ព្រះសីហនុ ៖ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានឲ្យដឹងថា ដើមឈើមួយដើមដែលរក្សាទុកនៅកណ្តាលផ្លូវ ត្រូវបានដាក់នាម ថា “ដើមឈើចាំស្នេហ៍” ។ ជាដើមឈើនៅទ្រូងផ្លូវ នាវិថីជំទាវម៉ៅ ។ នាមនេះ ត្រូវបានដាក់ឱ្យមាន នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ។
ផ្លូវមួយខ្សែនេះ ត្រូវបានដាក់ឈ្មោះថា “វិថីជំទាវម៉ៅ” គឺជាផ្លូវមួយ ក្នុងចំណោមផ្លូវក្រុងចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុ ប្រវែងសរុប៨២,១៤៥ គីឡូម៉ែត្រ ដែលកំពុងត្រូវបានសាងសង់ គិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ សម្រេចការសាងសង់បានចំនួន៩០,៦០ភាគរយហើយ។
បើតាមផេក ប្រជាជនខេត្តព្រះសីហនុ បាននិទានរឿង ដើមឈើចាំស្នេហ៍។ …កាលគ្រាមួយនោះ មានគូរស្នេហ៍មួយគូរ ដែលបានស្គាល់គ្នា និងរាប់អានគ្នាតាំងពីនៅវ័យកុមារភាពមកម្ល៉េះ ដោយអ្នកទាំងពីរ រៀនសាលាជាមួយគ្នា ថ្នាក់ជាមួយគ្នាទៀតផង រហូតដល់អ្នកទាំងពីរ បានចាប់ចិត្តប្រតិព័ទ្ធគ្នា ទៅវិញទៅមក ។ ជាធម្មតាក្រៅពីម៉ោងសិក្សា ពេលទំនេរពួកគេ តែងនាំគ្នាមកលេងកំសាន្ដតាមឆ្នេរសមុទ្រ គយគន់ទេសភាពរុក្ខជាតិ ស្ដាប់សម្លេងទឹករលក មើលថ្ងៃរៀបលិច និងផ្ដោះផ្ដងសាសងគ្នា យ៉ាងផ្អែមល្ហែមរបស់គូរស្នេហ៍។
ថ្ងៃមួយដូចសព្វមួយដង ក្រោយពីសម្រាកពីការសិក្សា អ្នកទាំងពីរបានទៅលេងនៅឆ្នេរសមុទ្រ ហើយដើរលេងក្នុងព្រៃក្បែរៗនោះ ក៏បានជួបដើមឈើមួយដើមធំ ខ្ពស់ និងល្អស្រស់ជាងដើមឈើដទៃទៀត បើមើលពីចម្ងាយមានអារម្មណ៍ថា នៅលើដើមឈើមួយដើមនោះ មានរូប នារីម្នាក់ ពួកគេក៏បានលុតជង្គង់ និងបួងសួងព្រមគ្នាថា “បើសិនជាយើងខ្ញុំទាំងពីរ ពិតជាគូរពិតប្រាកដមែន សូមឲ្យយើងអាចរួមរស់ជាមួយគ្នារហូតទៅ” ។
បុរសជាគូរស្នេហ៍បាន បង្ហាញក្ដីស្មោះស្ម័គ្រទៅនារីម្នាក់នោះថា ៖ បងស្បថសច្ចាស្មោះតែអូនម្នាក់ ទោះជាបែបណាក៏បងមានតែអូន បងរងចាំអូន គឺអូនតែម្នាក់ប៉ុណ្ណោះដែលជាដង្ហើមជីវិតរបស់បង។ នារីរំភើបចិត្ត និងឱបបុរសម្នាក់នោះយ៉ាងណែន ហើយពួកគេក៏បន្ដទៅលេងតាមមាត់សមុទ្រតាមបែបគូរស្នេហ៍ ដែលយើងអាចស្រម៉ៃមើល ពេលគេចាប់ដៃគ្នា ញញឹមដាក់គ្នា រត់លេងជាមួយទឹករលកបោកបក់ម្ដងបន្ដិចៗ ជាមួយថ្ងៃរៀបលិចដ៏ស្រស់ស្អាត ។
ដល់ពេលវេលាដែលពួកគេត្រូវ បែកគ្នា ក្រោយពីបញ្ចប់ថ្នាក់មធ្យមសិក្សា ហើយត្រូវបន្ដយកកម្រិតឧត្តមសិក្សា ដោយខាងស្រីត្រូវទៅរៀនបន្ដ នៅមហាវិទ្យាល័យមួយ នារាជធានីភ្នំពេញ ដោយឡែក បុរសម្នាក់នោះ ជាកូនអ្នកក្រីក្រ ដោយគ្មានលទ្ធភាព គេក៏នៅរៀនជំនាញបន្ត និងធ្វើការងារខ្លះផង ក្នុងខេត្តព្រះសីហនុដដែល។
