ភ្នំពេញ ៖ និស្សិតអាហារូបករណ៍កម្ពុជាប្រមាណជិត៥០០នាក់ ដែលត្រូវចូលមកបន្តការសិក្សានៅប្រទេសវៀតណាម តាមគម្រោងភាគីវៀតណាមត្រៀមអនុញ្ញាតឲ្យចូលតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង)- ម៉ុកបាយ (ខេត្តតៃនិញ) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ តែត្រូវដាក់ដោយឡែក១៤ថ្ងៃទៅតាមការរៀបចំរបស់អាជ្ញាធរខេត្តតៃនិញ។
នេះបេីយោងតាមសេចក្តីប្រកាសជូន ដំណឹងពីឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រកាសជូនដំណឹងបន្ទាន់នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០ ។
សេចក្តីជូនដំណឹងបន្តថា និស្សិត សិក្ខាកាមយោធា និងសិក្ខាកាមនគរបាល ដែលត្រូវចូលមកបន្តការសិក្សានៅប្រទេសវៀតណាម
តាមសំណើរបស់ស្ថានទូតកម្ពុជា ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ព្រមទាំង
សំណើផ្ទាល់ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងសំណើចុះថ្ងៃទី០១
ខែមិថុនា ឆ្នាំ២០២០ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានលើកសំណើជូននាយករដ្ឋមន្ត្រីវៀតណាម ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងសម្រេច ដែលមានខ្លឹមសារដូចខាងក្រោម៖
ពេលមកដល់វៀតណាម និស្សិត និងសិក្ខាកាមកម្ពុជាទាំងអស់ នឹងត្រូវដាក់ដោយឡែក ១៤ថ្ងៃទៅតាមការរៀបចំរបស់អាជ្ញាធរខេត្តតៃនិញ។ ចំពោះចំណាយផ្សេងៗ នៅពេលដាក់ដោយឡែក១៤ ថ្ងៃ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានស្នើនាយករដ្ឋមន្ត្រីវៀតណាម ពិនិត្យ និងសម្រេចលើកលែងការចំណាយទាំងស្រុង ឬ បញ្ចុះការចំណាយមួយផ្នែក។
រាល់ និស្សិត សិក្ខាកាមយោធា និងសិក្ខាកាមនគរបាល ដែលត្រូវចូលមកបន្តការសិក្សានៅប្រទេសវៀតណាម ទាំងអស់ជ្រាបជាព័ត៌មាន និងត្រៀមចូលតាមច្រកទ្វារខាងលើឲ្យបានទាន់ពេលវេលា ៕ ដោយ ៖ ជាយក្រុង