ភ្នំពេញ៖ ក្នុងគោលដៅអនុវត្តគោលនយោបាយ « ភូមិ_សង្កាត់ មានសុវត្ថិភាព » ឱ្យមានប្រសិទ្ធភាព គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់ចេញនូវផែនការចុះធ្វើរដ្ឋបាលជាប្រចាំនៅតាមតំបន់ផ្ទះជួលនិងតំបន់ស្មុគស្មាញដើម្បីគ្រប់គ្រងសមាសភាពអ្នកចំណាកស្រុក ចំណូលថ្មី និងមុខសញ្ញាជនសង្ស័យពាក់ព័ន្ធករណីប្រព្រិឹត្តបទល្មើសផ្សេងៗចូលមកសម្ងំលាក់ខ្លួននៅតាមបន្ទប់ផ្ទះជួលនិងតំបន់ស្មុគស្មាញ ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោកណុប ផា អភិបាលរង តំណាងលោកអភិបាលខណ្ឌ និងលោកវរសេនីយ៍ឯកម៉ៅ សឿត អធិការនគរបាលខណ្ឌ បានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលនៅតំបន់ដែលមានបន្ទប់ជួលច្រើនក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដើម្បីត្រួតពិនិត្យអត្តសញ្ញាណអ្នកមកជួលបន្ទប់ស្នាក់នៅ ។
មុនពេលចាប់ផ្តើមចុះធ្វើរដ្ឋបាលនៅតាមបន្ទប់ជួលនិងតំបន់ស្មុគស្មាញ លោកណុប ផា អភិបាលរង តំណាងលោកអភិបាលខណ្ឌ បានណែនាំឱ្យសមត្ថកិច្ចបែងចែកកម្លាំងចុះធ្វើការត្រួតពិនិត្យទៅតាមគោលដៅណាដែលមានបន្ទប់ជួលច្រើន ហើយត្រូវសុំកិច្ចសហការជាមួយម្ចាស់ផ្ទះជួលផង។ ការងារនេះធ្វើឡើងដើម្បីសេចក្តីសុខសុវត្ថិភាព របស់ម្ចាស់ផ្ទះជួលនិងការពារសន្តិសុខនៅក្នុងមូលដ្ឋាន និយាយរួមគឺគ្រប់គ្រងសមាសភាពអ្នកចំណាកស្រុក ចំណូលថ្មី ដែលចូលមកជួលបន្ទប់ស្នាក់នៅ ជាពិសេសគ្រប់មុខសញ្ញាជនសង្ស័យដែលប្រព្រិឹត្តបទល្មើសនៅកន្លែងផ្សេងហើយចូលមកសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលនិងតំបន់ស្មុគស្មាញក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។ វិធានការចុះធ្វើរដ្ឋបាលនេះបានធ្វើឡើងជារៀងរាល់ខែនៅតាមសង្កាត់ណាដែលមានបន្ទប់ជួលច្រើននិងនៅតាមតំបន់ស្មុគស្មាញដែលជាជម្រកលាក់ខ្លួនរបស់ជនសង្ស័យ ។
ជាមួយគ្នានេះដែរលោកអភិបាលរងខណ្ឌបានស្នើសុំឱ្យម្ចាស់ផ្ទះដែលមានបន្ទប់ជួលច្រើនត្រូវសហការហើយរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចពីសមាសភាពនិងអត្តសញ្ញាណអ្នកដែលចូលមកជួលបន្ទប់ស្នាក់នៅ ហើយត្រូវត្រួតពិនិត្យឯកសារផ្សេងៗរបស់អ្នកដែលមកជួលបន្ទប់ស្នាក់នៅឱ្យបានច្បាស់លាស់មុននឹងសម្រេចជួលបន្ទប់ឱ្យស្នាក់នៅ ។ ធ្វើបែបនេះគឺដើម្បីគ្រប់គ្រងសមាសភាពអ្នកចំណាកស្រុក ចំណូលថ្មី ជាពិសេសបង្ការខ្លាចក្រែង មានមុខសញ្ញាជនសង្ស័យពាក់ព័ន្ធករណីប្រព្រិឹត្តបទល្មើសនៅកន្លែងផ្សេង ហើយចូលមកជួលបន្ទប់ស្នាក់នៅ ៕ដោយ៖ សណ្តោស