ខេត្តបាត់ដំបង៖ ប្រភពព័ត៌មានបឋមបានឲ្យដឹងថានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះពលករខ្មែរចំនួនជាង១០០នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ ចាប់បញ្ជូនមកកម្ពុជាវិញ ក្រោយបងប្អូនទាំងនោះលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ខណៈប្រទេសកម្ពុជា-ថៃ កំពុងរឹតបន្ដឹងតាមច្រកព្រំដែននោះ។
លោកអនុសេនីយ៍ឯក កែវ ឌឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវចាប់បញ្ជូនមកវិញជាង១០០នាក់នេះ មានស្ដ្រី៤៥នាក់ ក្មេង៤នាក់ ត្រូវបានទាហានថៃប្រគល់មកឲ្យកម្លាំងនគរបាលប៉ុស្តិ៍ ការពារព្រំដែនគោកគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ ស្ថិតក្នុងភូមិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោកកែវ ឌឿន បានបញ្ជាក់ថាពលករខ្មែរខាងលើត្រូវបានយកទៅដាក់ឲ្យនៅដាច់ដោយឡែក នៅវិទ្យាល័យសំពៅលូន ដើម្បីពិនិត្យសុខភាព ធ្វើតេស្តរកជំងឺកូវីដ-១៩ក្រោមការអប់រំណែនាំពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង ខណ:ដែលគេសង្ស័យថា មានពលករខ្មែររាប់រយនាក់ទៀតដែលលួចឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរថៃបញ្ជូនមកជាបន្តបន្ទាប់ទៀត៕