ភ្នំពេញ៖ បុរសជើងខ្លាំងម្នាក់ខឹងនិឹងយុវជនជាបុគ្គលិកដឹកម្ហូបក្រុមហ៊ុនញ៉ាំ24hម្នាក់បើកម៉ូតូលឿនជែងម៉ូតូខ្លួនក៏ជិះម៉ូតូដេញបំបុកពីក្រោយបណ្តាលឲ្យដួល រួចចុះទៅវាយបែកមុខបែកមាត់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង៩ យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្តុបពេទ្យចិន តាមបណ្តោយផ្លូវព្រះមុនីវង្សកែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GG-1088ដឹកម្ហូបក្រុមហ៊ុនឆ្ងាញ់ 24 ម៉ោងយកទៅឲ្យភ្ញៀវដោយ
ជិះតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបផ្លូវភ្លោះអូរឫស្សីក៏ប្រទះនឹងបុរសម្នាក់ជាជនដៃដល់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-5797។ ខណៈកំពុងជិះស្របទិសគ្នានោះជនបង្កហេតុបានស្រែកសួររូបគេថាម៉េចបានជាជិះម៉ូតូវ៉ាលឿនចង់ប៉ះគេប៉ះឯងអ៊ីចឹង? ពេលនោះរូបគេក៏មិនបានតបតទៅវិញដែរ ដោយជិះម៉ូតូបន្តដំណើរទៅមុខទៀតព្រោះប្រញាប់យកម្ហូបឲ្យភ្ញៀវ។ លុះជិះមកដល់ចំណុចស្តុបពេទ្យចិនកន្លែងកើតហេតុខាងលើរូបគេបានឈប់នៅភ្លើងស្តុបស្រាប់តែជនបង្កជិះម៉ូតូមកបំបុកម៉ូតូរបស់គេពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលទៅលើថ្នល់រួចចុះមកវាយជាច្រើនដៃបណ្ដាលឱ្យរូបគាត់រងរបួសបែកមុខបែកមាត់
បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើអន្តរាគមន៍ភ្លាមៗរួចបានយកជនបង្កនិងរូបគាត់ជាជនរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹតដើម្បីសួរនាំនិងដោះស្រាយតាមនីតិវិធី ៕ ដោយ៖ ភារ៉ា ដង្កោ