ភ្នំពេញ៖ ក្រោយពីជួបពិភាក្សាការងារជាមួយនឹងលោកឯកអគ្គរដ្ឋទូតនៃប្រទេសទីម័រឡែសរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបន្តជួបពិភាក្សាការងារជាមួយទាន់ទៀតជាមួយនឹងលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា។
ក្នុងកិច្ចពិភាក្សា្នគ្នានេះ លោក ប៉ានយ៉ារ៉ាក់ ជាថ្មីម្ដងទៀតបានសំដែងនូវការចូលរួមរំលែកមរណៈទុក្ខជាមួយ សម្តេចតេជោចំពោះការបាត់បង់ម្ដាយក្មេក របស់សម្តេចកន្លងមក។
លោកក៏បានសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោដែលបានដាក់វិធានការយ៉ាងប្រាកដនិយមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អំពីការរាតត្បាតនៅកម្ពុជា។
លោកបានគូសបញ្ជាក់ថា វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះគឺមានប្រសិទ្ធភាពខ្ពស់ហើយទប់ស្កាត់មិនឲ្យមានការរាតត្បាតនៅកម្ពុជាទៀតឡើយ។
លោកក៏បានរាយការណ៍ជូនសម្ដេចអំពីសកម្មភាពរបស់ស្ថានទូតថៃប្រចាំកម្ពុជា គឺឯកឧត្តមបានធ្វើការជាមួយនឹង ក្រុមហ៊ុនថៃនៅកម្ពុជាដោយបានធ្វើការណែនាំធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុនទាំងនោះតម្លើងតំលៃទំនិញនៅកម្ពុជានិងបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះឲ្យមានការចែករំលែកនូវសម្ភារៈដូចជាសម្ភារៈអនាម័យមានម៉ាក់ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។
ជាពិសេសលោកក៏បានណែនាំនិងធ្វើការជាមួយក្រុមហ៊ុនថៃទាំងអស់ដោយធ្វើយ៉ាងណាគោរពនូវរាល់វិធានការទាំងឡាយរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញមក។ ស្ថិតក្នុងឱកាសខួបលើកទី ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ លោកក៏បាននាំយកថវិកាចំនួន ២ លានបាត ដើម្បីប្រគល់ជូនសម្ដេចតេជោក្នុងការចូលរួមចំណែកទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូតថៃដែលបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធមាតាក្មេករបស់សម្ដេចដល់គេហដ្ឋាន ហើយនាំនូវសារសួរសុខទុក្ខ និងការចែករំលែកទុក្ខពី លោកនាយករដ្ឋមន្រ្តីថៃផងដែរ។ សម្តេចក៏បានអរគុណចំពោះការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19 របស់ស្ថានទូតថៃ ដូចជារបស់ប្រជាជនថៃ និងរាជរដ្ឋាភិបាលថៃជាមួយកម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍ថា វាជាការឆ្លុះបញ្ចាំងនៃការសាមគ្គីភាពរវាងកម្ពុជា នឹងថៃ ក៏ដូចជាប្រជាជនកម្ពុជានិងប្រជាជនថៃផងដែរ។ សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះវិធានការដែលរាជរដ្ឋាភិបាលថៃបានដាក់ចេញក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្ដេចតេជោមានប្រសាសន៍ថា វិធានការទាំងឡាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ គឺមានភាពប្រាកដនិយម។ ក្នុងន័យនេះសម្ដេចមានប្រសាសន៍ថា ជាសក្ខីភាពប្រជាជនកម្ពុជាបានឆ្លងកាត់ព្រំប្រទល់ថៃមកកម្ពុជាយើងកន្លងមកជាង ៩ម៉ឺននាក់ ហើយអ្នកទាំងនោះគ្មានជនណាម្នាក់ឆ្លង ឬនាំយកជំងឺកូវីដ១៩មកកម្ពុជាឡើយ។ ក្នុងន័យនេះ សម្ដេចតេជោមានប្រសាសន៍ថា នេះជាការឆ្លុះបញ្ចាំងមួយថាប្រទេសថៃមិនមែនជាប្រទេសចម្លងមេរោគកូវីដនោះទេ។
សម្ដេចតេជោក៏បានជម្រាបជូន លោកឯកអគ្គរាជទូតថៃផងដែរថា ថ្មីៗនេះអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃបានអំពាវនាវនិងធ្វើការជាមួយនឹងប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃធ្វើយ៉ាងណាឱ្យអនុវត្តឲ្យខានតែបានតាមគោលការណ៍របស់រាជរដ្ឋាភិបាលថៃដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ជាមួយគ្នានេះ សម្ដេចក៏បានជម្រាប់ជូនឯកអគ្គរាជទូតថៃដែរថា ថ្ងៃនេះកម្ពុជាបានសម្រេចឲ្យប្រជាជនកម្ពុជាដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយដែលវិលត្រឡប់មកកាន់កម្ពុជាវិញគឺមិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពពីប្រទេសដែលប្រជាជនកម្ពុជាចេញដំណើរនោះមកទេ ប៉ុន្តែត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងក្រសួងសុខាភិបាលនៅពេលមកដល់កម្ពុជាវិញ។
សម្ដេចតេជោបានថ្លែងអំណរគុណសារជាថ្មីចំពោះការចូលរួមរបស់រាជរដ្ឋាភិបាលថៃ ប្រជាជនថៃ និងស្ថានទូតថៃហើយសម្ដេចបានមានប្រសាសន៍ផងដែរថា នៅពេលនេះគឺជាពេលវេលាដែលយើងត្រូវរួមគ្នាសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ ដែលជាសង្គ្រាមជាមួយនឹងសត្រូវគ្មានស្រមោល៕
ដោយ៖ សូរិយា