អត្ថប្រយោជន៍នៃការប្រើប្រាស់សេវាកម្មរបស់ក្រុមអចលនទ្រព្យ

ចែករំលែក៖

ក្រុមហ៊ុនអចលនទ្រព្យ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មជាច្រើនទាក់ទងទៅនឹងអចលនទ្រព្យ ដូចជា ទិញ លក់ ជួល អចលនទ្រព្យ វាយតំលៃ អចលនទ្រព្យ គ្រប់គ្រងអចលនទ្រព្យ និងការប្រឹក្សាផ្នែកអចលនទ្រព្យ។

តើលោកអ្នកទទួលបានអត្ថប្រយោជន៍អ្វីខ្លះក្នុងការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យ ប្រសិន បើលោកអ្នកចង់ ទិញ លក់ ឬជួល អចលនទ្រព្យនោះ?

លោក ស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ឆៃលីន ស៊ា រៀលធីបានប្រាប់សារព័ត៌មាននរគរវត្តតាមទូរស័ព្ទថា អតិថិជនរបស់គាត់អាចទទួលបានអត្ថប្រយោជន៍ចំនួន៣ ប្រសិនបើពួកគាត់ប្រើប្រាស់សេវកម្មរបស់ក្រុមហ៊ុន អចលនទ្រព្យដែលមានអញ្ញាណប័ណ្ណត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ស៊ា ឆៃលីន បានថ្លែងថា ចំណុចទី១ អតិថិជនចំណេញពេលវេលា។ ប្រសិនបើលោកអ្នកចង់ទិញ ឬជួលអចលនទ្រព្យ លោកអ្នកអាចស្វែងរកដោយខ្លួនឯងបាន ប៉ុន្តែវាត្រូវការពេលវេលាក្នុងការស្វែងរក និងការទូរស័ព្ទសួរតម្លៃ។ លោកអ្នកអាចចំណាយពេលច្រើនមុនពេលរកបានអចលនទ្រព្យស្របនឹងតម្រូវការរបស់ខ្លួន។ តែប្រសិនបើលោកអ្នកមកកាន់ក្រុមហ៊ុនអចលនទ្រព្យវិញ លោកអ្នក គ្រាន់តែប្រាប់ពីតំរូវការ ដូចជាតម្លៃ និងទីតាំងនៃការទិញ ឬជួល ក្រុមហ៊ុន មានក្រុមការងារចុះពិនិត្យនិងមានអចលនទ្រព្យច្រើន ដែលស័ក្តិសមនឹងតម្រូវការរបស់អតិថិជន ហើយជួយលោកអ្នកទិញ ឬជួលអចលនទ្រព្យបានយ៉ាងឆាប់រហ័ស។

អគ្គនាយកក្រុមខាងលើបានបន្ថែមទៀតថា “ ប្រសិនបើអតិថិជនប្រើប្រាស់ សេវកម្មរបស់ក្រុមអចលនទ្រព្យ ពួកគាត់អាច កាត់បន្ថយហានិភ័យច្រើន ដោយក្រុមហ៊ុនដឹងពីប្រវត្តិអចលនទ្រព្យច្បាស់ ដូចជាអចលនទ្រព្យមានបញ្ហាទំនាស់ ឬពាក់ព័ន្ធផ្លូវច្បាប់ក្នុងករណីណាមួយ ។ ពិសេស អចលនទ្រព្យស្ថិតនៅក្នុងតំបន់ដែលលិចទឹក ឬក៏ជាទីតាំងពិបាក ធ្វើអជីវកម្មជាដើម”។

ចំណែកអត្ថប្រយោជន៍ទី៣ លោកស៊ា ឆៃលីន ក៏បានលើកឡើងថា ក្រុមហ៊ុនដែលមានអញ្ញណប័ណ្ណត្រឹមត្រូវ ទទួលខុសត្រូវចំពោះការរៀបចំកិច្ចសន្យា ទិញ លក់ និងជួល តាមផ្លូវច្បាប់ និងសម្រួលឯកសារផ្សេងៗជាច្រើនទៀត។

បន្ថែមជាងនេះទៅទៀត អតិថិជនមិនចាំបាច់ចំណាយថវិកា អ្វីឡើយក្នុងការប្រើប្រាស់សេវាកម្ម ទិញ ឬជួល អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយក្រុមហ៊ុនគិតតែកម្រៃជើងសារពីម្ចាស់អចលនទ្រព្យប៉ុណ្ណោះ។

លោកស៊ា ឆៃលីនបានបញ្ជាក់បន្ថែមថា អតិថិជនក៏អាចទទួលបានតម្លៃស្តង់ដារ ឬទាបជាទីផ្សារ ដោយក្រុមហ៊ុនមានជំនាញក្នុងការចរចា មិនមានការស៊ីលើ ស៊ីក្រោម ហើយជួយអតិថិជនទទួលបានអចលនទ្រព្យដែលខ្លួនចង់បាន មិនលើសពីតម្លៃស្តង់ដារទីផ្សារនោះទេ។

ចំណែកលោក កៃ សុភី ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន ឡាំដា (ខេមបូឌា) ខូលអិលធីឌី បានប្រាប់ពីមូលហេតុដែលអតិថិជន សម្រេចចិត្តប្រើប្រាស់សេវាកម្មអចលនទ្រព្យថា ភ្នាក់ងារអចលនទ្រព្យ មានជំនាញច្បាស់លាស់ដោយឆ្លងកាត់ការហ្វឹកហាត់ប្រកបដោយវិជ្ជាជីវៈ និងក្រមសិលធម៌ ។ បន្ថែមជាងនេះទៀតក្រុមហ៊ុន មានទំនួលខុសត្រូវ ខ្ពស់ក្នុងការជ្រើសរើសអចលនទ្រព្យដែលត្រឹមត្រូវ។

ចំពោះម្ចាស់អចលនទ្រព្យដែលមានបំណងលក់ ឬជួល អចលនទ្រព្យរបស់ខ្លួនវិញ តើគាត់ទទួលបានអត្ថប្រយោជន៍អ្វីខ្លះពេលគាត់មកពឹងពាក់ក្រុមហ៊ុនអចលនទ្រព្យនោះ? លោក គីម ហ៊ាង ប្រធានក្រុម ខ្មែរ រៀលអ៊ីស្ទេត បានគូសបញ្ជាក់ថា ក្រុមហ៊ុន អចលនទ្រព្យ មានបណ្តាញច្រើន ដែលអាចជួយម្ចាស់អចលនទ្រព្យលក់ ឬជួលអចលនទ្រព្យបានឆាប់ រហ័ស និងទទួលបាន អ្នកទិញ ឬជួលពិតប្រាកដ ៕

...

Sticker of cl-realty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print