ពលរដ្ឋស្រុកទ្រាំងបារម្ភអំពីសុវត្ថិភាពនៃកុងទ័រភ្លើង

ចែករំលែក៖

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋរស់នៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បានសម្តែងការមិនពេញចិត្តចំពោះ ករុមហ៊ុនអគ្គិសនីឯកជនទូកមាស ខេត្តកំពតដែលដាក់កុងទ័រភ្លើងជាប់ដី ប៉ុន្តែខាងក្រុមហ៊ុនអះអាងថាធ្វើបែបនេះក៏ដើម្បីងាយស្រួលពលរដ្ឋមើលគីឡូវ៉ាត់នោះដែរ ។

ប្រជាពលរដ្ឋមួយចំនួននៅស្រុកទ្រាំងបានឲ្យដឹងថា សេវាករអគ្គិសនីឯកជនទូកមាស ដែលទទួលបានការផ្គត់ផ្គង់ភ្លើងក្នុងទឹកដីស្រុកទ្រាំង ខេត្តតាកែវ បានដាក់កុងទ័រភ្លើងបែបអនាធិបតេយ្យ ខុសស្តង់ដារ មិនមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់សោះ ដោយខាងអគ្គិសនីឯកជនខាងលើនេះ ដាក់កុងទ័រភ្លើងនៅកណ្តាលវាល គ្មានប្រអប់ត្រឹមត្រូវដែលអាជ្ញាធរអគ្គិសនី បានតម្រូវឲ្យធ្វើតាមនោះទេ ។ពួកគាត់ស្នើឲ្យខាងអគ្គិសនីឯកជននេះ និងអាជ្ញាធរពាក់ព័ន្ធមេត្តាចុះរៀបចំទ្បើងវិញផង កុំចាំទាល់តែមានបញ្ហាឆក់កូនចៅពួកគាត់ ទើបចុះដោះស្រាយ។

ប្រជាពលរដ្ឋបន្តថា សព្វថ្ងៃនេះពួកគាត់ ភ័យព្រួយខ្លាំងណាស់ ព្រោះពួកគាត់មានការរវល់ធ្វើស្រែចម្ការចេញបាត់ៗពីផ្ទះ ដោយទុកកូនចៅតូចៗឲ្យនៅផ្ទះ ខ្លាចក្រែងតែកូនរបស់ពួកគាត់ ហើយទៅប៉ះជាមួយឧបករណ៍ភ្លើង ដូចជាកុងទ័រនៅតាមបង្គោលទាំងនោះ បណ្តាលឲ្យឆក់ស្លាប់ ព្រោះអីកុងទ័រភ្លើងដាក់នៅទាប ហើយគ្មានប្រអប់ការពារត្រឹមត្រូវទៀត។
លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានឲ្យដឹងតាមរយៈខ្សែទូរស័ព្ទថា លោកក៏មានការព្រួយបារម្ភផងដែរ ពីបញ្ហាដាក់កុងទ័រភ្លើងទាបៗបែបអនាធិបតេយ្យ និងគ្មានសុវត្ថិភាពនេះ ហើយលោកនិងកោះហៅម្ចាស់សេវាករអគ្គិសនីឯកជនទូកមាសខាងលើនេះ មកធ្វើការណែនាំ និងឲ្យមានប្រអប់ត្រឹមត្រូវទ្បើងវិញ។

ចំណែកលោក មុំ វិចិត្រ អ្នកគ្រប់គ្រងមើលការខុសត្រូវក្រុមហ៊ុនអគ្គិសនីទូកមាស បានប្រាប់ឲ្យដឹងតាម ទូរស័ព្ទថា ជាទូទៅក្រុមហ៊ុនខាងអគ្គិសនីទូកមាសនេះតម្រូវឲ្យដាក់កុងទ័រជារបៀប ដាក់ជាប់ក្តារបែបនេះ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋមើលកុងទ័ររបស់ពួកគាត់ តែបើរៀបចំដាក់ជាប្រអប់ឲ្យបានត្រឹមត្រូវទៅតាមស្តង់ដាររបស់ អាជ្ញាធរអគ្គិសនីកម្ពុជានោះ គឺធ្វើឲ្យប្រជាពលរដ្ឋមិនអាចមើលឃើញកុងទ័ររបស់ពួកគាត់ឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print