ពីមួយខែទៅមួយខែ មួយឆ្នាំទៅមួយឆ្នាំ ពួកគេទាំងពីរពុំដែលបានទាក់ទង ឬជួបគ្នាម្ដងទាល់តែសោះ បុរសជាគូរស្នេហ៍ នៅពេលដែលនឹករលឹកនារី ដែលខ្លួនស្រឡាញ់ តែងសរសេរសំបុត្រមួយច្បាប់ ដែលបង្ហាញពីសេចក្ដីនឹករលឹកដល់គូរស្នេហ៍របស់ខ្លួន ហើយតែងយកទៅដាក់ទុកនៅដើមឈើមួយ ដែលពួកគេបានបួងសួងជាមួយគ្នា គឺយកទៅជារៀងរាល់ថ្ងៃ ដោយខ្លួនសង្ឃឹមថា នារីម្នាក់នោះនឹងនឹកចាំពីខ្លួន ហើយក៏ចង់បង្ហាញថា ខ្លួនពិតជាស្រឡាញ់តែនាងម្នាក់ប៉ុណ្ណោះ ។ ពេលខ្លះនឹកពេក មានតែអង្គុយស្រម៉ៃអតីតកាល សម្រក់ទឹកភ្នែកម្នាក់ឯងក្បែរដើមឈើធំនោះ ព្រោះតែការស្រឡាញ់ និងនឹករលឹក ។ ច្រើនឆ្នាំកន្លងផុតទៅ……..។
ហេតុការណ៍មួយនឹកស្មានមិនដល់បានកើតឡើង តើអ្នកដឹងទេថាជាអ្វី ? បុរសម្នាក់នោះបានជួបឧបទ្ទហេតុគ្រោះថ្នាក់ ក្នុងអំឡុងពេលបំពេញការងារ រងរបួសធ្ងន់ សន្លប់បាត់ស្មារតី ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។ អ្វីដែលមិនគួរឲ្យជឿគឺ បុរសម្នាក់នោះ បានបាត់បង់ការចងចាំរបស់ខ្លួន។
…អ្វីដែល សំខាន់គឺ អ្វីៗគ្រប់យ៉ាងនៅចាំទាំងអស់ លើកលែងតែរឿងមួយ នោះគឺរឿងរាល់គូរស្នេហ៍របស់ខ្លួន មនុស្សម្នាក់ដែលគេតែងដើរគិត ដេកគិតដល់គ្រប់ពេលនោះ គែហាក់ដូចជាមនុស្សថ្មីម្នាក់អ៊ីចឹង អរ…តែភ្លេចបញ្ជាក់ជូនប្រិយមិត្តថា ហេតុតែជានិស្ស័យ គ្រូពេទ្យដែលមើលថែ ព្យាបាលបុរសម្នាក់នោះ គឺនារីដែលជាគូរស្នេហ៍របស់គាត់នោះហើយ តែអភ័ព្វព្រោះតែ ខាងប្រុសបានបាត់បង់ការចងចាំអស់ហើយ ។ អាណិតពួកគេណាស់ ស្រឡាញ់គ្នាយូរហើយ បែកគ្នាយូរហើយ តែដល់ពេលបានជួប បែរជាជួបទាំងបែបនេះ ប្រសិនបើជាអ្នក បានជួបគូរស្នេហ៍របស់ខ្លួន ហើយបែរជា មនុស្សដែលយើងស្រឡាញ់ ភ្លេចយើង មិនស្គាល់យើង តើអារម្មណ៍យើងនឹងទៅជាបែបណា ? មិនខុសពីគ្នាទេ ក្រៅតែពីលួចយំម្នាក់ឯង ស្ទើរតែគ្មានសង្ឃឹមក្នុងខ្លួន ព្រោះដូចបាត់បង់មនុស្សម្នាក់ពីលើផែនដីនេះ។
តែទោះបីជា យ៉ាងណា នាងមិនបានបោះបង់ចោលបុរសម្នាក់នោះទេ នាងព្យាយាមរិះរកគ្រប់វិធី ធ្វើយ៉ាងណាដើម្បីឲ្យមនុស្ស ដែលខ្លួនស្រឡាញ់មានការចងចាំឡើងវិញ ។ ត្រង់នេះ ចង់បង្ហាញ ពីភក្ដីភាព ចំពោះគ្នាទៅវិញទៅមក របស់គូរស្នេហ៍មួយគូរនេះ បើទោះបីដឹងថាខាងប្រុសគ្មានអ្វីក៏ដោយ តែដោយសារក្ដីស្រឡាញ់ ដោយមិនប្រកាន់វណ្ណៈទ្រព្យសម្បត្តិ បានធ្វើឲ្យអ្នកទាំងពីរក្លាយជាគូរស្នេហ៍ដ៏ស្មោះស្ម័គ្រនឹងគ្នា ។
