ភ្នំពេញ៖ យុវជនម្នាក់ពិតជានាំទុក្ខដាក់ខ្លួនមែន! គ្រាន់តែរឿងសុំលុយយាយមិនបានក៏ដើរចេញពីផ្ទះហើយត្រូវឆ្កែព្រុសខ្លាំងពេកធ្វើឱ្យខឹងក៏យកដុំថ្មគប់ឆ្កែតែបែរជាទៅត្រូវរថយន្តគេៗចាប់ប្រគល់ឲ្យសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៧២I ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យមាន ឈ្មោះ មាស ប្រឹក្សា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧២I ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន)។ចំណែកម្ចាស់រថយន្តរងគ្រោះឈ្មោះ ជុំ សេដ្ឋា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សម្ភារខូចខាត ក្រពិឹតទ្វារឡានចំហៀងខាងឆ្វេង ហើយសម្ភារបន្សល់ទុកមានដុំថ្ម១ដុំ ។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា នៅមុនពេលកើតហេតុជនបង្កបានសុំលុយយាយរបស់គេតែសុំមិនបានក៏ខឹងហើយដើរចេញពីផ្ទះតាមផ្លូវ លុះមកចំណុចកើតហេតុស្រាប់តែឆ្កែព្រុសខ្លាំងពេកជនបង្កបានរើសដុំថ្មគប់សត្វឆ្កែនោះហើយក៍ទៅត្រូវរថយន្ត១គ្រឿងម៉ាក CRV ព័ណស ពាក់ស្លាកលេខភ្នំពេញ2BC-1280ដែលចតនៅមុខផ្ទះរងការខូចខាតទើបម្ចាស់រថយន្តចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិីតិវិធី៕ដោយ៖ចន្ទ លីហ្សា