ខេត្តសៀមរាប៖ ការរៀបចំសាងសង់ ខឿនជុំវិញព្រះវិហារ និងសំណង់ មួយចំនួនទៀតក្នុងវត្តទេពប្រណម្យដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាត
ត្រូវបានព្រះសុមង្គល សិលាចារ្យអាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម និមន្តទៅពិនិត្យនិងហាមឃាត់។
ព្រះសុមង្គល សិលាចារ្យអាភាករោ ជុំ គឹមឡេង និមន្តទៅពិនិត្យការសាងសង់មួយចំនួននៅវត្តទេពប្រណម្យនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ មានទីតាំងនៅក្នុង ក្រុងអង្គធំ ។
ក្រោយពីនិមន្តពិនិត្យគ្រប់ជ្រុង ជ្រោយយ៉ាងយូរឃើញថា ការសាងសង់នេះអាចធ្វេីឱ្យប៉ះពាល់ដល់ តម្លៃរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក ទើបព្រះគុណម្ចាស់ ជុំ គឹមឡេង បានបិណ្ឌបាតសុំឲ្យគណៈកម្មការអាចារ្យវត្តទេព ប្រណម្យ ផ្អាក ការសាងសង់ទាំងនោះសិន ដោយរង់ចាំក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងវាយតម្លៃជាមុនសិន។
ក្នុងឱកាសនោះដែរព្រះមេគណ ខេត្ត ក៏មានថេរដីកាណែនាំដល់គ្រប់វត្តអារាមទាំងអស់ ដែលស្ថិត នៅក្នុងតំបន់ការពារឧទ្យានអង្គរ មិនត្រូវសាងសង់នូវអ្វីៗទាំងអស់ ដោយពុំមានការអនុញ្ញាត ពីអាជ្ញាធរជាតិអប្សរា នោះទេ ព្រោះអាចធ្វេីឱ្យប៉ះពាល់ដល់គុណតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិនិងពិភពលោក ។
នៅថ្ងៃដដែលនោះដែរ ព្រះមេគណខេត្តក៏បាននិមន្ត ពិនិត្យ មេីលការសាងសង់រោងឧបោសថាគារ នៅវត្តព្រះឥន្ទទេព ដែលសាងសង់អំពីឈេី ប្រក់ក្បឿង មានការរចនាតាមប្លង់ និង ការអនុញ្ញាត ពីអាជ្ញាធរជាតិអប្សរាកន្លងមកផងដែរ៕ដោយ÷ប្រាថ្នា