ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តឈប់នៅស្តុបពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ១០ និង១០ នាទីយប់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ នៅចំណុចស្តុបសេះមាស តាមបណ្តោយផ្លូវវ៉េងស្រេង កែងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ពេលនោះជំនាញចរាចរណ៍បានចុះធ្វេីការវាស់វែងយកម្ចាស់និងម៉ូតូទៅដោះស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌ ខណៈមកដល់ពាក់កណ្តាលផ្លូវត្រូវជនបង្កចាប់ទាញដៃចង្កូតរថយន្តសមត្ថកិច្ចសំណាងមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀត។
តាមប្រភពពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថា៖ មុនកើតហេតុរូបគាត់បើករថយន្តមួយគ្រឿងម៉ាក lexus rx300ពណ៌សពាក់ស្លាកលេខភ្នំពេញ2W-5890ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ ៣០ ម៉ែត្របានឈប់នៅភ្លើងស្តុប ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1BD-6794ធ្វើដំណើរមកពីក្រោយយ៉ាងលឿនជ្រុលទៅបុករថយន្តពីក្រោយផ្នែកខាងស្តាំពេញទំហឹងបណ្ដាលឲ្យ កំពិតកាងនិងបែកស្តុបមួយចំហៀង។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង ២ម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកដល់រួចបានយកបុរសដែលបើកម៉ូតូបង្កបញ្ជូនតាមរថយន្តនគរបាលខណ្ឌមានជ័យដើម្បីយកទៅទុកដោះស្រាយគ្នានៅពេលក្រោយ ។ ខណៈបើកមកដល់ចំណុចមុខការ៉ាស់សាំង តូតាល់ តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ។ បុរសដែលបង្កបានរំខានសមត្ថកិច្ចនិងបានទាញចង្កូតរថយន្តរបស់សមត្ថកិច្ចរេពេញផ្លូវធ្វើឲ្យសមត្ថកិច្ចទ្រាំលែងបានបានហៅកម្លាំងចុះមកអន្តរាគមន៍រួចចាប់វាយខ្នោះបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យបន្ត៕
ដោយ សុខាសែនជ័យ