ប៉ូលីស​ហុងកុង បាញ់​ប្លោង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ បង្ក្រាបក្រុម​បាតុករ​រាប់ពាន់នាក់ ដែល​ប្រមូល​ផ្ដុំគ្នា​​តវ៉ា​ប្រឆាំង​ច្បាប់​សន្តិសុខ

ចែករំលែក៖

ហុងកុង៖ យ៉ាងហោចណាស់មនុស្ស​យ៉ាងតិច​១៨០​នាក់​ ត្រូវបានប៉ូលីសហុងកុងឃាត់ខ្លួន ដោយប្រើឧស្ម័ន​បង្ហូរទឹកភ្នែកបាញ់ទៅលើក្រុមបាតុករ​ហុងកុង​រាប់ពាន់នាក់ ខណៈដែលពួកគេ​ប្រមូល​ផ្ដុំគ្នា​ កាលពី​ថ្ងៃទី​២៤ ខែឧសភាម្សិលមិញនេះ ធ្វើ​សកម្មភាព​តវ៉ា​ប្រឆាំង​ច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស​ដែល​ស្នើ​ដោយ​ក្រុង​ប៉េកាំង ។

ហេតុការណ៍ក្រុមអ្នកតវ៉ា និង​ប៉ូលីស​ហុងកុង បាន​ប្រឈមមុខ​ដាក់គ្នានេះដែរ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បន្ត​ប្រកាន់​ជំហរ​រឹងត្អឹង​ថាសំណើ​ច្បាប់​នេះ ត្រូវតែ​ដាក់ចេញ​ដោយ​គ្មាន​ការពន្យារពេល​ឡើយ​។ សំណើ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ បើ​ចូល​ជា​ធរមាន នឹង​ហាមឃាត់​ការធ្វើ​វិទ្ធង្សនា ចលនា​ផ្ដាច់ខ្លួន អំពើ​ភេរវកម្ម និង​ការហៅ​កម្លាំង​បរទេស​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​។ ទាំងនេះ គឺជា​ទង្វើ​ដែល​ចាត់ទុកថា​គំរាម​ដល់​សន្តិសុខ​ជាតិ​ហុងកុង​។​

​ជាមួយ​ការព្រមាន​ថា សំណើ​ច្បាប់​សន្តិសុខ​ថ្មី​នេះ​អាច​បិទ​បញ្ចប់​សេរីភាព​របស់​ទីក្រុង មនុស្ស​រាប់ពាន់នាក់​បាន​ប្រមូលផ្ដុំ​គ្នា​និង​ធ្វើ​សកម្មភាព​ប្រឆាំង ខណៈ​បាតុករ​ពាក់​ម៉ាស់​ខ្លះ​លើក​ប៉ា​រ៉ា​ស់រាំង​ខ្ទប់​រថយន្ត​ប៉ូលីស​។ ប្រាប់​ទីភ្នាក់ងារ AFP បាតុករ​អាយុ​២៥​ឆ្នាំ​ម្នាក់​និយាយថា មនុស្ស​អាច​ត្រូវ​ជាប់ទោស​ផ្នែក​ព្រហ្មទណ្ឌ ដោយ​គ្រាន់តែ​ពួកគេ​និយាយ ឬ​ចុះផ្សាយ​ប្រឆាំង​រដ្ឋាភិបាល​។ យុវជន​រូបនេះ​សំដៅលើ​សំណើ​ច្បាប់​សន្តិសុខ​ថ្មី​។​

​ប៉ូលីស​ហុងកុង​ត្រូវបាន​ដាក់ពង្រាយ ក្រោយ​ក្រុមបាតុករ​ពុំ​ស្ដាប់​តាម​ការព្រមាន​របស់​អា​ជ្ញា​ធរ​ប្រឆាំង​ការ​កែន​គ្នា​ដោយ​គ្មាន​ការអនុញ្ញាត និង​បំពាន​ច្បាប់​ទាក់ទង COVID-19 បច្ចុប្បន្ន​របស់​ក្រុង​ហុងកុង ដែល​ហាមប្រាម​ការប្រមូលផ្ដុំ​សាធារណៈ​លើស​៨​នាក់​។ ប៉ូលិស​អះអាងថាមនុស្ស​យ៉ាងតិច​១៨០​នាក់ ត្រូវ​ឃាត់ខ្លួន​។

