ខេត្តកំពង់ធំ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយធ្វើអោយបុរសជនជាតិថៃម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់បង្កឡើងដោយការបើកគោយន្ដកន្រ្ដៃភ្លាត់ស្នៀតខ្លួនងងបណ្ដាលកៀបជាប់និងដើមឈើ រហូតស្លាប់យ៉ាងអាណោចអាធ័ម ។
បើតាមប្រភពពត័មានពីលោក ស៊ីវ សុវណ្ណា អធិការងស្រុកសន្ទុកទទួលបន្ទុកផ្នែកចរាចរណ៍ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះសំភុង ហៅ ម៉ីត យ៉ាក ភេទប្រុស អាយុ៣២ឆ្នាំជាជនជាតិថៃរស់នៅភូមិទី១៥ ឃុំណយមឿង ស្រុកមឿងសុរិន ប្រទេសថៃ បានប្រពន្ធខ្មែរមករស់នៅចំនុច អូរបឹងរូង ក្នុងភូមិសាស្ត្រ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុដោយសារបើកគោយន្ដកន្រ្ដៃ បោកខ្ទប់ទៅនិងដើមឈើ កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៦ នៅចំណុចចំការកៅស៊ូ អូរបឹងរ៉ុង ។
ចំណែកប្រពន្ធជនរងគ្រោះបានអោយដឹងថា ប្ដីរបស់ខ្លួនបានបើកគោយន្ដទៅដឹកដំឡូងជាមួយកូន ស្រីអាយុ៨ឆ្នាំ ពេលដែលគោយន្ដគាប់ជាប់និងដើមកំភ្លៀងនោះកូនស្រីក៏បានរត់មកប្រាប់ខ្ញុំនិងអ្នកភូមិដើម្បីអោយគេជួយតែអកុសលពេលទៅដល់កន្លែងកើតហេតុជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ ។
ក្រោយពីសមត្ថកិច្ចធ្វើកុសលវិច្ច័យរួចក៏ប្រគល់សាកសពអោយប្រពន្ធនិងសាច់ញាតិក្រុមគ្រួសារយកចាត់ចែងទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ប៊ុន រិទ្ធី