អស់រយះ៣ខែកន្លងផុតទៅ បើទោះបីជារិះរកវិធីយ៉ាងណា ក៏នៅតែគ្មានលទ្ធផល សូម្បីតែមួយភាគរយ ។ នាងអង្គុយសម្រក់ទឹកភ្នែក នៅមាត់ទ្វារមុខបន្ទប់ ដែលបុរសម្នាក់នោះសម្រាក ទឹកភ្នែកហូរបណ្ដើរ បន់ស្រន់រៀបរាប់ពីរឿងរ៉ាវស្នេហារបស់ខ្លួន ដោយសង្ឃឹមថាទេវតា នឹងជួយដល់គូរស្នេហ៍របស់ខ្លួន ឲ្យចងចាំឡើងវិញ បែកគ្នាជាច្រើឆ្នាំ មិនចង់ព្រាត់តែបែបនេះនោះទេ ។
ដោយគ្មានវិធីអ្វីអាចឲ្យបុរសម្នាក់នោះ នឹកចាំឡើងវិញ នារីជាគូស្នេហ៍ ក៏សម្រេចចិត្តនាំបុរសម្នាក់នោះ ទៅមាត់សមុទ្រ ហើយនិយាយពីអតីតកាលរបស់ពួកគេ គឺជារៀងរាល់ល្ងាច តែការធ្វើបែបនេះ ក៏នៅតែគ្មានលទ្ធផលអ្វីនោះឡើយ។ អង្គុយនឹកស្រម៉ៃអតីតកាល នាងក៏នឹកឃើញកន្លែងមួយ នោះគឺដើមឈើធំមួយដើម ដែលអ្នកទាំងពីរធ្លាប់បានទៅបួងសួង ហើយក៏នាំបុរសជាគូរស្នេហ៍ទៅទីនោះ ។ នាងភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយឃើញសំបុត្រជាច្រើន នៅនឹងដើមឈើនោះ សុទ្ធតែជាសំបុត្រដែលបង្ហាញពីក្ដីស្រឡាញ់ ការនឹករលឹក ភាពឈឺចាប់បែកបាក់គ្នា នាងអានរហូតហូរទឹកភ្នែកដោយមិនដឹងខ្លួន ហើយរត់ទៅឱបបុរសជាគូរស្នេហ៍នោះ។
ដោយសង្ឃឹមថា គូរស្នេហ៍អាចមានការចងចាំវិញ នាងតែងសរសេរសំបុត្រដូចគ្នា រៀបរាប់ផង បួងសួងផង ហើយយកទៅអានឲ្យបុរសនោះស្ដាប់ នៅកន្លែងដើមឈើធំ ដោយធ្វើបែបនេះជារៀងរាល់ថ្ងៃ ។ ប្រមាណជា ២សប្ដាហ៍កន្លងទៅ ដូចគ្នានាងបាននាំបុរសជាគូស្នេហ៍ ទៅកន្លែងដើមឈើ ហើយអានសំបុត្រដែលនាងបានសរសេរ។ កំពុងតែអាន ក្រឡេកមើលទៅបុរសម្នាក់នោះ ស្រាប់តែហូរទឹកភ្នែក ហើយហៅនារីជាគូរស្នេហ៍របស់ខ្លួន នាងពិតជាត្រេកអរណាស់ អ្នកទាំងពីរបានឱបគ្នាបណ្ដើរ យំបណ្ដើរ នាងបាននិយាយដោយអរគុណទេវតា ដែលជួយឲ្យគូរស្នេហ៍របស់ខ្លួនបានចងចាំឡើងវិញ ។
តែចង់ ប្រាប់ថា បុរសម្នាក់នោះបានជា និងចាំឡើងវិញ តាំងពីថ្ងៃដែលនាងបាននាំបុរសនោះមកដល់ កន្លែងដើមឈើធំ តាំងពីថ្ងៃទីមួយមកម្ល៉េះ តែដោយចង់ដឹងថា នារីម្នាក់នេះពិតជាមិនបោះបង់ខ្លួនមែន ឬអត់នោះក៏សុខចិត្តបន្ដធ្វើជាមិនចងចាំ ដោយចាំមើលថាតើនាងនឹងគិតបែបណា បើមនុស្សប្រុសដែលខ្លួនស្រឡាញ់នៅតែបែបនោះ ។ នេះមិនខុសពីពាក្យថា គូរព្រេងមិនព្រាត់ពិតមែន ជាមួយនឹងភក្ដីភាពចំពោះស្នេហារបស់អ្នកទាំងពីរ បុរសជាគូរស្នេហ៍បានរៀបរាប់ បញ្ជាប់ប្រាប់ខាងស្រីទាំងអស់ ឥតលាក់លៀម ហើយអ្នកទាំងពីរក៏នឹកថា ដើមឈើមួយដើមនេះ ពិតជាជួយឲ្យគេទាំងពីរនាក់ បានជួបគ្នាវិញប្រាកដមែន ហើយអ្នកទាំងពីរ ក៏បានរៀបមង្គលការជាមួយគ្នា បង្កើតកូនចៅយ៉ាងមានសុភមង្គលរៀងមក ។
សូមបញ្ជាក់ថា ៖ នេះគ្រាន់តែជាសាច់រឿងនិពន្ធឡើង ដើម្បីបង្កើនសោភ័ណផ្សារភ្ជាប់ជាមួយនឹងនាម ដើមឈើថា ដើមឈើចាំស្នេហ៍ ប៉ុណ្ណោះ ៕