​ក្រោយ​ហេតុការណ៍​នេះ រដ្ឋាភិបាល​ហុងកុង បានចេញ​ថ្កោលទោស​ទង្វើ​របស់​ក្រុមបាតុករ​ដែល​ពួកគេ​ចាត់ទុកថា​ខុសច្បាប់​និង​ហិង្សា​ខ្លាំងហើយ​បាន​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​និង​បន្ទាន់​នៃ​សំណើ​ច្បាប់​សន្តិសុខ​ជាតិ ដែល​ស្នើ​ដោយ​ចិន​។ ទន្ទឹមនេះ ក្រុង​ហុងកុង ក៏​ចោទប្រកាន់​បាតុករ​ថា​បង្ករ​របួស​ស្នាម​ដល់​មន្ត្រីប៉ូលិស​យ៉ាងតិច​៤​នាក់​ផងដែរ​។​

​មែនទែនទៅ ក្តីកង្វល់​ធំ​ជុំវិញ​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី គឺ វា​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​សន្តិសុខ​ចិន​ធ្វើ​ប្រតិបត្តិការ​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​ហុងកុង ហើយ​ពួកគេ​អាច​បើក​ការបង្ក្រាប​លើ​ក្រុម​អ្នក​រិះគន់​ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ មេដឹកនាំ​ក្រុង​ហុងកុង អ្នកស្រី ការី ឡាំបាន​ថ្លែង​ការពារ​សំណើ​ច្បាប់​ថ្មី​ដែល​ដាក់​ស្នើ​ដោយ​រដ្ឋាភិបាល​ចិន កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ អ្នកស្រី​បញ្ជាក់ថា វា​ជា​រឿង​ចាំបាច់​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​និង​ដាក់ទោស​បាតុកម្មហិង្សា​ដែលមាន​ចរិត​នយោបាយ​។

​នេះ​ពុំមែន​ជា​សំណើ​ច្បាប់​ចម្រូងចម្រាស​ទីមួយ​ដែល​បង្ក​កង្វល់​ពាក់ព័ន្ធ​នឹង​ការបាត់បង់​សេរីភាព​ពលរដ្ឋ និង​ស្វយ័តភាព​របស់​ទីក្រុង​ហុងកុង​។កាលពី​ឆ្នាំមុន បាតុកម្ម​ទ្រង់ទ្រាយ​ធំ បង្កឡើង​ដោយ​សំណើ​ច្បាប់​បត្យាប័ន​ដែល​ចុងក្រោយ​ត្រូវ​ដកហូត​វិញ​។ បើ​ចូល​ជា​ធរមាន សំណើ​ច្បាប់​អនុញ្ញាត​ធ្វើ​បត្យាប័ន​រវាង​ក្រុង​ប៉េកាំង​និង​ចិនដីគោក​។ ចាប់តាំងពី​បាតុកម្ម​នេះ​បាន​ផ្ទុះឡើង មនុស្ស​ជាង​៨៣០០​នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ឃាត់ខ្លួនហើយ​២០០​នាក់​ផ្សេងទៀត ត្រូវ​ឃុំឃាំង​អំឡុង​ការតវ៉ា​ទ្រង់ទ្រាយ​តូច​នៅ​ហាង​ទំនិញ​មួយ​នៅ​ទិវា​ម្ដាយ​អន្តរជាតិ កាលពី​ដើមខែ​មុន​។​

​គួរបញ្ជាក់ថា ទីក្រុងហុងកុង ត្រូវបាន​ប្រគល់​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧​ចេញពី​ការគ្រប់គ្រង​របស់​ចក្រ​ភព​អង់គ្លេស​។ ក៏ប៉ុន្តែ​ក្រោម​កិច្ចព្រមព្រៀង​ពិសេស ហៅថា ច្បាប់​មូលដ្ឋាន និង គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​» សេរីភាព​របស់​ក្រុង​ហុងកុង​ត្រូវ​ធានា​ការពារ​។ សិទ្ធិ​ទាំងនោះ គឺមាន​ដូចជា សេរីភាព​នៃ​ការបញ្ចេញមតិ​និង​ប្រមូលផ្ដុំ ប្រព័ន្ធយុត្តិធម៌​ឯករាជ្យ និង​សិទ្ធិ​ប្រជាធិបតេយ្យ​ខ្លះ ហើយ​ជាពិសេស​សិទ្ធិសេរីភាព​ចេញពី​ការគ្រប់គ្រង​របស់​ចិន លើកលែង​កិច្ច​ការពារជាតិ និង​ការបរទេស ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print