កីឡាករចំនួន៨នាក់របស់ក្លិប Santos Laguna ដែលលេងនៅលីកកំពូលម៉ិចស៊ីកូ (Liga MX) ត្រូវបានធ្វើតេស្តរកឃើញវីរុសកូវីដ១៩។ នេះបើយោងតាមការប្រកាសរបស់លីកកំពូលម៉ិចស៊ីកូ ដែលគេហទំព័រ Goal.com បានចុះផ្សាយកាលពីម្សិលមិញ។
តាមពិតទៅករណីធ្វើតេស្តរកឃើញជំងឺកូវីដ១៩នេះគឺត្រូវបានដឹងតាំងតែពីថ្ងៃទី២០មកម្ល៉េះ ប៉ុន្តែត្រូវបានលីកកំពូលម៉ិចស៊ីកូបានបញ្ជាក់ពីព័ត៌មាននេះនៅថ្ងៃព្រហស្បត៍ថា ករណីឆ្លងវីរុសកូវីដ១៩ដល់កីឡាករទាំង៨នាក់គឺមានពិតមែន ស្របពេលដែលការឆ្លងនៅទូទាំងប្រទេសបានកើនឡើង។
កីឡាករដែលធ្វើតេស្តវិជ្ជមានទាំង៨នាក់នេះត្រូវបានគេដាក់នៅដោយឡែកដោយមានក្រុមវេជ្ជៈបណ្ឌិតតាមដានសុខភាព និងដាក់ឲ្យធ្វើលំហាត់ប្រាណនៅឆ្ងាយពីគេឯង។ ទោះបីជាយ៉ាងណាកីឡាករទាំង៨នាក់ដែលទទួលការធ្វើតេស្តវិជ្ជមានគឺមានសុខភាពល្អធម្មតានៅឡើយទេ។
សូមបញ្ជាក់ថា ប្រទេសម៉ិចស៊ីកូ ឬម៉ិចស៊ិក មានករណីឆ្លងជំងឺកូវីដ១៩ជិត៥៥,០០០ករណី និងមានអ្នកស្លាប់ចំនួន៥,៦៦៦នាក់រហូតមកដល់ពេលនេះជាមួយនឹងភាពខុសគ្នាខ្លាំងនៅក្នុងតួលេខកើនឡើងនៅក្នុងតំបន់ ៕
ដោយ៖ ភិរក្ស