ភ្នំពេញ៖ រថយន្ត២គ្រឿងបានរងការខូចខាតផ្នែកខាងមុខទាំងសងខាង ដោយសារតែអ្នកបើករថយន្តតាក់ស៊ីុម៉ែត្រមកបុកពីចំហៀងរថយន្តយ៉ាងពេញទំហឹង។ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺថ្ងៃទី២០ ខែមករា២០១៦ តាមបណ្តោយផ្លូវ១៤៣ កែងផ្កូវ ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តតាក់ស៊ីុម៉ែត្រមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2Q-1147 បើកបរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ១៤៣ ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តម៉ាកLexus RX330 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q-5368 បើកដោយបុរសម្នាក់ជាជនជាតិចិន តាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើត។ ក៏ស្រាប់តែអ្នកបើករថយន្តតាក់ស៊ីម៉ែត្រខាងលើនោះ ជាន់ហ្វ្រាំងមិនទាន់ជ្រុលមកបុកពីចំហៀងយ៉ាងពេញទំហឹង បណ្តាលអោយរថយន្តទាំង២គ្រឿងរងការខូចខាតទាំងសងខាង ចំណែកអ្នកបើករថយន្តទាំងសងខាងមិនមានរងរបួសអ្វីនោះទេ ។
ភ្លាមៗនោះស្រាប់តែអ្នកបើករថយន្តតាក់ស៊ីម៉ែត្រម្នាក់ទៀតបានមកដល់ ក៏ស្រែកឡូឡាច្រង៉េងច្រង៉ាងដាក់សមត្ថកិច្ច ធ្វើការយឺតយ៉ាវនិងឈ្លោះប្រកែកជាមួយសមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។ ចំណែករថយន្តទាំង ២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕
...
ដោយ៖ ស រស្មី