នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបនិងឃាត់ខ្លួន ក្រុមមុខសញ្ញាប្លន់ម៉ូតូ បាន៣នាក់នឹងម៉ូតូ៥គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញអធិការនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍កាកាបទី២​ និងកាកាបទី១​  បានបេីកប្រតិបត្តិការឆ្មក់បង្ក្រាបឃាត់ខ្លួន ជនសង្ស័យជាមុខសញ្ញាឆក់និងប្លន់យ៉ាងសកម្មក្នុងរាជធានី បានចំនួន៣នាក់និងម៉ូតូចំនួន៥គ្រឿង​យកទៅសួរនាំខណះប្លន់ម៉ូតូពីជនរងគ្រោះបានសម្រេច។ 

ករណីឃាត់ខ្លួនក្រុមចោរប្លន់ម៉ូតូខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យដែលឃាត់ខ្លួនបាន៣នាក់នោះ ទី១ ឈ្មោះ ហែម វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ ឡាយ មករា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះក្បែរគ្នា ។ និងទី៣ មិនទាន់ស្គាល់ឈ្មោះ តែស្នាក់នៅក្នុងភូមិប៉ប្រ៉កជើងជាមួយគ្នារដែរ ។ ចំណែកវត្ថុតាងចាប់យករួមមាន៖ ម៉ូតូ៥គ្រឿង​ ដោយ ៤គ្រឿងជារបស់ជនសង្ស័យ និងមួយគ្រឿងជារបស់ជនរងគ្រោះ  

ម៉ូតូដែលចាប់យកនោះមាន៖ ម៉ាកbeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-3298 , ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-8704 , ម៉ាក ហុងដា សេ១២៥ សេរី២០១៤ ពាក់ស្លាកលេខ កំពង់ចាម 1D-5656 ,ម៉ាក ហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-6375 ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ម៉ាក ហុងដា សេ១២៥ សេរី២០១៦ ឡើងតែម២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2262 ជនសង្ស័យបានកាច់ស្លាកលេខបាត់ហើយ ។ 

ចំណែកឯជនរងគ្រោះ ឈ្មោះ យ៉ា រស្មី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

សត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុ​ ៖​ ជនរងគ្រោះ បានស្គាល់គ្នាជាមួយនារី២នាក់ តាមរយៈហ្វេសប៊ុក សង្ស័យជាបក្ខពួក ជាធ្នាក់ របស់ក្រុមជនសង្ស័យ នារីទាំង២នាក់នោះ បានឲ្យជនរងគ្រោះ ទៅឌុបពួកគេ ពីមុខព្រលានយន្តហោះពោធិចិនតុង ឆ្ពោះទៅផ្ទះជនរងគ្រោះ ។ លុះនៅវេលារំលងអធ្រាត ចូលថ្ងៃទី២៧ ខែឧសភា ជនរងគ្រោះជិះឌុបនារីទាំង២នាក់ ទៅដល់ខាងលិចប៉ុស្តិ៍កាកាបទី២ ស្រាប់តែមានម៉ូតូជនសង្ស័យចំនួន៨គ្រឿង ប្រដេញទៅតាមស្ទាក់ធាក់ប្លន់យកម៉ូតូ បានសម្រេចហើយ នារី២នាក់សង្ស័យជាបក្ខពួកចោរប្លន់ បានគេចខ្លួនបាត់ជាមួយក្រុមជនដៃដល់ នៅសល់ជនសង្ស័យម្នាក់ ឈ្មោះ ឡាយ មករា រត់មិនទាន់ ផ្អើលទាំងកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ដឹកនាំដោយលោក ភា ប្រុស នាយប៉ុស្តិ៍រដ្ឋបាល ក៏ឃាត់ខ្លួនបាននាំទៅសាកសួរតែម្តង ។

បន្ទាប់ពីកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍កាកាបទី១ រួមសហការគ្នា តាមចាប់ខ្លួនជនសង្ស័យភ្លាមៗ បាន២នាក់បន្ថែមទៀត សរុប៣នាក់ នឹងដកហូតបានម៉ូតូ៥គ្រឿង ក្នុងនោះមួយគ្រឿង ជារបស់ជនរងគ្រោះ ជនសង្ស័យកាច់ស្លាកលេខចោល ដែលកំពុងសង្ងំលាក់ខ្លួននៅក្នុងភូមិប៉ប្រ៉កជើង ។

ជនសង្ស័យ៣នាក់ ក្រោយពីកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបាន រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ដោ​យ៖​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print