មនុស្សយ៉ាងតិច២នាក់បានបាត់បង់ជីវិតនិង៣០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល បន្ទាប់ពីមានហេតុការណ៍គ្រោះចរាចរណ៍បង្កឡើងដោយសារតែអាកាសធាតុមិនល្អប្រសើរ គឺមានខ្យល់ព្យុះកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតំបន់Cairo-Alexandria ភាគខាងជើងប្រទេសអេហ្ស៊ីប ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅពេលដែលរថយន្តដឹកអ្នកទេសចរណ៍មួយគ្រឿងបើកបរក្នុងល្បឿនលឿនបុកជាមួយរថយន្តធុនតូចដឹកអ្នកដំណើរស្របពេលដែលមានអាកាសធាតុមិនល្អប្រសើរនោះ ។ អាកាសធាតុអាក្រក់
នៅទូទាំងប្រទេសតែងតែធ្វើឲ្យប្រទេសអេហ្ស៊ីបប្រកាសបិទកំពង់ផែជាបណ្តោះអាសន្នក្នុងនោះមាននៅទីក្រុង Alexandria, SharmEl-Sheikh និងនៅ Ain Sokhna ជាដើម។
អ្នកនាំពាក្យក្រុមឧតុនិយមអេហ្ស៊ីបបញ្ជាក់ថា មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើដោយសារតែអាកាសធាតុអាក្រក់ដែលបក់បោកពីភាគខាងត្បូងនិងភាគខាងលិច និងមកពីតំបន់ Western Desert។
អាកាសធាតុអាក្រក់នេះនៅតែមានឥទ្ធិពលខ្លាំងនៅឡើយ ។ អង្គការសុខភាពពិភពលោក
WHOបានបញ្ជាក់ថា នៅក្នុងប្រទេសអេហ្ស៊ីបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅតាមដងផ្លូវបានបណ្តាលឲ្យមនុស្សបាត់បង់ជីវិតប្រមាណ១២.០០០នាក់ជារៀងរាល់ឆ្នាំ ។
ការធ្វេសប្រហែស ឬព្រងើយកន្តើយពីការអនុវត្តច្បាប់ចរាចរណ៍ការខ្វះប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពនៅតាមដងមហាវិថី ការបើកបរក្នុងល្បឿនលឿនជាដើម ហេតុធ្វើនាំឲ្យមានគ្រោះថ្នាក់សម្លាប់មនុស្សកាន់តែច្រើនឡើងនៅតាមដងផ្លូវក្នុងប្រទេសនេះ ជាពិសេសស្ថិតនៅក្នុងរដ្ឋArabដែលជាតំបន់ពេញនិយមបំផុតនោះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី