហែលជិត៦ឆ្នាំមកហើយ បានឱ្យដឹងថា៖ ខ្ញុំសាំទៅហើយ ចំពោះសម្លេងសត្វជ្រឹងនេះ កាលពីមុនអាចថារំខានដែរ តែពេលនេះអត់ទេ។ ចំពោះអ្នកដំណើរវិញ ឱ្យតែជិះកាត់បរិវេណនេះ ខ្ញុំសង្កេតឃើញថា ពួកគាត់តែងតែងើយមើលរកប្រភពសម្លេងផងដែរ។ ចំពោះសត្វជ្រឹង ពួកវាមកនៅតាំងពីពេលណានោះ ខ្ញុំក៏ពុំដឹងដែរ គ្រាន់តែ ពេលដែលខ្ញុំចាប់ផ្តើមលក់ផ្កានៅទីនេះគឺ ឃើញវារស់នៅរួចទៅហើយ

សត្វជ្រឹងតែងតែចេញរកចំណីរនៅពេលយប់ ព្រោះភ្នែករបស់ពួកវាមើលច្បាស់នៅពេលយប់ និងដេកនៅពេលថ្ងៃ។ ជាទូទៅគេសង្កេតឃើញថា សត្វជ្រឹង ក៏ស្ថិតក្នុងអំបូរប្រចៀវផងដែរ ហើយពួកវាចូលចិត្តរស់នៅទីកន្លែងងងឹតដែលមិនសូវមានពន្លឺព្រះ អាទិត្យចាំងដល់ដែលជាលក្ខខណ្ឌសម្រាប់ពួកវាដេកនៅពេលថ្ងៃ ម្យ៉ាងទៀតពួកវាចូលចិត្តរស់នៅទីព្រៃឆ្ងាយ ដើម្បី គេចពីការតាមប្រមាញ់របស់មនុស្សផងដែរ។ 

ជាទូទៅសត្វជ្រឹងធំ គឺមានទំហំធំជាងគេក្នុងអំបូរនេះ ហើយដែលជ្រឹងខ្លះអាចមានប្រវែងសន្ធឹងស្លាបទាំងសងខាងដល់ទៅ២ម៉ែត្រឯណោះ។ជ្រឹងទាំង០៣ប្រភេទនេះ មានរូបរៀងស្រដៀងគ្នាខុសទំហំ និងកន្លែងរស់នៅរបស់ពួកវាប៉ុណ្ណោះ ដោយជ្រឹងកោះរស់នៅតាមកោះនានាខណៈជ្រឹងធំ និងជ្រឹងមធ្យម រស់នៅតាមដើមឈើខ្ពស់ៗ។  ជាទូទៅជ្រឹងធំ មានពណ៌លឿងទុំ និងត្នោតក្រម៉ៅ ហើយពណ៌នេះនឹងប្រែប្រួលខ្លះៗទៅតាមវ័យរបស់ពួកវា។

សម្រាប់ជ្រឹងធំ ឬជ្រឹងមធ្យម យើងអាចងាយឃើញនៅបរិវេណជិតវត្តភ្នំក្នុងទីក្រុងភ្នំពេញ និងសួនក្បែរព្រះរាជដំណាក់ ក្នុងខេត្តសៀមរាបជាដើម។ ពាក់ព័ន្ធនឹងការអភិរក្សវិញ ជ្រឹងធំក៏ត្រូវបានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែង របស់ អង្គការស ហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ៕ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print