ក្រុមចោរវាយប្លន់យកកាបូបស្ត្រីម្នាក់ បានសម្រេចរត់គេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូ១គ្រឿងនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖​ ចោរមួយក្រុមបានធ្វើសកម្មភាពវាយប្លន់ស្ត្រីអ្នកលក់បន្លែម្នាក់បានសម្រេចយកលុយអស់មួយលាន​បីសែនរៀល​ (១.៣០០.០០០រៀល)​ រួចនាំគ្នាឡើងជិះម៉ូតូរបស់បក្ខពួកគេចខ្លួន​បាត់ស្រមោល​ ​ដោយបន្សល់ទុកម៉ូតូជនសង្ស័យមួយគ្រឿងនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ពានថ្មតាមបណ្តោយផ្លូវបេតុង ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ហន ហៀង អាយុ​៣៣ឆ្នាំ មុខរបរលក់បន្លែ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1DD-3264​។ ចំណែកឯម៉ូតូក្រុមជនសង្ស័យដែលបន្សល់​ទុកនៅកន្លែងកើតហេតុម៉ាកស៊ុយហ៊្សុយគីឡេត ពណ៌ទឹកប្រាក់លាយទឹកមាស ពាក់ស្លាក​លេខ បាត់ដំបង1A-4678 ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើកម៉ូតូចេញពីផ្ទះក្នុងគោលបំណងទៅទិញបន្លែនៅផ្សារច្បារអំពៅយកមកលក់ ដោយដាក់លុយក្នុងកាបូបចំនួន១លាន៣សែនរៀល​(១.៣០០.០០០៛) និងទូរស័ព្ទដៃមួយគ្រឿងម៉ាក​សាំសុង​ ដោយជិះម៉ូតូតាមបណ្តោយផ្លូវបេតុង (កោះនរា) ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមាន​មនុស្សប្រុសពីរនាក់ជិះម៉ូតូមកជិតគាត់រួចយកមួកសុវត្ថិភាពវាយមកលើគាត់។

ស្ត្រីរងគ្រោះបានបន្តទៀតថា​ ភ្លាមៗនោះរូបគាត់​បានស្រែកថាចោរៗ  ពេលនោះជនសង្ស័យម្នាក់បានទាញយកកាបូប របស់គាត់ដែលដាក់ទាក់នឹងកម៉ូតូបណ្ដាលឱ្យដួលរងរបួសរលាត់ដៃជើង ព្រមទាំងដួលម៉ូតូរបស់ជនសង្ស័យផងដែរ​ ហើយជនសង្ស័យវាយគាត់នឹងមួកសុវត្ថិភាព​បន្ថែមទៀត ខណៈនោះក៏មានប្រជាពលរដ្ឋចេញមកមើលច្រើន។ ដោយឃើញសភាពការណ៍មិនស្រួលពួកជនសង្ស័យភ័យពេកបានរត់ឡើងជិះម៉ូតូបក្ខ​ពួករបស់គេ​ ព្រមទាំងយកកាបូបលុយរបស់គាត់ទៅជាមួយផងដែរ​ គេចខ្លួនបាត់ដោយ​សុវត្ថិភាព​ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ។

បន្ទាប់មកសមត្ថកិច្ច​បានយកម៉ូតូជនសង្ស័យ និងឱ្យជនរងគ្រោះទៅ​ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល​និរោធ​ ​ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕ដោយ៖ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print