ភ្នំពេញ៖ បុរសម្នាក់ រួមដំណើរជាមួយកូនបង្កើតនិងកូនប្រសារខណៈធ្វេីដំណេីរតាមរថយន្តឈ្នួលមកពីខេត្តព្រះសីហនុ បំណងទៅផ្ទះនៅឯខេត្តកណ្តាល លុះធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានអាការះមិនស្រួលខ្លួនក៏ត្រូវម្ចាស់រថយន្តទំលាក់ចោលហេីយទៅបាត់ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តសង្គ្រោះដោយចាំយូពេកជនរងគ្រោះក៏ត្រដខ្យល់ស្លាប់តែម្តង។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចតាមផ្លូវចោមចៅ ក្បែរផ្សារចោមចៅផ្លូវចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
សពជនរងគ្រោះឈ្មោះ សុីម ធឿន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែកខេត្តកណ្តាល ។ ចំណែកកូនប្រុសស្រីទាំង២នាក់ដែលមកជាមួយឪពុកនោះ មានឈ្មោះ ពឿន ធឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករចំការស្វាយ ស្នាក់នៅចំការស្វាយ ភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានស្រុកកំណើតនៅភូមិពោធិរៀង ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង ត្រូវជាកូនប្រសារ និងប្រពន្ធឈ្មោះ ធឿន ស្រីនិច អាយុ២០ឆ្នាំ មុខរបរ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ត្រូវជាកូនបង្កើតរបស់សព ។
តាមសម្តីបុរសជាកូនប្រសារ បានឲ្យដឹងថា ឪពុកក្មេករបស់គាត់ បានទៅលេងពួកគេ ដល់ចំការស្វាយ កន្លែងពួកគេធ្វើការ ឯស្រុកកំពង់សិលា កាលពីព្រឹកថ្ងៃទី២៥ ខណៈដែលគាត់មិនស្រួលខ្លួនផង លុះមកដល់ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ។ រូបគាត់២នាក់ប្តីប្រពន្ធក៏បានជូនឪពុក វិលត្រឡប់ឆ្ពោះទៅផ្ទះ ឯស្រុកលើកដែក ខេត្តកណ្ដាលវិញ ដោយធ្វើដំណើរតាមរថយន្តឈ្នួល ម៉ាកសាំយ៉ុងមួយគ្រឿងទើបតែជិះមកដល់ក្បែរផ្សារចោមចៅ ផ្លូវចោមចៅ ស្រាប់តែឪពុកកើតមានអាការៈ មិនស្រួលខ្លួន វិលងងឹតមុខខ្យល់គភ្លាមៗ ត្រូវបានរថយន្តឈ្នួលដាក់ទំលាក់ចុះ ហើយបើកចេញចោលទៅបាត់ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ពេលនោះជនរងគ្រោះ រួមជាមួយកូន២នាក់ ត្រូវម្ចាស់រថយន្តឈ្នួលទុកចោលនៅចិញ្ចើមផ្លូវ ភ្លាមនោះសមត្ថកិច្ចដែលប្រចាំគោលដៅផ្សារចោមចៅ បានទំនាក់ទំនងហៅរថយន្តសង្គ្រោះដេីម្បីមកដឹកជនរងគ្រោះទៅសង្គ្រោះតែដោយសារតែចាំយូពេកជនរងគ្រោះក៏ត្រដរខ្យល់ស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យ និងពិនិត្យ សាកសួរ តាមការបំភ្លឺរបស់ក្រុមគ្រួសារ ជនរងគ្រោះមានជម្ងឺប្រចាំកាយឈឺក្រពះរាំរ៉ៃ ហើយជនរងគ្រោះស្លាប់គឺដោយសារខ្យល់គ រួមជាមួយជម្ងឺផ្ទាល់ខ្លួនផងដែរ ។ រួចសមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកសពទៅធ្វើបុណ្យឯស្រុកតាមប្រពៃណី ៕ដោយ៖ សុខា សែនជ័យ